ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ប្តឹង​ទៅ​អគ្គសេនាធិការ​កងទ័ព​ហ្វី​លី​ពី​ន​អំពី​សកម្មភាព AOT ថៃ អម​ដោយ​កម្លាំងប្រដាប់អាវុធ​បាន​ឆ្លង​ចូល​ក្នុង​អធិប​តេយ្យភាព​របស់​កម្ពុជា​ក្នុង​តំបន់​ប្រាសាទខ្នារ

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​អគ្គមេបញ្ជាការ​កម្ពុជា​ប្តឹង​ទៅ​អគ្គសេនាធិការ​កងទ័ព​ហ្វី​លី​ពី​ន​អំពី​សកម្ម ភាព AOT ថៃ អម​ដោយ​កម្លាំងប្រដាប់អាវុធ​ថៃ​បាន​ឆ្លង​ចូល​ក្នុង​អធិបតេយ្យភាព​របស់​កម្ពុជា​ក្នុង​តំបន់​ប្រាសាទខ្នារ​ ដោយ​គ្មាន​ការ​សហការ​ជាមួយ​ភាគី​
កម្ពុជា​ ។

យោង​តាម​ការ​ចេញផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ ឯក ឧត្តម​នាយ​ឧត្តមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​នៃ​កងយោធពលខេមរភូមិន្ទ​បាន​ធ្វើ​លិខិត​ប្តឹង​ទៅ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការ​ហ្វី​លី​ន​អំពី​សកម្មភាព​របស់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន(​ប្រចាំ​ប្រទេស​ថៃ​) នៅ​ប្រាសាទខ្នារ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ ​។

យោង​តាម​លិខិត​ដែល​អ្នក​សារព័ត៌មាន​បានឃើញ​ឯកឧត្តម វង្ស ពិ​សេន បាន​លើក​ឡើង​ថា​«​ខ្ញុំបាទ​មាន​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​មួយ​ដែល​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ​មិថុនា ឆ្នាំ​២០២៦ នៅ​ពេល​ដែល​សមាជិក​ក្រុម AOT ប្រចាំ​ប្រទេស​ថៃ ដែល​អម​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ បាន​ឆ្លង​ចូល​មក​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា នៅ​តំបន់​ជិត​ប្រាសាទខ្នារ ស្ថិត​ក្នុង​សង្កាត់​កូន​គ្រៀល ក្រុង​សំរោង​ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គ្មាន​ការ​ជូនដំណឹង​ជា​មុន ឬ​ការ​សហការ​ជាមួយ​ភាគី​កម្ពុជា​នៅ​កម្រិត​ណាមួយ​ឡើយ​»​។

ក្នុង​លិខិត​នោះ ឯកឧត្តម វង្ស ពិ​សេន បាន​លើក​ឡើង​ថា ក្រោយ​ពី​បាន​ចូល​មក​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា​ដោយ​គ្មាន​ការ​អនុញ្ញាត ពួក​គេ​បាន​បន្ត​ធ្វើ​សកម្មភាព​ដាំ​កូន​ឈើ​ ។ ផ្ទុយ​ទៅ​វិញ ភាគី​កម្ពុជា​តែងតែ​អនុវត្ត​រាល់​សកម្មភាព​សង្កេតការណ៍​របស់​ក្រុម AOT ដោយ​​បាន​ជូនដំណឹង​ទៅ​ភាគី​ថៃ​យ៉ាង​ម៉ឺងម៉ាត់​នៅ​គ្រប់​កម្រិត​ពាក់ព័ន្ធ ​។

កង​យោធពលខេមរភូមិន្ទបាន​បញ្ជាក់​ជា​បន្តបន្ទាប់​យ៉ាង​ច្បាស់​ថា តំបន់​ពាក់ព័ន្ធ​ខាងលើ​ស្ថិត​​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មាន​បង្ហាញ​ក្នុង​ផែនទី ភ្ជាប់​ជា ឧ​ប​សម្ព័ន្ធ “​ខ​”​។ ទោះបីជា​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ទីតាំង​នៃ​តំបន់​នោះ​ក៏​ដោយ ក្រុម AOT ប្រទេស​ថៃ ដែល​អម​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ នៅ​តែ​ចូល​មក​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា ដោយ​មិន​បាន​ជូនដំណឹង ឬ​ស្នើ​សុំ​ការ​យល់ព្រម​ពី​ភាគី​កម្ពុជា​ទាល់​តែ​សោះ​ ។

