ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តស្ទឹងត្រែង កំណត់​យក «​ភូមិ​ភ្នំ​ធាតុ​» ជា​ភូមិ​គំរូ​ដំបូង​គេ ដែល​លុប​បំបាត់​ផ្លូវ​ដី និង​ផ្លូវ​គ្រួ​ស​ក្រហម​បាន ១០០%

3 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង បាន​សម្រេច​កំណត់​យក «​ភូមិ​ភ្នំ​ធាតុ​» ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ធ្វើ​ជា​ភូមិ​គំរូ​ដំបូង​គេ​បង្អស់ ក្នុង​ការ​លុប​បំបាត់​ផ្លូវ​ដី និង​ផ្លូវ​គ្រួ​ស​ក្រហម​ទាំងស្រុង​ដោយ​ជំនួស​មក​វិញ​នូវ​បណ្តាញ ផ្លូវ​បេតុង និង កៅស៊ូ ក្នុង​លបំណង​លើកកម្ពស់ សោភ័ណ​ភាព​បរិស្ថាន​។

លោក លី មី​ណា អភិបាលក្រុង​ស្ទឹង​ត្រែង បាន​គូសបញ្ជាក់​ថា គម្រោង​ស្ថាបនា​ផ្លូវ​បេតុង និង​ផ្លូវ​កៅស៊ូ​នៅក្នុងភូមិ​សាស្ត្រ​ភូមិ​ភ្នំ​ធាតុ​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ប្រើប្រាស់​កញ្ចប់​ថវិកា​មូលនិធិ​សង្កាត់ ក្រុង និង​ខេត្ត​ហើយបច្ចុប្បន្ន​ត្រូវ​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ១០០% ហើយ​។

លោក​អភិបាលក្រុង​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់ថា​៖​ផ្អែក​លើ​គោលការណ៍​ដឹកនាំ​របស់​លោក អភិបាលខេត្តស្ទឹងត្រែង យើង​បាន​កំណត់​យក​ភូមិ​ភ្នំ​ធាតុ​នេះ​ធ្វើជា​ភូមិ​ស្បែក​ខៀវ​និង​ផ្លូវ​បេតុង​។​មក​ទល់​ពេល​នេះ​យើង​សម្រេច​បាន ១០០% ក្នុង​ការ​បញ្ចប់​ផ្លូវ​ដី និង​ផ្លូវ គ្រួ​សក្រហម​នៅ​ក្នុងភូមិ​ទាំងមូល ។

ជាមួយ​គ្នា​នេះ លោក លី មី​ណា ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​បណ្តោយ​ផ្លូវ​នីមួយ​ៗ​ចូលរួម​រៀបចំ​សោភ័ណ​ភាព​និង​ថែរក្សា​អនាម័យ​បរិស្ថាន​នៅ​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន​ដើម្បី​រួម​គ្នា​បោះ​ជំហាន​ទៅជា​ភូមិ​គំរូ​ដ៏​ពិតប្រាកដ​មួយ​។

ការ​ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​នេះ បាន​បង្កើត​ជា​ក្តី​ត្រេកអរ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​លោកស្រីសោភា អាជីវករ​លក់ដូរ​ចំណីអាហារ​នៅ​ក្នុងភូមិ​ភ្នំ​ធាតុ បាន​សម្តែង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​យន្តការ​អភិវឌ្ឍន៍​នេះ​។ លោកស្រី​បាន​រំ​ឮ​ក​ពី​ការ​លំបាក​កាលពីមុន​ថា ពេល​រដូវវស្សា​មក​ដល់ ផ្លូវ​ដី​តែងតែ​ដក់​ទឹក បែក​ភក់ ដែល​បង្ក​ការ​លំបាក​ខ្លាំង​ដល់​ការ​ធ្វើ​ដំណើរ ជា​ពិ
សេស​កូនចៅ​ត្រូវ​ទៅ​សាលារៀន ប៉ុន្តែ​បច្ចុប្បន្ន​មាន​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ដល់​មុខ​ផ្ទះ ដែល​ធ្វើ​ឱ្យ​ការ​រស់នៅ​មាន​ភាព​ស៊ី​វិ​ល័យ​ជាង​មុន​។

ស្របគ្នា​នេះ​ដែរ លោក ឈរ ឡេ​ង​ហុង មេ​ភូមិ​ភ្នំ​ធាតុ បាន​លើក​ឡើង​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ដ៏​ល្អ​ស្អាត​នេះ គឺជា​ភស្តុ​តាង​សហការ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​និង​ក្រុង​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​។ លោក​មេ​ភូមិ​បាន​កត់​សម្គាល់ថា ក្រោយ​ពេល​ផ្លូវ​ស្អាត ភូមិ​ភ្នំ​ធាតុ​ទទួល​បានការ​ទាក់ទាញ​ភ្ញៀវ​ធ្វើ​ដំណើរ​ឆ្លងកាត់​និង​មក​ក​ម្សា
ន្ត កាន់តែ​ច្រើន ដែល​ជួយ​ឱ្យ​អាជីវករ​លក់ដូរ​ដាច់ និង​រក​ចំណូល​បាន​កាន់តែ​ប្រសើរ​ឡើង​។

សូម​បញ្ជាក់​ថា ក្រៅពី​ការ​សម្រេច​បាន​នូវ​បណ្តាញ​ផ្លូវខ្វាត់ខ្វែង​គ្មាន​ផ្លូវ​ដី រដ្ឋបាល​ក្រុង​ស្ទឹង​ត្រែង ក៏​កំពុង​បន្ត​ជំរុញ​ឱ្យ​ភូមិ​ភ្នំ​ធាតុ ក្លាយជា​គំរូ​ឈានមុខ​គេ​លើ​ផ្នែក «​បរិស្ថាន​ស្អាត​» ផង​ដែរ ដោយ​ទាមទារ​ឱ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ប្រជាពលរដ្ឋ ក្នុង​ការ​គ្រប់គ្រង​កាកសំណល់ និង​ថែរក្សា​ភាព​បៃតង​តាម​ដងផ្លូវ ដើម្បី​លើកកម្ពស់​មុខមាត់​ខេត្តស្ទឹងត្រែង​ទាំងមូល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×