ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មន្ត្រី​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ក្រុម​គ្រូពេទ្យ​សេះ​ហោះ​ពិនិត្យ​ជំងឺ​«​ហ្វ្រី​»​ចំនួន​០៧​នាក់​​ទៅ​តុលា​ការ

1 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖  ទីបំផុត​ មនុស្ស​មួយ​ក្រុម​​ដែល​ដើរ​អួត​ប្រាប់​អ្នក​ភូមិ​ថា ពួក​ខ្លួន​ជា​ក្រុមឭ​គ្រូពេទ្យ​ពិនិត្យ​ជំ​ងឺ​ជូន​ពលរដ្ឋ​ដល់​ផ្ទះ​«​ហ្វ្រី​»​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ប្រមូល​បាន​រហូត​ដល់​ទៅ​ចំនួន​០៧​នាក់   ពេល​នេះ ​ត្រូវ​បាន​រក​ឃើញ​ថា ពួក​គេ​សុទ្ធ​ជា​ពួក​គ្រូពេទ្យ​ក្លែងបន្លំ​ ។  ធាតុ​ពិត ​ពួក​គេ​ជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​បែប «​ឆបោក​» របស់​ក្រុមហ៊ុន​មួយ​ ។  ហើយ​ពេល​នេះ មន្ត្រី​ការិយាល័យ​ជំនាញ​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ពួក​គេ​ទៅ​តុលាការ​ហើយ ដោយ​យោង​តាម​បទបញ្ជា​លោកស្នងការ និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ​។

​លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រង​ទ​ទូល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការ​ខេត្តបាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​០៣ កក្កដា នេះ​​ថា   មនុស្ស​មួយ​ក្រុម​ដែល​កម្លាំង​អធិការ​ក្រុង​បាត់ដំបង ឃាត់​ខ្លួន​ពាក់ព័ន្ធ​បទល្មើស​ «​ឆបោក​»​ជា​គ្រូពេទ្យ ពិនិត្យ​រោគ​ «​ហ្វ្រី​» ឬ​ជា​អ្នកលក់​ថ្នាំ​ព្យា​បាល​ផង​នោះ  រហូត​មក​ទល់​ពេល​នេះ ​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់​ខ្លួន​​បានជា​បន្ត​បន្តា​ប់​ចំនួន​០៧​នាក់​ ។ ក្រោយ​ពី​ធ្វើការ​សាកសួរ និងធ្វើការ​ស្រាវជ្រាវ​ទើប​ដឹង​ថា  ក្រុម​​នេះ​មិនមែន​ជា​គ្រូពេទ្យ​ទេ​ ។

​តាម​ពិត ​ពួក​គេ​ជា​អ្នក​ផ្សព្វផ្សាយ​ផលិតផល​របស់​ក្រុមហ៊ុន​មួយ​ប៉ុណ្ណោះ​ ។  ពួក​គេ​មិន​មាន​តួ​នាទី​ជា​អុ្ន​ក​វិនិច្ឆ័យ​រោគ ឬជា​អ្នក​ព្យាបាល​រោគ ដូចដែល​ពួក​គេ​ដើរ​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ពិនិត្យ​រោគ ​«​ហ្វ្រី​» ហើយ​តម្រូវ​ឲ្យ​អ្នកជំងឺ​ទិញ​ថ្នាំ ឬ​ផលិតផល​របស់​ពួក​គេ​យក​ទៅ​ព្យាបាល​នោះ​ឡើយ ​។

​លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​រក​ឃើញ​ភាព​មិន​ប្រក្រតី ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​«​ឆបោក​» ពេល​នេះ ​មន្ត្រី​ការិយាល័យ​ជំនាញ​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ពួក​គេ​ទាំង​០៧​នាក់​នេះ ​ទៅ​កាន់​តុល​ការ​ហើយ​ចាត់ការ​តាម​នីតិវិធី​ហើយ  ដោយ​យោង​តាម​បទ​ប​ញ្ជា​របស់​លោកស្នងការ និងលោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ​។

