ទីក្រុងប៉ារីស៖ ប្រទេសបារាំង ហូឡង់ និងបែលហ្សិចសរុបចូលគ្នាមានអ្នកស្លាប់ដោយសារការឡើងកម្ដៅធ្ងន់ធ្ងរកាលពីខែមិថុនារហូតដល់៣៧០០នាក់។ រលកកម្ដៅបានរីកសាយភាយពាសពេញទ្វីបអឺរ៉ុប។ អាជ្ញាធរប្រកាសថាអត្រាមរណភាពដូចរៀបរាប់ខាងលើនេះគ្រាន់តែជាចំនួនបឋមប៉ុណ្ណោះ។ មានន័យថាអ្នកស្លាប់ពិតប្រាកដអាចនឹងកើនឡើងច្រើនជាងនេះ។ ក្រុមអ្នកជំនាញចាត់ទុកថារលកកម្ដៅលើកនេះមានកម្រិតខ្ពស់បំផុតនៅទ្វីបអឺរ៉ុប។ សូម្បីតែម៉ាស៊ីនអគ្គិសនីក៏រអាក់រអួលផងដែរ, អគាររងការខូចខាត និងប្រព័ន្ធសុខាភិបាលត្រូវរ៉ាប់រងធ្វើកិច្ចការច្រើនលើសពីធម្មតា។

វិបត្តិនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ហើយការប្រែប្រួលអាកាសធាតុនេះកើតឡើងដោយសារស្នាដៃរបស់មនុស្ស។ គ្រាន់តែនៅប្រទេសបារាំងមួយប៉ុណ្ណោះ មនុស្ស២០២៥នាក់បានស្លាប់។ ក្នុងនោះ ភាគច្រើនមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រីស្ទេហ្វានី រីស (Stephanie Rist)។ អត្រាមរណភាពនៅក្នុងផ្ទះមានចំនួន៩១%ចាប់ពីថ្ងៃទី២២ ដល់២៨ ខែមិថុនាបើប្រៀបធៀបនឹងរយៈពេលមួយសប្ដាហ៍មុននោះ។

អត្រាមរណភាពនៅក្នុងមណ្ឌលថែទាំមនុស្សចាស់ និងមណ្ឌលសុខភាពក៏ហក់ឡើងខ្ពស់ផងដែរ។ នេះបើយោងតាមលោកស្រីរដ្ឋមន្ត្រីដដែលមានប្រសាសន៍នៅក្នុងព្រឹត្តិបត្រព័ត៌មាន។ អាជ្ញាធរសុខាភិបាលព្រមានថានេះគ្រាន់តែជាអត្រាមរណភាពដំបូងៗតែប៉ុណ្ណោះ ហើយអត្រានេះនឹងកើនឡើងបន្ថែមទៀត។ ក្រឡេកទៅមើលស្ថានការណ៍នៅប្រទេសបែលហ្សិចវិញម្ដង ក្រសួងសុខាភិបាលថ្លែងថាខ្លួនបានប្រមូលចងក្រងអ្នកស្លាប់ដោយសាររលកកម្ដៅឃើញថាមានចំនួនសរុប១២០០នាក់ចាប់ពីថ្ងៃទី១៨-២៩ ខែមិថុនា។

បែលហ្សិចថ្លែបន្តទៀតថានៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ ៥៣០នាក់មានអាយុចាប់ពី៨៥ឆ្នាំឡើងទៅ។ អ្នកដែលមានអាយុក្រោម៦៥ឆ្នាំចុះក្រោមមានចំនួន១៨០នាក់។ ក្រសួងសុខាភិបាលបែលហ្សិចប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថាអត្រាមរណភាពដ៏ខ្ពស់ដល់កម្រិតនេះនៅអំឡុងពេលនៃការឡើងកម្ដៅជាអត្រាដ៏ខ្ពស់ហួសប្រមាណនៅក្នុងប្រទេសរបស់យើង។ អាជ្ញាធរសុខាភិបាលនៅហូឡង់ថ្លែងថារលកកម្ដៅក៏បានឆក់យកជីវិតមនុស្ស៤៨០នាក់នៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ជនរងគ្រោះភាគច្រើនជាអ្នកដែលមានអាយុខ្ទង់៨០ឆ្នាំប្លាយ៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