ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

BBCទម្លាយ៖ មេខ្លោងរត់ពន្ធមនុស្សល្បីឈ្មោះ«ឪពុកធម៌» លួចប្រើឈ្មោះក្លែងក្លាយ និងសម្ងំសុំសិទ្ធិជ្រកកោននៅ​អង់​គ្លេស

1 នាទី មុន

ការស៊ើបអង្កេតរបស់សារព័ត៌មាន BBC បានលាតត្រដាងថា ជនល្មើសរត់ពន្ធមនុស្សម្នាក់ ដែលធ្លាប់ត្រូវបានគេប្រសិទ្ធនាមថា ជា «ឪពុកធម៌» នៃជំរំអន្តោប្រវេសន៍ខុសច្បាប់នៅប្រទេសបារាំង បច្ចុប្បន្ន កំពុងលាក់ខ្លួនរស់នៅ និងធ្វើការដោយខុសច្បាប់នៅក្នុងតំបន់ Leicestershire នៃចក្រភពអង់គ្លេស ។

បុរសខាងលើ​មានឈ្មោះ Twana Jamal ជាជនជាតិឃឺដ-អ៊ីរ៉ាក់ (អាយុ៣៦ឆ្នាំ កាលពីពេលជាប់គុក) ។ លោកធ្លាប់ត្រូវបានតុលាការបារាំងកាត់ទោសឱ្យជាប់ពន្ធនាគារ៥ឆ្នាំ កាលពីឆ្នាំ២០១៦ ។ អាជ្ញាធរបារាំងបានចាត់ទុកគាត់ជា «ជនរត់ពន្ធមនុស្សដ៏ជោគជ័យបំផុតម្នាក់» ដែលមិនធ្លាប់​មាន។

ព្រះរាជអាជ្ញាបានទម្លាយថា គាត់អាចរកចំណូលបានរហូតដល់១០០,០០០ផោន ក្នុងមួយសប្តាហ៍ ពីការដឹកជញ្ជូនជនអន្តោ​ប្រវេសន៍ខុសច្បាប់ឆ្លងកាត់ច្រកសមុទ្រ ។

ការរកឃើញរបស់ BBC បន្ទាប់ពីទទួលបានតម្រុយសម្ងាត់នៅក្នុងឆ្នាំនេះ ក្រុមការងារ BBC បានតាមដានរកឃើញលោក Jamal នៅក្នុងភូមិ Blaby ដោយបានថតជាប់សកម្មភាពរបស់គាត់​កំពុងលួចធ្វើការងារដោយខុសច្បាប់ ។ បើកបររថយន្តដោយគ្មាន
ប័ណ្ណបើកបរត្រឹមត្រូវ និងប្រើប្រាស់ឈ្មោះក្លែងក្លាយ ដើម្បីដាក់ពាក្យសុំសិទ្ធិជ្រកកោន ។

​វត្តមានរបស់មេខ្លោងរូបនេះ បានបង្កើតជាសំណួរ និងក្តីបារម្ភយ៉ាងខ្លាំង ជុំវិញប្រសិទ្ធភាពនៃការគ្រប់គ្រងព្រំដែនរបស់ចក្រភពអង់គ្លេស ក្នុងការត្រួតពិនិត្យប្រវត្តិរូបរបស់អ្នកសុំសិទ្ធិជ្រកកោន ។

មន្ត្រីអន្តោប្រវេសន៍បានប្រាប់ BBC ថា ចាប់តាំងពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU) មក ការស្វែងរក និងផ្ទៀងផ្ទាត់កំណត់ត្រាឧក្រិដ្ឋកម្មរបស់ជនបរទេសពីប្រទេសដទៃ មានភាពស្មុគស្មាញ និងពិបាកជាងមុន ។

ជាការកត់សម្គាល់ តាមរយៈការស៊ើបអង្កេតនេះ BBC បានរកឃើញថា មានជនរត់ពន្ធមនុស្សសកម្មៗជាង​២០​នាក់ផ្សេងទៀត ដែលបានលួចចូលមកដល់ចក្រភពអង់គ្លេស ។ ក្នុងនោះ មានអ្នកខ្លះធ្លាប់មានប្រវត្តិជាប់ទោសនៅបរទេស និងខ្លះទៀត កំពុងប្រើប្រាស់ឈ្មោះក្លែងក្លាយដើម្បីបន្លំខ្លួនសុំសិទ្ធិជ្រកកោន ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>