វែកមុខឃើញហើយ! អ្នកលួចវត្ថុតាងគ្រឿ.ងញៀ.ន៣គីឡូក្រាមពីក្នុងទូកជនល្មើសនៅខេត្តស្ទឹងត្រែង
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលពីអយ្យការអមសាលាដំបូងខេត្ត បានឈានទៅឃាត់ខ្លួនបុរសម្នាក់ជាផ្លូវការ បន្ទាប់ពីរកឃើញថា បុគ្គលរូបនេះ បានលួចលាក់ទុកវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ចប់ធំ
(ប្រហាក់ប្រហែល៣គីឡូក្រាម) ក្នុងអំឡុងពេលកើតហេតុបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំនៅលើដងទន្លេមេគង្គ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន មានឈ្មោះ ឡេង ណាត អាយុ៤២ឆ្នាំ មុខរបរប្រជានេសាទ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។

តាមការអោយដឹងពីកម្លាំងកងរាជអាវុធហត្ថថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ។នៅពេលនោះ ទូកដឹកគ្រឿងញៀនចំនួន២ការ៉ុងរបស់ជនសង្ស័យបានទៅបុកជាមួយទូកអ្នកនេសាទ ហើយជនល្មើសក៏បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកទូក និងវត្ថុតាង ។

ទោះជាយ៉ាងណា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចជំនាញបានដាក់ការសង្ស័យថា វត្ថុតាងអាចនឹងមានការប៉ះពាល់ ឬបាត់បង់ដោយសារមានមនុស្សក្រៅចូលទៅជិត ។ ក្រោយការសាកសួរស្រាវជ្រាវជុំវិញ ក្រុមអ្នកនេសាទនៅកន្លែងកើតហេតុ ទើបធ្លាយតម្រុយថា ឈ្មោះ ឡេង ណាត បានលួចយកគ្រឿងញៀនមួយចំនួនចេញពីទូកនោះ ។ សមត្ថកិច្ចបានបន្តនីតិវិធីឈានទៅឆែកឆេរ រហូតរកឃើញគ្រឿងញៀនចំនួន៣កញ្ចប់ធំ ដែលជននេះលាក់ទុក និងឈានឃាត់ខ្លួនតែម្តង។

គួររំលឹកផងដែរថា នៅក្នុងការពិនិត្យ និងថ្លឹងវត្ថុតាងជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង និងតំណាងអយ្យការ វត្ថុតាងបង្ក្រាបដំបូង សារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៣៧កញ្ចប់ធំ (ទម្ងន់សរុប ៣៧,៧១១.៧ក្រាម ឬជិត ៣៨គីឡូក្រាម)។

វត្ថុតាងដកហូតបន្ថែមពីចោរលួច (ឈ្មោះ ឡេង ណាត) ចំនួន៣កញ្ចប់ធំ (ប្រហាក់ប្រហែល៣គីឡូក្រាម) ។ សរុបរួមគ្រឿងញៀនកើនឡើងដល់៤០កញ្ចប់ធំ (ប្រហាក់ប្រហែល៤០គីឡូក្រាម) ។

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន ។ ខណៈពេលនេះ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងដុតដៃដុតជើងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យឈ្មោះ ឡេង ណាត ទៅកាន់តុលាការចាត់ការតាមច្បាប់ និងបន្តយុទ្ធនាការដេញប្រមាញ់ស្វែងរកចាប់ខ្លួនមេខ្លោង និងជនសង្ស័យដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសឱ្យខាងតែបាន ៕







ចែករំលែកព័តមាននេះ