ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ធ្វើ​ដំណើរ​តាម​យន្តហោះ Air Force One ថ្មី​ជា​លើក​ដំបូង បើ​ទោះជា​មានការ​រិះគ.ន់​ខ្លាំង

56 វិនាទី មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) កាលពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ធ្វើ​ដំណើរ​ជា​លើក​ដំបូង​តាម​យន្តហោះ Air Force One ម៉ូ​ដែល Boeing 747-8 ដែល​ទើបតែ​បាន​កែ​ច្នៃ​រៀបចំ​ឡើង​វិញ ដោយ​យន្តហោះ​ដ៏​ប្រណីត​តម្លៃ ៤០០ លាន​ដុល្លារ​អា​មេ​រិ​ក​១​គ្រឿង​នេះ គឺជា​អំណោយ​ពី​រដ្ឋាភិបាល​ប្រទេស​កា​តា​។ នេះ​បើ​តាម​ប្រភព​ពី The Guardian និង ABC News បាន​ចេញផ្សាយ​។

លោក​ប្រ​ធានា​ធីប​តី ត្រាំ ឡើង​ជិះ​យន្តហោះ​ថ្មី​នេះ ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​ដា​កូតា​ភាគ​ខាងជើង (North Dakota) និង​លើក​សរសើរ​មិន​ដាច់​ពី​មាត់​ថា នេះ​ប្រហែលជា​យន្តហោះ​ពាណិជ្ជកម្ម​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​។ លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​មុន​ពេល​ឡើង​យន្តហោះ នៅ​មូលដ្ឋាន​ទ័ពអាកាស Joint Base Andrews ដូច្នេះ​ថា «​ខ្ញុំ​បាន​សួរ​ក្រុមហ៊ុន Boeing ថា តើ​១​គ្រឿង​ណា​ល្អ​បំផុត? ពួក​គេ​បាន​និយាយ​ថា នេះ​គឺជា​យន្តហោះ​ដ៏​ល្អ​បំផុត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​»​។

ជាមួយ​គ្នា​នោះ​ដែរ អ្នកស្រី Mary Bruce ប្រធាន​ផ្នែក​ឆ្លើយឆ្លង​ព័ត៌មាន​ប្រចាំ​សេត​វិមាន​របស់​ទូរទស្សន៍ ABC News ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​លោក ត្រាំ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ បាន​សួរ​លោក​អំពី​ការ​ប្រើប្រាស់​ថវិកា​អ្នក​បង់ពន្ធ ដើម្បី​កែ​ច្នៃ​យន្តហោះ​ដ៏​ប្រណីត​នេះ ដែល​វា​ទំនងជា​ត្រូវ​ប្រើប្រាស់​ដោយ​លោក​តែ​ម្នាក់ឯង​នោះ​។ លោក ត្រាំ បាន​ឆ្លើយ​វិញ​ថា «​វា​ចំណាយ​អស់​តិចតួច​ណាស់ បើ​ធៀប​នឹង​អ្វី​ដែល​យើង​ត្រូវ​ចំណាយ ប្រសិនបើ​យើង​ធ្វើ​តាម​របៀប​ផ្សេង​»​។

លោក​ប្រធានាធិបតី ត្រាំ បាន​ដាក់​បង្ហាញ​យន្តហោះ​១​គ្រឿង​នេះ កាលពី​ខែ​មុន ដើម្បី​ជំនួស​យន្តហោះ Boeing 747-2 ដែល​ដឹក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជាង​៣​ទសវត្សរ៍​មក​ហើយ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ចូល​និវត្តន៍​។ ទោះជា​យ៉ាងណា​ក៏​ដោយ យន្តហោះ Boeing 747-8 ដែល​ជា​កាដូ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​បន្ត​បម្រើ​ប្រធានាធិបតី​សហរដ្ឋអាមេរិក រហូត​ដល់​កងទ័ពអាកាស​ទទួល​បាន​យន្តហោះ​ប្រធានាធិបតី Boeing ស៊េរី​ថ្មី នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ​។

គួរ​បញ្ជាក់​ថា ការ​លេចឡើង​វត្តមាន​អំណោយ​ដ៏​ចម្រូងចម្រាស កាលពី​ឆ្នាំ​មុន បាន​បង្ក​ឱ្យ​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គណបក្ស​ទាំង ២ ប្រជាធិបតេយ្យ និង​សាធារណរដ្ឋ ប្រឆាំង​នឹង​លោក ត្រាំ ហើយ​ថែម​ទាំង​បង្កើន​ការ​ភ័យ​ខ្លាច​កាន់តែ​ខ្លាំង​ឡើង ជុំវិញ​បញ្ហា​ទំនាស់​ផលប្រយោជន៍​។ ប៉ុន្តែ​សេត​វិមាន​បាន​ច្រានចោល​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ ដោយ​ទទូច​ថា ការ​បរិច្ចាគ​បែប​នេះ គឺ​អនុលោម​តាម​ច្បាប់​ទាំងស្រុង​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>