​ជន​មួយ​ក្រុម​ដែល​តាំងខ្លួន​ជា​គ្រូពេទ្យ​ដើរ​ពិនិត្យ​រោគ​«​ហ្វ្រី​»​ជូន​ប្រជាពលរដ្ឋមាន​ប្រុស មាន​ស្រី ចំនួន​០៣​នាក់ ជាមួយនឹង​រថយន្ត​មួយ​គ្រឿង​ផង ត្រូវ​បាន​អុ្ន​កភូមិ​ដេញ​តាម​ស្ទាក់​ឃាត់​ប្រគល់​ឲ្យ​មន្ត្រី​ប៉ុ​ស្ដិ៍​រដ្ឋបាល​សង្កាត់​អូរ​ម៉ា​ល់  ក្រុង​បាត់ដំបង យក​ទៅ​សួរនាំ ​នៅ​ពេល​អ្នក​ភូមិ​ប្រទះ​ក្រុម​នេះ​ឃើញ​បង្ហាញ​មុខជា​ថ្មី  កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី ០១ កក្កដា នៅ​សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង​ ។

អ្នក​ភូមិ​បាន​ស្ទាក់​ឃាត់ខ្លួន​ក្រុម​នេះ​ ប្រគល់​ជូន​សមត្ថកិច្ច ពេល​ដែល​ពួក​គាត់​សង្ស័យ​ថា ក្រុម​ពាក់អាវ​ខ្វា​ស្សេ​ធំ​ៗ​ទាំង​០៣​នាក់​នេះ ជា​ក្រុម​គ្រូពេទ្យ​ក្លែងក្លាយ​ ។  ចុះ​ពិនិត្យ​ជំងឺ​ឲ្យ​ពលរដ្ឋ​ដល់​ផ្ទះ​ «​ហ្វ្រី​» ហើយ​តម្រូវ​ឲ្យ​អ្នកជំងឺ​ទិញ​ថ្នាំ​យក​ទៅ​ព្យាបាល  គឺ​ជា
​ទ​ង្វើ​«​ឆបោក​»  ដែល​ចំណាយ​ប្រាក់​ទិញ​អស់​រាប់​បាន់​ដុល្លា​រមើល​ជំងឺ​​មិនជា  ខណៈ​អ្នក​ភូមិ​ខ្លះ​ចំណាយ​លុយ​អស់​រាប់រយ​ដុល្លារ​ រាប់​សែន​រៀល​ទៅ​ហើយ តែ​ក្រុម​នេះ​មិន​ព្រម​ប្រគល់​ថ្នាំ​ព្យាបាល​ ។

ពោល​៖ លក់​ថ្នាំ​ខ្យល់​ ។    ដូច្នេះ​ហើយ ទើប​នៅ​ពេល​ប្រទះ​ឃើញ​ក្រុម​ពាក់អាវ​ខ្វា​ស្សេ​ធំ​ៗ​ជិះ​រថយន្ត​ចូល​ភូមិ​ជា​ថ្មី  គេ​ចំណាំ​មុខ​បាន​ច្បាស់​ ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​តាម​ស្ទាក​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ម្ដង​ទៅ ​។

​បើ​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​សមត្ថកិច្ច ក្រុម​នេះ​មាន​បើក​សាខា​ក្រុមហ៊ុន​លក់​ផលិត​ផល នៅ​ម្ដុំ​ជិត​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ក្នុង​សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង ដែល​មាន​បុគ្គ​លិ​ក​ធ្វើការ​នៅ​ទីនោះ​ចំនួន​០៤​នាក់​ទៀត ​។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ប្រមូល​យក​មក​សួរនាំ​ទាំងអស់ ព្រមទាំង​ធ្វើការ​ត្រូ​ត​ពិនិត្យ​ឆែកឆេរ​ស្វែងរក​វត្ថុ​តាង​ពាក់ព័ន្ធ​ផង ​។

