ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ និយាយ​ពី​ភូមិសាស្ត្រ​បាល់ទាត់​វា​ខុស​ពី​ភូមិសាស្ត្រ​នយោ​បាយ​ទាំងស្រុង

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​បាន​បញ្ជាក់​ថា ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦​នេះ បើ​និយាយ​ពី​ភូមិសាស្ត្រ​បាល់ទាត់ វា​ខុស​ពី​ភូមិសាស្ត្រ​នយោបាយ​ទាំងស្រុង ។ សម្តេច​តេ​ជោ​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ ថា ថ្ងៃមុន​ខ្ញុំ​បាន​និយាយ​ពី (​បាល់​មូល​) ក្រោយ​ការ​ប្រកួត​កន្លង​មក និង​យប់​កន្លង​ទៅ​នេះ យើង​គួរ​តែ​ចាប់ផ្តើម​និយាយ​ពី (​ភូមិសាស្ត្រ​បាល់ទាត់​) ដែល​វា​ខុស​ពី​ភូមិសាស្ត្រ​នយោបាយ​ទាំងស្រុង​។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា ពេល​មុន ខ្ញុំ​តែង​និយាយ​ថា លើ​ពិភពលោក​ស្តង់ដា​អន្តរជាតិ​មាន​តែ​ក្នុង​វិស័យ​កីឡា​មួយ​ប៉ុណ្ណោះ ។ ឆ្លងកាត់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ​២០២៦ នេះ ខ្ញុំ​សង្កេត​ឃើញ​ថា ភូមិសាស្ត្រ​បាល់ទាត់​កំពុង​ប្រែប្រួល​យ៉ាង​ខ្លាំង​តាម​រយៈ​វត្តមាន​ក្រុមកីឡា មក​ពី​ប្រទេស​ដែល​មាន​ប្រជាជន​តិច និង​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា វត្តមាន​កាន់តែ​ច្រើន​នៃ​ប្រទេស​ក្រីក្រ និង​ចំនួន​ប្រជាជន​តិច​បាន​បង្ហាញ​ថា បាល់ទាត់​មិន​រើសអើង​ប្រទេស​មាន ឬ​ក្រ​ប្រទេស​មាន​ប្រជាជន​ច្រើន​ឬ​តិច​នោះ​ទេ ដែល​នេះ​វា​ជា (​ភូមិសាស្ត្រ​បាល់ទាត់​) ដែល​នេះ​វា​ខុស​គ្នា​ទាំងស្រុង​ជាមួយ​ភូមិសាស្ត្រ​នយោបាយ ដែល​ពិភពលោក​កំពុង​ជ្រួលច្របល់​បាត់​សណ្តាប់ធ្នាប់ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា ក្រុមបាល់ទាត់​មក​ពី​ប្រទេស​ក្រីក្រ​បាន​ជួយ​ជូន​ដំណើរ​ក្រុមកីឡា​ពី​ប្រទេស​អ្នកមាន​ត្រឡប់​ទៅ​ប្រទេស​វិញ​តាំងពី​ប្រកួត​សន្សំ​ព​ន្ទុ​រហូត​ដល់ការ​ប្រកួត​៣២​ក្រុម និង​ប្រ​សិន​មិន​អាច​យកឈ្នះ ក៏​ធ្វើ​ឲ្យ​ប្រទេស​អ្នកមាន​មានការ​ព្រួយបារម្ភ ពេល​ក្រុមបាល់ទាត់​មក​ពី​ក្រីក្រ​ទាត់​បញ្ចូល​ទី​ឡើង​ប៉ោង​សំណាញ់ ។

សម្តេច​តេ​ជោ​បាន​លើក​ឡើង​ទៀត​ថា យោង​តាម​ការ​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​បាល់ទាត់​បែប​នេះ ពេល​ណាមួយ​ប្រទេស​ក្រីក្រ​ប្រជាជន​តិច និង​លើក​ពាន​បាល់ទាត់​ពិភពលោក​ជាក់​ជា​មិន​ខាន ។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា «​ខ្ញុំ​មិនដឹង​ថា នៅ​លើ​ពិភព​លោក​នេះ មាន​អ្នក​ធ្លាប់​ប្រើ​ពាក្យ​(​ភូមិសាស្ត្រ​បាល់ទាត់​)​ហើយ​ឬ​នៅទេ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ឱកាស​ត្បូង ត្បូង​បាន​និង​កំពុង​មក​ដល់​ហើយ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​ទាំងអស់​» ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×