ទីក្រុងសេអ៊ូល ៖ ទូតកម្ពុជា ប្រចាំនៅកូរ៉េ សង្ឃឹមប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន ជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគី លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអាជីវកម្មកាន់តែច្រើននៅប្រទេសកម្ពុជា ។
យោងតាមបណ្តាញសង្គមរបស់ស្ថានទូតកម្ពុជានៅកូរ៉េបានឱ្យដឹងថាកាលពីរសៀលថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Dr. PARK Sang Won ប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន (Korea-ASEAN Forum Association-KAFA) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ។
នៅក្នុងជំនួបលោក PARK បានជម្រាបជូន ឯកឧត្តមឯកអគ្គរាជទូត អំពីបេសកកម្មរបស់សមាគមក្នុងការកសាងបណ្តាញទំនាក់ទំនងរវាងធុរជន និងអ្នកជំនាញរបស់ប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ចសហការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម ។
លោក បានបន្តថា លោកមានមនោសញ្ចេតនាល្អជាមួយប្រទេសកម្ពុជា និងបានអនុវត្តគម្រោងជាច្រើននៅប្រទេសកម្ពុជារួមមាន ការរៀបចំសិក្ខាសាលាធុរកិច្ច ការបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រ គម្រោងអភិវឌ្ឍវិស័យអប់រំ ជាដើម និងលើសពីនេះ ខាងសមាគមក៏កំពុងសិក្សាពីគម្រោងសាងសង់មន្ទីរពេទ្យក្នុងរាជធានីភ្នំពេញផងដែរ ។
ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណ រគុណចំពោះ Dr. PARK ដែលបានផ្តល់កិច្ចសហការល្អជាមួយភាគីកម្ពុជាក្នុងការសម្រេចនូវសមិទ្ធផលនានាក្នុងប្រទេសកម្ពុជា ។
ឯកឧត្តមសង្ឃឹមថា លោកនឹងបន្តជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដោយជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអាជីវកម្មកាន់តែច្រើននៅប្រទេសកម្ពុជា ៕




<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