​សមត្ថកិច្ច​មិន​បាន​បង្ហាញ​របាយ​ការ​ណ៍​ត្រួ​ត​ពិនិត្យ ឬ​អត្តសញ្ញាណ​ក្រុម​សង្ស័យ​ «​ឆ​បោក​»​ទាំងនោះ​ទេ  គេ​គ្រាន់តែ​ប្រាប់​ថា   កម្លាំង​អធិការ​ក្រុង​បាត់ដំបង បាន​នាំ​ខ្លួន​មនុស្ស​សរុប​ចំនួន​០៧​នាក់ យក​មក​សួរនាំ​ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន​មនុស្ស​ចំនួន​០៧​នាក់​នេះ   បើ​តាម​​អធិការ​ក្រុង​បាត់ដំបង លោក ពេជ្រ សា​រ៉ែ​ន  បាន​និយាយ​ថា  ក្រុម​នេះ ​មិនមែន​ជា​គ្រូពេទ្យ​ទេ​ ។  ពួក​គេ​សុទ្ធ​ទែ​អ្នកលក់​ផលិតផល ។   នៅ​ពេល​គាត់​ត្រូវ​ពិនិត្យ​រោគ​អ្នក​ជំងឺ​ណា​​​ម្នាក់  គាត់​ក៏​នាំ​អ្នកជំងឺ​នោះ​ទៅ​ពិនិត្យ​នៅ​គ្លីនិក​ណាមួយ  លុះ​គ្រូពេទ្យ​នៅ​គ្លីនិក​នោះ​ចេញ​រោគវិនិច្ឆ័យ​មក  ទើប​ក្រុម​នេះ​ណែនាំ​ឲ្យ​ប្រើប្រាស់ «​ថ្នាំ ឬ​ផលិតផល​» របស់​ក្រុមហ៊ុន​ពួក​គេ ​។ តាម​ពិ​ត ​ក្រុម​នេះ​មិនមែន​ជា​ពួក​គ្រូ​ពេទ្យ​​ដូចដែល​ពួក​គេ​និយាយ​ប្រាប់​ពលរដ្ឋ​ទេ ​។

​លោក​អធិការ​បាន​បញ្ជាក់​ថា  បន្ទាប់​ពី​ត្រូវ​ឃាត់ខ្លួន​សួរនាំ  និង​រហូត​មក​ដល់​ពេល​នេះ (០៣.​០៧.២៦) មាន​ជន​រង​គ្រោះ​ចំនួន​០២​នាក់ បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​គ្រូពេទ្យ​ក្លែងក្លាយ​នេះ​ ។ ដើមបណ្ដឹង​ទាំង​០២​នាក់​នោះ មាន​ម្នាក់​បាន​ចំណាយ​ប្រាក់​អស់​ជាង​១,០០០​ដុល្លារ​ទិញ​ថ្នាំ ឬ​ផលិតផល​នោះ ​យក​ទៅ​ព្យាបាល តែ​ជំងឺ​នៅ​តែ​ឈឺ​​ដដែល​ ។ ​ រីឯ​ម្នាក់​ទៀត​បាន​ចំណាយ​ប្រាក់​បង់​ឲ្យ​ក្រុម​នេះ​រួច​ហើយ គឺ​ចំនួន​៦០​ម៉ឺន​រៀល  តែ​ក្រុម​ជនសង្ស័យ​នេះ​មិន​បាន​យក​ថ្នាំ ឬ​ផលិតផល​នោះ​មក​ឲ្យ​គាត់​ទេ ​។  នេះ​ជា​ការ​«​ឆបោក​» យក​ប្រាក់​អស់ហើយ តែ​មិន​ឲ្យ​ថ្នាំ​ព្យាបាល​។

​មិនមែន​មាន​តែ​ជន​រង​គ្រោះ​ត្រឹម​​០២​នាក់ ​ដែល​បាន​ដាក់​ពាក្យបណ្ដឹង​រួច​ហើយ​ខាងលើ​នេះ​ទេ គឺ​នៅ​មាន​ជន​រង​គ្រោះ​រាប់​សិប​នាក់​ទៀត ដែល​ត្រូវ​ក្រុម​អ្នក​ផ្សព្វផ្សាយ​ផលិតផល​បន្លំ​ធ្វើ​គ្រូពេទ្យ​ក្លែងក្លាយ​នេះ​បោកប្រាស់ ​។

