សូមប្រយ័ត្ន! កម្ពុជាបន្តរងឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី និងព្យុះទី១០ ឈ្មោះម៉ៃស័ក
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា កម្ពុជាបន្តរងឥទ្ធិពលព្យុះចំនួន២ គឺព្យុះទី៩ឈ្មោះ បាវី និងព្យុះទី១០ ឈ្មោះម៉ៃស័ក ធ្វើឱ្យមមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ កក្កដា ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹកបានឱ្យដឹងថា ព្យុះទី៩ ឈ្មោះ បាវី(Bavi) T2609 និងព្យុះទី១០ ឈ្មោះ ម៉ៃស័ក (Maysak) T2610 សមុទ្រអាន់ដាម៉ាន់ មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះទេ។
ក្រសួងសូមបញ្ជាក់ថា ឈ្មោះព្យុះ ម៉ៃស័ក ជាឈ្មោះរបស់កម្ពុជា ហើយព្យុះនេះនឹងរលាយបាត់ទៅវិញនៅថ្ងៃទី៦ ខែ កក្កដា ឆ្នាំ២០២៦ ចំណែកឯព្យុះទី៩ ឈ្មោះ បាវី (Bavi) T2609 នឹងបន្តមានឥទ្ធិពលរហូត ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
ក្រសួងធនធានទឹកបានលើកឡើងថា ស្ថានភាពបែបនេះ នឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នៅតំបន់វាលទំនាបមានសីតុណ្ហភាពមធ្យមអប្បបរមា២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៦°C ។ ខ្យល់ បក់មកពីទិសនិរតី និងពាយ័ព្យ មានល្បឿនមធ្យម៣ម៉ែត្រ វិនាទី ។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង ព្រៃវែង តាកែវ កណ្តាល និង ភ្នំពេញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តបលើ ផ្ទៃដី៥០% ។

ចំណែកនៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៣ម៉ែត្រ វិនាទី។ ខេត្តកំពង់ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។
ដោយឡែក នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើ ផ្ទៃដី ៧០%។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ ៕

ចែករំលែកព័តមាននេះ