ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​មិន​ស្គាល់មុខ​លួច​ដុត​គំនរ​ចំបើង​០២​កន្លែង​ធំ​ៗ ​ផ្អើល​អ្នក​ភូមិ​និង​សមត្ថកិច្ច​កណ្ដាល​អា​ធ្រា​ត្រ ​សង្ស័យ​ផ្ដើម​ពី​រឿង​​គំនុំ        

3 អាទិត្យ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖   ចំបើង​មូរ​​ជា​ដុំ​ប្រមាណ​២២០០​ដុំ និង​ដាក់​គរ​ជា​ទ្រើង​មួយ​គំនរ​ធំ​មួយ​កន្លែង​ទៀត  ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​ដុត​ឆេះ​យ៉ាង​ស​ន្ធោ​សន្ធៅ​ហ្មត់​គ្មាន​សល់ បង្ក​ការ​ផ្អើល​ដល់​អុ្ន​កភូមិ ​និង​សមត្ថកិច្ច​យ៉ាង​ប្រ​សេក​ប្រសាច កាលពី​វេលា​ម៉ោង​១ ​និង​២០​នាទី​រំលង​អ​ធ្រា​ត្រ ​ឈាន​ចូល​ថ្ងៃ​ទី ០៣ កក្កដា នៅ​ភូមិ​សម្ដេច  ឃុំ​តា​ប៉ុន ស្រុក​សង្កែ  តែ​​មិន​បង្ក​ឲ្យ​ប៉ះពាល់​លំនៅ​ឋាន ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​ ។

របាយ​ការ​ណ៍​​មន្ត្រី​ពន្លត់អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា   គំនរ​ចំបើង​ដែល​ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​យក​អស់​គ្មាន​សល់​នោះ​ មាន​០២​ទីតាំង  មាន​ម្ចាស់​តែ​មួយ​គឺ​ឈ្មោះ មួន ម៉ាត់​មីន ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ជា​កសិករ​រស់នៅ​ចំណុច​កើតហេតុ​ ។

​អគ្គិភ័យ​បាន​កើតឡើង​ផ្ទូ​ន​ៗ​គ្នា ខណៈ​ដែល​ម្ចាស់​ចំបើង និង​អ្នក​ភូមិ​ដទៃ​ទៀត​បាន​និង​កំពុង​​ដេក​លក់​ស្ងាត់​ភូមិ ​។ ​អ្នក​ភូមិ និង​ម្ចាស់​ចំបើង បាន​ភ្ញាក់ផ្អើល​ឈូរ​ឆ ក្នុង​ពេល​អគ្គិ​ភ័យ​កំពុង​ប្រឹង​លេប​យក​គំនរ​ចំបើង​ទាំង​០២​ទីតាំង​នោះ​យ៉ាង​ស្រេង​ឃ្លាន​ ។  គ្រានោះ​ គេ​ក៏​បាន​ផ្ដល់​ព័​ត៌​មាន​ទៅ​កាន់​មន្ត្រី​មូល​ដ្ខា​ន​ភ្លាម​ៗ​ដែរ ដើម្បី​ជួយ​សង្គ្រោះ​ ។ បើ​តាម​អ្នក​ភូមិ បាន​និយាយ​ថា កម្លាំង​ជំនាញ​​នៃ​អធិការ​ស្រុក​សង្កែ បាន​បញ្ជូន​រថយន្ត​ពន្លត់អគ្គិភ័យ​ភ្លាម​ៗ​ចំនួន​០៣​គ្រឿង​ជា​បន្ត​បន្តា​ប់  ទៅ​កាន់​ទីតាំង​កើតហេតុ  ដើម្បី​ជួយ​បាញ់​ទឹក​ទប់ស្កាត់ និង​ពន្លត់ភ្លើង ​។

​ប្រភព​ដដែល​បាន​ប្រាប់​ថា  អ្នក​ភូមិ​រាប់​សិប​នាក់ ចូលរួម​ជាមួយ​កម្លាំង​សមត្ថកិច្ច បាន​ប្រឹង​ប្រែង​ពន្លត់ភ្លើង​ដ៏​ស​ន្ធោសន្ធៅ ដែល​កំពុង​ប្រឹង​លេប​ត្របាក់​គំនរ​ចំបើង​ទាំង​០២​កន្លែង​នោះ​យ៉ាង​អន្ទះសារ រហូត​ហ្មត​រាប​ដល់​ដី​សល់​តែ​ផេះ ដែល​កម្លាំង​មនុស្ស ឬ​រថយន្ត​ពន្លត់អគ្គិភ័យ​មិន​អាច​បង្ក្រាប​បាន​ឡើយ​ ។

​ទីបំផុត ​ចំបើង​មូរ​ជា​ដុំ​ប្រមា​ណ២២០០​ដុំ និង​គំនរ​ចំបើង​មួយ​ពំនូក​ធំ​មួយ​កន្លែង​ផ្សេង​ទៀត ដែល​នៅ​ក្បែរ​នោះ​សល់​តែ​ផេះ​ ។​ ពាក់ព័ន្ធ​នឹង​ដើមចម ដែល​បង្ក​ឲ្យ​មាន​អគ្គិ​ភ័យ​នេះ ​ គ្មាន​​សាក្សី​ណា​ម្នាក់​ដឹង ឬ​បានឃើញ​ជនសង្ស័យ​លួច​ដុត​ចំបើង​នេះ​ទេ​ ។​ ទាំង​សមត្ថកិច្ច​ដ៏​ដូច​អ្នក​ភូមិ​​ ហើយ​អ្នក​ភូមិ​ក៏​ដូច​ម្ចាស់​ចំបើង  បាន​ត្រឹម​តែ​ដើរ​គ្រវីក្បាល​ ។ គ្មាន​តម្រុយ   សូ​ម្បី​ប៉ុន​ក្រចក​ពីមុខ​សញ្ញា ​«​មេភ្លើង​»​ឡើយ  គឺ​ង​ងឹ​តរឈឹង​តែ​ម្ដង​។

​ប៉ុន្តែ​បើ​តាម​ការ​សន្និដ្ឋាន​ស្រ​ដៀង​ៗ​គ្នា ទាំង​សមត្ថកិច្ច ទាំង​អ្នក​ភូមិ​ បាន​ដាក់​ការ​សង្ស័យ​ថា  អគ្គិ​ភ័យ​នេះ អាច​ផ្ដើម​ឡើង​ដោយ​ «​ភ្លើង​គំនុំ​» រវាង​ម្ចាស់​ចំបើង ជាមួយនឹង​គូ​សត្រូវ​ណា​ម្នាក់ ដែល​ធ្លាប់​មាន​ប្រវត្តិ​វិវាទ​នឹង​គ្នា​កន្លង​មកនេះ​ ៕​