​បើ​តាម​កោះសន្តិភាព​ទ​ទួល​បាន​ព័​ត៌​មាន​នេះ គឺ​មាន​ប្រជា​ពលរ​ដ្ឋ​ច្រើន​ណាស់ នៅ​តាម​បណ្ដា​​ស្រុក​ឆ្ងាយ​ៗ និង​នៅតាមបណ្ដា​ខេត្តនានា ក៏ធ្លាប់ត្រូវក្រុមនេះ «បោកប្រាស់»យកប្រាក់ម្នាក់អស់រាប់ពាន់ដុល្លារដែរ ជាថ្នូរនឹងការពិនិត្យរោគ«ហ្វ្រី» ហើយទិញផលិតផលក្រុមហ៊ុនពួកគេ ។

សូម្បីតែក្រុមគ្រូសារ «ពូ​ការ៉េបួន» អ្នកលេងបណ្ដាញសង្គមដ៏ល្បីម្នាក់ នៅក្រុងបាត់ដំបង ក៏ប៊ិះ​តែចាញ់បោកក្រុមពាក់អាវខ្វាស្សេធំៗនេះដែរ កាលពីប៉ុន្មានថ្ងៃមុន មុនពេល​ត្រូវបានអ្នកភូមិចាប់ប្រគល់ឲ្យសមត្ថកិច្ច ។ អ្នកលេងបណ្ដាញសង្គម និង​ជាម្ចាស់ហាងលក់បាយ​«ចែមុំ ម្ហូបខ្មែរ» ឈ្មោះ​«ពូ​ការ៉េបួន» បាននិយាយថា មុនពេលត្រូវអ្នកភូមិឃាត់ខ្លួនក្រុមនេះ​មួយថ្ងៃប្រគល់ឲ្យសមត្ថកិច្ចចាត់ការ ក្រុមនេះ បានទៅទទួលទានអាហារនៅក្នុងហាងបាយរបស់លោក ។ ពេលនោះ ក្រុមនេះឆ្លៀតសួរនាំប្រពន្ធ កូន និង​ក្មួយៗ ដែលកំពុងសួរនាំភ្ញៀវ ។ ពួកគេសំឡឹងមើល​មុខ​មាត់ ហើយធ្វើការទស្សន៍​ទាយ តាមរយៈមើលទឹកមុខក្មួយរបស់លោកថា មានជំងឺនេះ… ជំងឺនោះ…. ហើយព្យាយាមទទូចឲ្យទៅពិនិត្យជំងឺ និង​ព្យាយាមផ្សព្វផ្សាយលក់ថ្នាំរបស់ក្រុមហ៊ុនខ្លួន ប៉ុន្តែលោកមិនបានចាប់អារម្មណ៍​ទេ ។

លុះប៉ុន្មានថ្ងៃក្រោយមក ក៏ស្រាប់តែមានគេប្រាប់ថា មានក្រុមគ្រូពេទ្យជិះរថយន្តដើរពិនិត្យរោគជូនពលរដ្ឋតាមផ្ទះ​«ហ្វ្រី»​​ តែតម្រូវឲ្យទិញថ្នាំរបស់ពួកគេ ដើម្បីយកទៅព្យាបាល ។

ពូ​ការ៉េបួន​បានបញ្ជាក់ថា លោកក្រោយពីទទួលបានដំណឹងដ៏គួរឱ្យ​សង្ស័យនេះភ្លាម រួមទាំងក្រុមគ្រួសាររបស់លោក ប៊ិះ​តែនឹងចាញ់បោកក្រុមនោះផង លោកបានបានសរសេរសារបង្ហោះផ្សព្វផ្សាយអំពីសកម្មភាពមិនប្រក្រតីរបស់មនុស្សមួយក្រុមនេះតាមបណ្ដាញសង្គម​ភ្លាមៗ ដើម្បីជូនដំណឺងនេះ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ។ ប៉ុន្តែបានត្រឹមមួយ​ថ្ងៃ ក្រុមជនសង្ស័យដែលធ្លាប់ទៅទទូលទានអាហារនៅហាងបាយរបស់លោកនោះ ក៏​ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់ប្រគល់ឲ្យសមត្ថកិច្ចល្មម ។​ ឥឡូវដូចការសង្ស័​យមែន..។

