រដ្ឋបាលខណ្ឌដង្កោស្តារប្រឡាយមេ ៣ខ្សែ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ
- ភ្នំពេញ
រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោនាថ្ងៃទី០២កក្កដានេះបាននិងកំពុងខិតខំស្តារប្រឡាយចំនួន៣ខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ។
លោក សំ ញ៉ូវ ប្រធានការិយាល័យសាធារណការណ៍និងដឹកជញ្ជូនខណ្ឌដង្កោបានឱ្យដឹងថា៖ ក្រោមការណែនាំពី ឯកឧត្ដមឃួង ស្រេងអភិបាល រាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា រដ្ឋបាលខណ្ឌដង្កោបាននិងកំពុងស្តារប្រឡាយ ចំនួន៣ខ្សែនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះរួមមាន៖
ប្រឡាយម័រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោមានប្រវែង៣៣០០ម៉ែត្រ ដោយបានប្រើប្រាស់គ្រឿងចក្រ២គ្រឿងកាយភក់និងសំរាមចេញពីប្រឡាយ កាលពីថ្ងៃទី២៥ មិថុនាឆ្នាំ២០២៦។ គិតមកដល់ថ្ងៃទី០២ កក្កដានេះក្រុមការងារសម្រេចការងារបានប្រវែង៥៥០ម៉ែត្រនិងគ្រោងបញ្ចប់នៅ២សប្តាហ៍ទៀត។ ប្រឡាយជប៉ុន(MCC) សង្កាត់រលួសប្រវែង២៣៥០ម៉ែត្រ បានស្តាររួចរាល់។ ប្រឡាយនៅព្រំប្រទល់សង្កាត់ព្រែកកំពឺសនិងឃុំជើងកើប ស្រុកកណ្តាលស្ទឹង៣៤៧០ម៉ែត្រ ស្តារបានប្រវែងជាង១០០០ម៉ែត្រ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានមានប្រសាសន៍ឱ្យដឹងដែរថា៖ ការស្តារប្រឡាយម័រ ក្នុងសង្កាត់ដង្កោ គឺពិតជាជួបការលំបាក ដោយសារ ប្រឡាយនេះមានស្ពានឆ្លងកាត់ច្រើន ពិបាកដាក់គ្រឿងច្រកចូល។ប៉ុន្តែដោយការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ពីឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោបាននិងកំពុងស្តារប្រឡាយ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រីគឹម ញឹប បានថ្លែងនូវការអរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះ ឯកឧត្ដមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យក្រុមការងារស្តារប្រឡាយទាំង៣ខ្សែនេះ និងសូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញយើង។
ពាក់ព័ន្ធនិងការងារនេះ បងប្អូនប្រជាពលររដ្ឋដែលរស់នៅជាប់ប្រឡាយ បានសម្តែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោដែលបានស្តារប្រឡាយរំដោះទឹកទាំងនេះ។ពួកគាត់ថា ការស្តារប្រឡាយខាងលើនេះធ្វើឱ្យទឹកហូរបានលឿន កាត់បន្ថយបាននូវការលិចលង់ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺធ្វើឱ្យបាត់បង់ជម្រកមូសតែម្តង៕












<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