ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងតែស្វែងរកប្រភពផ្គត់ផ្គង់ឧស្ម័ន LNG ពីកាណាដា

2 ខែ មុន

កម្ពុជា និង​កា​ណា​ដា កំពុង​ស្វែងរក​ឱកាស​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល ខណៈ​ក្រុមហ៊ុន​កា​ណា​ដា​បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​រាវ (Liquefied Natural Gas)​ឫ LNG មក​កម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ថាមពល​ដែល​កំពុង​កើនឡើង​។

លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​បញ្ជាក់​ចំណុច​នេះ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី ០៣ ខែកក្កដា ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក គ្រី​ស្ទា​ន ដេ​រ៉ូ​ឆេស ( Christian DesRoches) ឯកអគ្គរដ្ឋទូត​កា​ណា​ដា​ប្រចាំ​កម្ពុជា ។

លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹង​ថា ភាគី​កា​ណា​ដា​បាន​លើក​ឡើង​ពី​ចំណាប់អារម្មណ៍​របស់​ក្រុមហ៊ុន​កា​ណា​ដា​ក្នុង​ការ​ផ្គត់ផ្គង់ LNG មក​កម្ពុជា បន្ថែម​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​អគ្គិសនី ដែល​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដើម្បី​បំពេញតម្រូវការ​របស់​វិស័យ​ឧស្សាហកម្ម សេវាកម្ម និង​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។

បច្ចុប្បន្ន កម្ពុជា​បាន​ចាប់ផ្តើម​ប្រើប្រាស់​ឧស្ម័ន LNG ក្នុង​ការ​ផលិត​អគ្គិសនី​រួច​ហើយ ។ ការ​ប្រើប្រាស់​ប្រភព​ថាមពល​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជម្រើស​មួយ​ដែល​អាច​ជួយ​បង្កើន​ស្ថិរភាព​នៃ​ការ​ផ្គត់ផ្គង់​អគ្គិសនី និង​មានការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទាប​ជាង​ការ​ប្រើប្រាស់​ធ្យូងថ្ម ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ថាមពល និង​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

អ្នកជំនាញ​ផ្នែក​ថាមពល​យល់​ឃើញ​ថា ការ​ចាប់អារម្មណ៍​របស់​ក្រុមហ៊ុន​កា​ណា​ដា​លើ​ការ​ផ្គត់ផ្គង់ LNG មក​កម្ពុជា អាច​បង្កើន​ជម្រើស​នៃ​ប្រភព​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ សម្រាប់​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ និង​ជួយ​ពង្រឹង​សន្តិសុខ​ថាមពល​របស់​ប្រទេស​ក្នុង​រយៈពេល​វែង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កន្លង​មក លោក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ថា រោងចក្រ​អគ្គិសនី​មួយ​ដើរ​ដោយ​ឧស្ម័ន LNG ដែល​មាន​អនុភាព ៩០០ មេ​ហ្កា​វ៉ា​ត់ នឹង​ដាក់​ឱ្យ​ដំណើរការ​ដំណាក់​ទី ១ នៅ​ចុងឆ្នាំ​២០២៦ និង​ដំណាក់កាល​ទី ២ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៧ ក្រោម​ទុន​វិនិយោគ​ប្រមាណ ១.៣៥០ លាន​ដុល្លារ ៕