ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងមិននឹកស្មានដល់៖ ប្រទេសនាំចេញប្រេងធំដូចរុស្ស៊ី បែរជាត្រូវបង្ខំចិត្តទិញប្រេងចម្រាញ់ពីឥណ្ឌាវិញ ដោយសារសង្គ្រាម

3 ម៉ោង មុន

សង្គ្រាមអ៊ុយក្រែន ៖ ​រុស្សុី​​ដែល​ជា​​ប្រទេស​តែង​​នាំចេញប្រេង​​ឆៅ​ដ៏​ច្រើន ពេល​នេះ​ ​​បែរ​​ជាកំ​ពុង​ជួប​ប្រទះ​​វិ​បត្តិ​ខ្វះ​ប្រេង​​​ឥន្ធនៈ​ប្រើ​​មក​ពី​ការ​វាយ​ប្រហារ​​ខ្លាំង​ក្លា​​របស់​អ៊ុយ​ក្រែង​ ​លើ​​បណ្ដា​​រោង​ចក្រ​​ចម្រាញ់​ប្រេង​កាត និង​ឧស្ម័ន​ធំៗ​របស់​​ខ្លួន​។

ការ​​វាយ​ប្រហារ​របស់អ៊ុយ​ក្រែន​​កំ​ពុង​តែ​​បន្ត​​​ចាប់​តាំង​ពីច្រើន​ខែ​មក​​ហើយ ​បណ្ដាល​​​ឲ្យ​​ឆេះ​​បណ្ដារោង​ចក្រ​ចម្រាញ់​ប្រេង​កាត និង​​បណ្ដាល​ឲ្យ​​ស្ទះ​ដល់​ការ​ផ្គត់ផ្គង់​​ប្រេង​ឥន្ធនៈ​​នៅ​​ទូទាំង​ប្រទេស។ ​តាម​​ស្ថានីយ​ចាក់​ប្រេង​ទាំង​​ឡាយ​ក្នុង​ប្រទេស​​​​​រថ​យន្ត​​​បាន​​បន្ត​​កន្ទុយ​គ្នា​​យ៉ាង​វែង​​រង់​ចាំ​​ចាក់​ប្រេង ​ដោយ​ពល​រដ្ឋ​​​​មាន​ការ​​មិន​សប្បាយ​​ចិត្ត​ ​និង​​​ពោរ​ពេញ​​ដោយ​ការ​ព្រួយ​បា​រម្ភ​។ ​

ក្នុង​តំបន់​ជាច្រើន​របស់​​ប្រទេស ​មាន​ការ​​បង្កើត​​កម្រិត​ប្រេង​ដែល​ត្រូវ​​​ចាក់​ ​​ដោយ​តាម​​​ដង​​ផ្លូវ​គេ​​ឃើញ​ខ្សែ​​រថ​យន្ត​យ៉ាង​វែង​​​​​បន្ត​កន្ទុយ​គ្នា​ចាំ​​ចាក់​ប្រេង​​ តាម​ស្ថានីយ​​ចាក់​ប្រេង​នា​នា​។​ ការ​​រង់​ចាំ​កន្លែង​​​ខ្លះ ត្រូវ​ចំ​ណាយ​ពេល​​​ដល់​ច្រើន​ម៉ោង។ ​តាម​បណ្ដាញ​សង្កម​​គេ​​បាន​​​​​​​ផ្សាយ​វី​ដេ​អូ​បង្ហាញ​ពី​​​ម្ចាស់​​​​យាន​យន្ត​​​​​រអ៊ួ​ពីការ​​​រង់​ចាំ​បន្ត​កន្ទុយ​គ្នាដ៏​​​​វែង​ ​ហើយ​​​​​ក៏មានការ​​ឈ្លោះគ្នា​​ព្រោះពេល​ដល់​វេន​​របស់​ខ្លួន​​​​​​ប្រេង​​ត្រូវអស់​ពី​​ស្ថានីយ​ ​​​ខណៈតម្លៃប្រេង​ក៏​ឡើង​ថ្លៃ​។

​​ចំពោះ​​​​ស្ថាន​ភាព​​បែប​នេះ​​ប្រធា​នា​ធិបតី​រុស្ស៊ី ​លោក​វ្ល៉ា​ឌីមៀរ​ពូ​ទីន ​​​បាន​​ទទួល​ស្គាល់​ ​ដោយ​​​​​លើកឡើង​ថា ការ​វាយ​ប្រហារ​​សំដៅ​​បណ្ដា​ទីតាំង​ប្រេង​របស់​យើង ​បង្កើត​​បញ្ហា​​ដោយ​​ចៀស​​មិន​​​ផុតនិង​ថា ​នា​ពេល​​បច្ចុប្បន្ន​យើង​សង្កេត​​ឃើញ​ពី​ការ​ខ្វះ​ប្រេង​មួយ​ចំនួន​ ។ ប៉ុន្តែ​លោក​អះ​អាងថា ការ​ខ្វះ​​ប្រេង​នឹង​​​មិន​ដល់​ថ្នាក់​អាក្រក់​ខ្លាំង​​​ពេកនោះ​ឡើយ។

