ទីក្រុងដូហា៖ អ៊ីរ៉ង់ និងអាមេរិកបានបិទបញ្ចប់ការចរចាគ្នាដោយប្រយោលនៅថ្ងៃនេះហើយ។ ប៉ុន្តែការចរចាគ្នាឱ្យមានសន្តិភាពជាស្ថាពរនោះមិនទាន់ឃើញសញ្ញាវិវត្តថ្មីនៅឡើយទេ។ ជាជំនួសមកវិញ ពួកគេច្រើនផ្ដោតសំខាន់ទៅលើបញ្ហាដែលពួកគេអះអាងថាបានដោះស្រាយចប់សព្វគ្រប់អស់ហើយតាំងពីពេលមានកិច្ចព្រមព្រៀងបណ្ដោះអាសន្ន (អនុស្សារណៈយោគយល់) កាលពី២សប្ដាហ៍មុនមកម៉្លេះ។

ប្រភពដែលបានដឹងអំពីការចរចាគ្នានោះបានបង្ហើបឱ្យដឹងថាក្រុមអ្នកចរចាបានចំណាយពេល២ថ្ងៃស្នាក់នៅទីក្រុងដូហា ប្រទេសកាតា ដើម្បីពិភាក្សាគ្នាអំពីការធ្វើនាវាចរណ៍កាត់ច្រកសមុទ្រហ័រម៉ូស និងការអនុញ្ញាតឱ្យអ៊ីរ៉ងប្រើប្រាស់ទ្រព្យសម្បត្តិដែលបង្កកទុកនៅបរទេស។ ទាំងនេះជាបញ្ហាសំខាន់ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបឋម។ ភាគីទាំង២គ្រោងចរចាគ្នាជាថ្មីក្រោយពេលរៀបចំបុណ្យសពជូនវិញ្ញាណក្ខន្ធលោកអាលីខាមេនីរួចរាល់សិន។ លោកនឹងត្រូវគេយកទៅបញ្ចុះនៅថ្ងៃទី៩ ខែកក្កដា។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសប្រទេសកាតា។

អ្នកនាំពាក្យក្រសួងការបរទេសកាតាបានបង្ហោះសារនៅលើបណ្ដាញអ៊ិចថាកិច្ចជំនួបនៅទីក្រុងដូហាមានសញ្ញាវិជ្ជមានច្រើនពាក់ព័ន្ធនឹងអនុស្សារណៈយោគយល់គ្នាដែលព្រមព្រៀងកាលពីខែមិថុនា។ នៅទីក្រុងវ៉ាស៊ីនតោន លោកដូណាល់ត្រាំថ្លែងថាការចរចាគ្នារីកចម្រើនទៅមុខដើម្បីដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ នេះជាមូលហេតុធំដែលនាំឱ្យលោកវាយប្រហារអ៊ីរ៉ង់កាលពីខែកុម្ភៈ។ លោកប្រាប់អ្នកសារព័ត៌មានថាដំណើរការកាត់រំសាយនុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុងប្រព្រឹត្តទៅយ៉ាងល្អ។

ទោះជាយ៉ាងណាក្ដី ប្រភពជាច្រើនបង្ហើបឱ្យដឹងថានៅក្នុងការចរចានោះគ្មាននិយាយអំពីកម្មវិធីនុយក្លែអ៊ែរទេ។ អនុប្រធានាធិបតីអាមេរិក លោកជេឌីវេន ថ្លែងថា «បញ្ហានេះទុកនិយាយគ្នានៅពេលក្រោយ។ យើងព្រួយបារម្ភអំពីបញ្ហានុយក្លេអ៊ែរពិតមែន។ យើងនឹងចាប់ផ្ដើមចរចាគ្នាទៅលើបញ្ហានេះ»។ ក្រុមអ្នកចរចាអាមេរិក និងអ៊ីរ៉ង់ជួបគ្នាដាច់ដោយឡែកជាមួយក្រុមអ្នកសម្របសម្រួលមកពីប្រទេសកាតា និងប៉ាគីស្ថាន។ នេះបើយោងតាមការប្រកាសរបស់ក្រសួងការបរទេសកាតា។

តើនរណានឹងគ្រប់គ្រង់ច្រកសមុទ្រហ័រម៉ូស? នេះជាសំណួរដ៏ធំមួយ។ កិច្ចព្រមព្រៀងបឋមនោះអំពាវនាវឱ្យអាមេរិក និងអ៊ីរ៉ង់អនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញឆ្លងកាត់ច្រកសមុទ្រហ័រម៉ូសដូចធម្មតាឡើងវិញ។ ទោះបីកប៉ាល់ចាប់ផ្ដើមបើកកាត់ទីនោះជាបណ្ដើរៗក៏ពិតមែន ប៉ុន្តែអនាគតនៃច្រកនេះមិនទាន់មានភាពប្រាកដប្រជានៅឡើយទេ។ កាលពីសប្ដាហ៍មុន អ៊ីរ៉ង់វាយប្រហារកប៉ាល់ដឹកទំនិញមួយគ្រឿងព្រោះមិនព្រមធ្វើតាមការគូសវាសផ្លូវរបស់អ៊ីរ៉ង់។ ប្រតិកម្មតបនឹងការវាយប្រហារនោះ អាមេរិកក៏វាយប្រហារមូលដ្ឋានទ័ពរបស់អ៊ីរ៉ង់ជាច្រើនកន្លែង។ អ៊ីរ៉ង់ក៏វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា។

អ៊ីរ៉ង់ចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់ថាខ្លួនត្រូវតែមានសិទ្ធិគ្រប់គ្រងច្រកសមុទ្រនេះទោះបីត្រូវប្រើប្រាស់កម្លាំងយោធាក៏ដោយ។ នេះបើយោងតាមប្រភពពីមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង២រូប។ អ៊ីរ៉ង់ប្រកាសថាខ្លួននឹងចាប់ផ្ដើមគិតលុយកប៉ាល់ដែលបើកឆ្លងកាត់ទីនោះចាប់ពីពាក់កណ្ដាលខែសីហាតទៅ។ ពោលគឺបន្ទាប់ពីផុតសុពលភាពនៃការអនុញ្ញាតឱ្យកប៉ាល់នានាឆ្លងកាត់ទីនោះដោយឥតគិតថ្លៃដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបឋមរវាងប្រទេសទាំង២។ លោកត្រាំហាក់ដូចជាមិនចង់ផ្ទុះសង្គ្រាមតទៅទៀតទេ។ លោកថ្លែងថាប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ក្រោយការថ្លែងដូច្នេះ គេឃើញថាតម្លៃប្រេងឆៅបន្តធ្លាក់ចុះមកកម្រិតទាបបំផុតនៅក្នុងរយៈពេល៤ខែចុងក្រោយ៕ ប្រភព៖ Reuters

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