លោក ឈឿង កឹមសុង ស្នងការរង​បានបញ្ជាក់ដែរថា តាមពិត ក្រុមហ៊ុននោះមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួងសាមី ។ ប៉ុន្តែខ្លឹម​សារ​នៃអាជ្ញាប័ណ្ណនោះ មិនបាននិយាយពីការពិនិត្យ ឬ​វិនិច្ឆ័យរោគអ្នកជំងឺ ឬ​ដើរពិនិត្យជំងឺ​ប្រជាពលរដ្ឋតាមទំនើងចិត្ត​នោះ
ទេ ។

នៅក្នុងអាជ្ញាប័ណ្ណក្រុមហ៊ុនមានលក់ផលិតផលបំប៉នសុខភាព រីឯបុគ្គលិកទាំងឡាយ គ្រាន់តែជាអ្នកផ្សព្វផ្សាយលក់ផលិតផលរបស់ក្រុមហ៊ុនប៉ុណ្ណោះ មិនមែនជាអ្នកដើរពិនិត្យរោគ«ហ្វី្រ»ជូនពលរដ្ឋតាមផ្ទះ រួចតម្រូវឲ្យអ្នកជំងឺទិញថ្នាំ ឬ​ផលិតផលរបស់ខ្លួនយកទៅព្យា​បាលតាមគំនិតបោកប្រាស់នោះទេ ។ មិនតែប៉ុណ្ណោះ បើតាមលោក ឈឿង គឹមសុង បានបញ្ជាក់បន្ថែមថា បើតាមមន្ត្រី​ជំនាញ ដែលបានសួរនាំ​ក្រុមជន«ឆបោក»​ទាំងនេះ បានរំលោភលើសេចក្ដីទុកចិត្តរបស់ក្រុមហ៊ុនទៀតផង ។ លោកថា ផលិតផលមួយឈុតៗ របស់ក្រុមហ៊ុន​មានលក់ក្នុងតំលៃខុសៗគ្នា ប៉ុន្តែក្រុមបុគ្គលិកកំហូចទាំងនេះ បែរជាយកទៅលក់​លើសពីតំលៃដែលក្រុមហ៊ុនបានកំណត់ ។

ឧទាហរណ៍​ ផលិតផលខ្លះមួយឈុត ឬ​មួយកញ្ចប់ក្រុមហ៊ុនលក់ក្នុងតំលៃ៥០០ដុល្លារ តែក្រុមបុគ្គលិកទុច្ចរិតទាំងនេះ​យកទៅលក់បន្តឲ្យអតិថិជនក្នុងតំលៃលើសស្ទើរពាក់កណ្ដាលក៏មាន ទៅតាមកញ្ចប់ ឬ​ឈុតតូចឬធំ ។ នេះជាអំពើ«ឆបោក»របស់មនុស្សមួយក្រុមនេះ។ បោកទាំងក្រុមហ៊ុនខ្លួនឯង បោកទាំងប្រជាពលរដ្ខ ។

ប៉ុន្តែយ៉ាងណា ដោយយោងលើសកម្មភាពជាក់ស្ដែង ដែលពាក់ព័ន្ធនឹងអំពើ «ឆបោក» ពេលនេះ លោកស្នងការ និង​លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានបញ្ជាឲ្យមន្ត្រី​ការិ​​យាល័យជំនាញ​រៀបចំសំណុំរឿងបញ្ជូនក្រុមគ្រូពេទ្យសេះហោះ​​ទាំង០៧នាក់ ក្នុងនោះស្រី០៤នាក់ផង ទៅកាន់តុលាការចាត់ការតាមនីតិវិធីហើយ ៕