ឯកឧត្តម វង្ស ពិ​សេន ជម្រាប​ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការ​ហ្វី​លី​ន​យ៉ាង​ដូច្នេះ​ថា​ «​កង​យោធពលខេមរភូមិន្ទ​ចាត់​ទុក​ថា ​សកម្មភាព​ទាំងនេះ​មិន​ស្រប​នឹង​គោលការណ៍​អព្យាក្រឹតភាព ការ​កសាង​ទំនុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​បង្កើត​យន្តការ​ក្រុម AOT ទាល់តែ​សោះ​។ រាល់​សកម្មភាព​ដែល​ធ្វើ​ឡើង​លើស​ពី​ដែន​សម​ត្ថិ​កិច្ច​ដែល​បាន​ឯកភាព​គ្នា ជា​ពិសេស​នៅ​តំបន់​ព្រំដែន​ដែល​មាន​ភាព​រសើប អាច​បង្ក​ហានិភ័យ​ដល់​ការ​បំផ្លាញ​ទំនុកចិត្ត​ដែល​ភាគី​ទាំង​ពីរ​បាន​ខិតខំ​កសាង​យ៉ាង​លំបាក និង​អាច​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ប្រកបដោយ​សន្តិភាព និង​ចីរភាព​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​ព្រំដែន» ​។

ឯកឧត្តម វង្ស ពិ​សេន បាន​មាន​ប្រសាសន៍​ថា ក្នុង​គោលបំណង​រក្សា​ទំនុកចិត្ត និង​សុចរិត​ភាព​នៃ​យន្តការ AOT ខ្ញុំបាទ​សូម​គោរព​ស្នើ​សុំ​ការ​គាំទ្រ​ពី​ឯកឧត្តម ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​ចំពោះ​សកម្មភាព​ខាងលើ និង​ធានា​ថា​នាយទាហាន​នៃ​ក្រុម AOT ទាំងអស់​គោរព​យ៉ាង​ម៉ឺងម៉ាត់​តាម​លក្ខខណ្ឌ​យោង​ដែល​បាន​ឯកភាព​គ្នា ព្រមទាំង​រក្សា​អព្យាក្រឹតភាព​ដែល​រំពឹង​ទុក​ក្នុង​បេសកកម្ម​នេះ​ ។

ការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​លក្ខខណ្ឌ​ទាំងនេះ គឺ​មាន​សារសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ធានា​ថា​ក្រុម​AOT នឹង​បន្ត​បំពេញ​តួនាទី​តាម​គោលបំណង​របស់​ខ្លួន ក្នុង​នាម​ជា​យន្តការ​សម្រាប់​ការ​បន្ធូរបន្ថយ​ភាព​តានតឹង និង​ការ​កសាង​ទំនុកចិត្ត ​។

ឯកឧត្តម វង្ស ពិ​សេន គូសបញ្ជាក់​ថា «​កង​យោធពលខេមរភូមិន្ទ​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កងទ័ព​ហ្វី​លី​ពី​ន និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រក្សា​សន្តិភាព ស្ថិរភាព និង​កិច្ច​សន្ទនា​ប្រកបដោយ​ភាព​វិជ្ជមាន​រវាង​កម្ពុជា និង​ថៃ​»​។ ជាមួយ​គ្នា អគ្គមេបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ បាន​សម្តែង​នូវ​សេចក្តី​គោរព​រាប់អាន និង​ការ​កោត​សរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​ដ៏​មាន​តម្លៃ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កងទ័ព​ហ្វី​លី​ពី​ន ក្នុង​ការ​ដឹកនាំ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ក្រោម​យន្តការ​កសាង​ទំនុកចិត្ត​ទ្វេភាគី ដែល​បាន​ឯកភាព​គ្នា រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ដោយ​សង្កត់ធ្ងន់​ថា «​កង​យោធពលខេមរភូមិន្ទ​តែងតែ​គាំទ្រ​យ៉ាង​ពេញលេញ​ចំពោះ​ការ​អនុវត្ត​លក្ខខណ្ឌ​យោង (Terms of Reference – TOR) សម្រាប់​កំណត់​រាល់​សកម្មភាព​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម AOT និង​នៅ​តែ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​លើកកម្ពស់​ទំនុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ ប្រកប​ទៅ​ដោយ​តម្លាភាព និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​» ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>