យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ថា ប្រាក់យ៉េនជប៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៨៦មក ។ ស្ថានភាពនេះ កំពុងធ្វើឱ្យក្រុមអ្នកវិនិយោគតាមដានយ៉ាងដិតដល់នូវចំណាត់ការឆ្លើយតបពីរដ្ឋាភិបាលជប៉ុន ព្រោះវាអាចជះឥទ្ធិពលដល់ភាគហ៊ុនអាមេរិក ទីផ្សារសញ្ញាបណ្ណរតនាគារ និងសេដ្ឋកិច្ចពិភពលោកទាំងមូល ។
វិនិយោគិនរំពឹងថា ធនាគារកណ្តាលសហរដ្ឋអាមេរិកនឹងរក្សាអត្រាការប្រាក់ឱ្យនៅខ្ពស់ ឬអាចដំឡើងបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា ។ ភាពតានតឹង និងសង្គ្រាមជាមួយអ៊ីរ៉ង់បានជម្រុញឱ្យតម្លៃប្រេង និងថាមពលហក់ឡើងខ្ពស់ ដែលជាសម្ពាធបន្ថែមធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ប៉ុន្តែធ្វើឱ្យប្រាក់យ៉េនធ្លាក់ចុះ ។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (DXY) បានកើនឡើង 3% ក្នុងឆ្នាំនេះ បន្ទាប់ពីបានធ្លាក់ចុះ9% កាលពីឆ្នាំ២០២៥ កន្លងទៅ ។
ទោះបីជាកន្លងមក រដ្ឋាភិបាលជប៉ុនបានលូកដៃចូលអន្តរាគមន៍ ដើម្បីទប់តម្លៃប្រាក់យ៉េនក៏ដោយ ប៉ុន្តែនៅតែមិនអាចបញ្ឈប់ការធ្លាក់ចុះនេះបាន ។ ពេលនេះ ក្រុមពាណិជ្ជករកំពុងត្រៀមលក្ខណៈសម្រាប់វិធានការណ៍បន្ទាប់ពីរដ្ឋាភិបាលជប៉ុន ។
លោក Lee Hardman អ្នកសេដ្ឋកិច្ចជាន់ខ្ពស់ផ្នែករូបិយប័ណ្ណនៅធនាគារ MUFG បានគូសបញ្ជាក់ថា៖ «ការហក់ឡើងនៃតម្លៃថាមពលដែលបង្កឡើងដោយសង្គ្រាម គឺជាកាតាលីករ (ភ្នាក់ងារជំរុញ) ចុងក្រោយបង្អស់ដែលធ្វើឱ្យប្រាក់យ៉េនបន្តធ្លាក់ថ្លៃ បូករួមទាំងការផ្លាស់ប្តូរទិសដៅគោលនយោបាយការប្រាក់របស់ធនាគារកណ្តាលអាមេរិកផងដែរ។»

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