​ការ​ខ្វះ​ប្រេង​សាំង​ និង​ប្រេង​ម៉ា​ស៊ូតកំ​ពុង​គំ​រាមកំ​ហែង​​​ដល់​​​​ផ្នែក​កសិកម្ម​របស់​រុស្សុី។ ​តាម​អ្នក​ទទួល​ខុស​ត្រូវ​រុស្សុី​ម្នាក់​ថា ជិត​​១ភាគ​៣​នៃ​​សមត្ថភាព​ចម្រាញ់​​ប្រេង​កាត​​​របស់​រុស្សុី​​​ត្រូវ​បាន​​បញ្ឈប់​។ ​​ការ​ខ្វះ​ប្រេង​កើត​មាន​ ក្នុង​ពេល​សំខាន់​​សម្រាប់​សេដ្ឋកិច្ច​រុស្សុី​ព្រោះ​ពេល​នេះ​ជា​​រដូវ​កសិកម្ម​ដែល​កំពុងតែ​សកម្ម​។ ​ដំណាក់​កាលនេះ​​​មាន​សេច​ក្ដី​ត្រូវ​ការ​ប្រេង​ម៉ាស៊ូត​​ច្រើន​បំ​ផុត​។​

​​រុស្សុី​​​កំ​ពុង​រក​ដំណោះស្រាយ​​​លើ​ការ​ខ្វះ​ប្រេង​​នេះ ​ដោយ​​បើ​តាម​​​​ទីភ្នាក់​ងារព័តមាន​រ៉យ​ទ័រ​ថា រុស្សុី​ត្រៀម​នាំចូល​ប្រេង​​ឥន្ធនៈយ៉ាង​​តិច៤០.០០០តោន​ក្នុង​មួយ​​ខែ។ ​សេច​ក្ដី​ត្រូវ​ការ​​ប្រេង​​ឥន្ធនៈមាន​​ខ្ពស់​បំ​ផុត​ក្នុង​រដូវ​​​ក្ដៅ​​​នេះ​។ ​រុស្សុីនាំ​ចូល​រួច​​ហើយ​ប្រេង​​​ពី​​ប្រទេស​​បេឡា​រុស​ ហើយ​កិច្ចព្រមព្រៀង​មួយ​​ត្រូវ​បាន​រក​ឃើញ​ជា​មួយ​កាហ្សាក់​ស្ថាន។​ ប៉ុន្តែក្រៅ​ពី​បណ្ដា​​ប្រទេស​ជាប់​ជិត​ខាង​​ រុស្សុី​​ក៏​នឹង​ចាប់​​ផ្ដើម​ដែរ​នាំ​​ចូល​ប្រេង​ឥន្ធនៈ​​ពី​​​ឥណ្ឌា ។ ​​​

ឥណ្ឌា​ជា​​អ្នក​នាំប្រេង​​ឆៅរុស្សុី​​ចូល​​ច្រើន​បំ​ផុត​ ​ហើយ​​​​​រុស្សុីត្រូវ​ការ​​ទិញ​ប្រេង​​​​របស់​​ខ្លួន​​ឡើង​វិញ​​​ក្រោយការ​ចម្រាញ់​។​ ដូច្នេះ​ឥណ្ឌា​​​​នឹង​ជា​​អ្នក​ចំ​ណេញ​ព្រោះនាំ​​ចូល​​ប្រេងឆៅ​រុស្សុីក្នុង​តម្លៃ​​ថោក ​​​​ហើយ​លក់​ប្រេង​​ចម្រាញ់ឲ្យ​វិញក្នុង​តម្លៃ​ថ្លៃ​។​ ​រុស្ស៊ីគ្មាន​ជម្រើស​ព្រោះ​ការ​​​ជួស​​ជុល​​ឬ​ស្ដារ​ឡើង​​វិញ​បណ្ដា​​រោង​​ចក្រ​ចម្រាញ់​ប្រេង​កាត​របស់​ខ្លួន​​​រង​ការ​បំ​ផ្លាញដោយ​អ៊ុយ​ក្រែន ត្រូវ​ការ​ប្រើ​ពេល​​យូរ មក​ពី​ហេតុ​ផល​ជា​ច្រើន ៕​​​ ​​ ​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>