ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមប្រយ័ត្ន! កម្ពុជារងឥទ្ធិពលព្យុះទី៩ ឈ្មោះបាវី ពីថ្ងៃទី២ ដល់១២ កក្កដា ធ្វើឱ្យមានភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ

45 នាទី មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យ​ដឹង​ថា កម្ពុជា​បាន​រង​ឥទ្ធិពល​ព្យុះ​ទី​៩ មានឈ្មោះ​ថា បា​វី ដែល​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ ។

រូបតំណាង

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ព្យុះ​ទី​៩ ឈ្មោះ បា​វី របស់​ក្រសួង​ធនធានទឹក​នៅ​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា សម្ពាធ​ទាប​ដែល​កើត​មាននៅ​លើ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​វិ​វត្ត​ទៅ​ជា​ព្យុះ​ទី​៩ ឈ្មោះ បា​វី (Bavi) T2609 ហើយ​មាន​ឥទ្ធិពល​លើ​របប​ខ្យល់មូសុង​និរតី ដែល​បក់​លើ​ឈូង​សមុទ្រ​បេង​ហ្គា​ល សមុទ្រ​អាន់​ដា​ម៉ា​ន់ សមុទ្រ ចិន​ខាងត្បូង អាង​ទន្លេមេគង្គ សមុទ្រ​កម្ពុជា និង​លើ​ព្រះរាជាណាចក្រ​កម្ពុជា ។ ក្រសួង​ធនធានទឹក​បានឱ្យ​ដឹង​ថា ព្រះរាជាណាចក្រ​កម្ពុជា​ពុំ​ស្ថិត​នៅ​ក្នុង​គន្លង​ផ្លូវ​ដើរ​របស់​ព្យុះ បា​វី នេះ​ទេ ។

រូបតំណាង
រូបតំណាង

ក្រសួង​ថា​ស្ថានភាព​បែប​នេះ នឹង​ធ្វើ​ឱ្យ​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០២៦ នៅ​តំបន់​វាលទំនាប មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយ​រៀង និង​រាជធានី​ភ្នំពេញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្រប ដណ្តប់​លើ​ផ្ទៃដី ៦០% ។

រូបតំណាង

ចំណែក​នៅ​តំបន់​ខ្ពង់រាប​មាន​ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះ​វិហារ ក្រចេះ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី ជួរ​ភ្នំ​ដងរែក និង​តំបន់​ជួរ​ភ្នំក្រវាញ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី ៥០% ។

ដោយឡែក នៅ​តំបន់​មាត់សមុទ្រ​មាន​ខេត្តកោះកុង ព្រះ​សីហ​នុ កំពត កែប និង​ជួរ​ភ្នំ​បូកគោ អាច​មាន​ភ្លៀង​ធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​៦០%​។ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​អប្បបរមា ០,៥០​ម៉ែត្រ និង កម្ពស់​មធ្យម​អតិបរមា ១,៧៥​ម៉ែត្រ​។

ក្រសួង​ថា យោង​លើ​ការ​ព្យាករ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​មេត្តា​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត ភ្លៀង ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ជា​ពិសេស​បងប្អូន​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវគោក និង​ផ្លូវទឹក ។

ក្រសួង​ធនធានទឹក និង ឧតុនិយម នឹង​បន្ត​ធ្វើការ​តាមដាន និង​វិភាគ​អំពី​ស្ថានភាព​ធាតុអាកាស​ដើម្បី​ជម្រាប​ជូន​ជា​បន្តបន្ទាប់​ក្នុង​ករណី​មានការ​ប្រែប្រួល​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×