ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកា​អេកូ​ទេសចរណ៍​កម្រិត​បច្ចេកទេស ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ និង​តំបន់​ជួរ​ភ្នំក្រវាញ បាន​ប្រារព្ធ​ធ្វើ​នៅ​ខេត្តពោធិ៍សាត់

3 អាទិត្យ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ រសៀល​ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​សណ្ឋាគារ​ពោធិ៍សាត់​រី​វើ​សាយ មាន​រៀបចំ​វេទិកា​អេកូ​ទេសចរណ៍​កម្រិត​បច្ចេកទេស សម្រាប់​តំបន់​អេកូ​ទេសចរណ៍​ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​ជួរ​ភ្នំក្រវាញ ក្រោម​អធិបតីភាព ឯកឧត្តម ជុក ជំនោរ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​លោក សំ ណា​រិ​ទ្ធ អភិបាលរង តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់​។

វេទិកា​នេះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ប្រធាន​មន្ទីរ​ទេសចរណ៍​មក​ពី​ខេត្ត​ផ្សេង ព្រមទាំង​តំណាង​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​ជា​ច្រើន​រូប​ទៀត​។

លោក សំ ណា​រិ​ទ្ធ បាន​ជម្រាប​ជូន​ថា ខេត្តពោធិ៍សាត់​គឺជា​ខេត្ត​មួយ ដែល​មាន​វប្បធម៌​និង​សក្ដានុពល​ធម្មជាតិ​ដ៍​សំបូរ​បែប តំបន់​ជួរ​ភ្នំក្រវាញ ទន្លេសាប និង​សហគមន៍​ទេសចរណ៍​អេកូ​ទេសចរណ៍​ជា​ច្រើន ហើយក៍​ជា​ខេត្ត​មួយ​ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ នៅ​តាម​តំបន់​អាទិភាព​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត បាន​នឹង​កំពុង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្បទា​ទេសចរណ៍​ជា​បន្តបន្ទាប់ ឲ្យ​ទៅ​ដល់​គោលដៅ​ទាំងនោះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់ មានឱកាស​រក​ចំណូល​បាន​ដោយ​ងាយស្រួល​ជាមួយ​វិស័យ​ទេសចរណ៍ និង​ភ្ញៀវ​ទេសចរណ៍​អាច​ធ្វើ​ដំណើរ​ទៅ​គ្រប់​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត ក្រៅ​ខេត្ត និង​ប្រទេស​ជិតខាង​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​និង​ចំណាយ​ពេលវេលា​តិច ដែល​កត្តា​ទាំងនេះ​គឺ​ដោយ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ដៃគូរ​អភិវឌ្ឍន៍ និង​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​។

វិស័យ​ទេសចរណ៍ គឺជា​ផ្នែក​សំខាន់​មួយ​ក្នុង​ការ​ជម្រុញ​សេដ្ឋកិច្ច​មូលដ្ឋាន និង​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​វេទិកា​កម្រិត​បច្ចេកទេស​ថ្ងៃនេះ គឺជា​ឱកាស​ដ៍​វិសេសវិសាល​មួយ ដែល​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​យើង​ទាំងអស់​គ្នា ក្នុង​ការ​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​និង​ទស្សនទាន រវាង​តំបន់​អេកូ​ទេសចរណ៍​តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​ជួរ​ភ្នំក្រវាញ ដោយ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ចំណុចខ្លាំង​ចំណុចខ្សោយ ដើម្បី​បំពេញ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ឆ្លើយ​តប​នឹង​ការងារ​នេះ យើង​ក៍​ត្រូវ​ពង្រឹង​យន្តការ​គ្រប់គ្រង សំដៅ​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព រក្សា​បាន​នូវ​តុល្យភាព​រវាង​ការ​រក​ចំណូល​សេដ្ឋកិច្ច ការ​អភិរក្ស​បរិស្ថាន និង​ការ​លើកកម្ពស់​ជីវភាព​សហគមន៍​។

នៅ​ក្នុង​ឱកាស​នោះ អង្គ​វេទិកា​បាន​បើក​កិច្ច​ពិភាក្សា​យ៉ាង​ផុសផុល​លើ​ប្រធានបទ «​ការ​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ថ្នាក់​ជាតិ​សម្រាប់​តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​ជួរ​ភ្នំក្រវាញ​» ដោយ​បាន​ផ្តោត​សំខាន់​លើ​ចំណុច​គន្លឹះ​ចំនួន​៣ រួម​មាន​៖ ការ​បង្ហាញ​ពី​លទ្ធផល​សម្រេច​បាន​ក្នុង​ការ​រៀបចំ​ដែនដី សក្តានុពល​ទេសចរណ៍ធម្មជាតិ និង​ការ​កើនឡើង​នៃ​លំហូរ​ភ្ញៀវ​ទេសចរ មក​កាន់​តំបន់​ជួរ​ភ្នំក្រវាញ​និង​តំបន់ឆ្នេរ​។ ការ​ពិភាក្សា​លើ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការ​គ្រប់គ្រង​កាក​សំណល់ ការ​ការពារ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ​រួម​គ្នា​។ ការ​ដាក់​ចេញ​នូវ​ទិស​ដៅ​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រែក្លាយ​តំបន់​ទាំងនេះ ឱ្យទៅ​ជា​គោលដៅ​ទេសចរណ៍​បៃតង​ប្រកបដោយ​និរន្តរភាព និង​ការ​បង្កើត​ឱកាស​សេដ្ឋកិច្ច​ដល់​សហគមន៍​មូលដ្ឋាន​។

ឯកឧត្តម ជុក ជំនោរ មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​សម្រាប់​នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោម​ការ​ដឹកនាំ​ដ៍​ស្វាហាប់ ឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​អគ្គ​មគ្គុទ្ទេសក៍​ឆ្នើម ពោ​ពេញ​ដោយ​សមត្ថភាព ចំណេះដឹង បទ​ពិសោធន៍ និង​ថាមពល បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​បន្ត​ចាត់​ទុក​វិស័យ​ទេសចរណ៍ ជា​វិស័យ​អាទិភាព​និង​ជា​មាស​បៃតង រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ចជាតិ តាម​រយៈ​ការ​បង្កើន​ឱកាស​ការងារ បង្កើន​ប្រាក់​ចំណូល​ជូន​ប្រជាជន​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល ព្រមទាំង​ជម្រុញ​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង ទ្រទ្រង់​កំណើនសេដ្ឋកិច្ច បង្កើន​ចំណូល​ជាតិ ចូលរួម​ដល់​ការ​អភិវឌ្ឍ​វប្បធម៌​និង​ថែរក្សា​ការពារ​បរិស្ថាន ធនធានធម្មជាតិ​របស់​យើង​ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។

ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​អង្គ​វេទិកា​ទាំងមូល ត្រូវ​បន្ត​ជម្រុញ​កិច្ចសហការ​ជិត​ស្និទ្ធ​រវាង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​សហគមន៍ ដើម្បី​ធានា​ថា​ការ​អភិវឌ្ឍ​អេកូ​ទេសចរណ៍​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​អភិរក្ស​ធនធានធម្មជាតិ​។ ត្រូវ​យកចិត្តទុកដាក់​លើ​ការ​បណ្តុះបណ្តាល​ជំនាញ​បដិសណ្ឋារកិច្ច​ដល់​ប្រជា​សហគមន៍ និង​ការ​រៀបចំ​ផលិតផល​ទេសចរណ៍​ឱ្យ​មាន​ភាព​ទាក់ទាញ និង​មាន​ស្តង់ដារ​ខ្ពស់​។ ត្រូវ​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​អំពី​ការ​ថែរក្សា​អនាម័យ​បរិស្ថាន ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លា​ស្ទិ​ក ដើម្បី​រក្សា​បាន​នូវ​ភាព​ស្រស់​ស្អាត​នៃ​ធម្មជាតិ លក្ខណៈ​ដើម​ជួរ​ភ្នំក្រវាញ​និង​តំបន់ឆ្នេរ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​យូរអង្វែង ។ ឯកឧត្តម​សង្ឃឹមថា តាម​រយៈ​ការ​ពិភាក្សា ការ​ផ្ដល់​មតិយោបល់ និង​ធាតុ​ចូល​បច្ចេកទេស​ពី​វាគ្មិន​ទាំងអស់ នឹង​ក្លាយជា​ត្រីវិស័យ​ដ៍​សំខាន់ ក្នុង​ការ​រៀបចំ​ផែនការ​សកម្មភាព​ជាក់ស្ដែង ដើម្បី​ប្រែក្លាយ​តំបន់​ជួរ​ភ្នំក្រវាញ​និង​តំបន់ឆ្នេរ ឲ្យ​ទៅ​ជា​គោលដៅ​អេកូ​ទេសចរណ៍​លំដាប់ថ្នាក់​ជាតិ​និង​អន្តរជាតិ​៕