ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចបវរធិបតី ៖ «ការអប់រំមិនអាចជោគជ័យបានទេ បើពឹងតែលើសាលា ដោយគ្មានការចូលរួមអប់រំ ពីក្នុងផ្ទះ និងសហគមន៍

37 នាទី មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​ថា ការ​អប់រំ​មិន​អាច​ជោគជ័យ​ទៅ​បាន ដោយ​គ្រាន់តែ​អប់រំ​ក្នុង​សាលារៀន​នោះ​ទេ តែ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ផ្តល់​ឱកាស និង​លើកទឹកចិត្ត​ក៏​ដូច​ជា អប់រំ​ពី​ក្នុងផ្ទះ រួម​ទាំង​សហគមន៍​ជុំវិញ​ខ្លួន​ផង​ដែរ ។

ការ​ថ្លែង​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​សម្តេច​ធិ​បតី និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ព​ង​ខ្ពស់ ក្នុង​ពិធី​អបអរ​ខួប​៣០​ឆ្នាំ របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) និង​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​សិស្ស​-​និស្សិត​ជ័យ​លា​ភី​ចំនួន​៥០០​នាក់ (​ស្រី​៣១៩ នាក់​) ក្នុង​កម្រិត​រិ​ញ្ញាប​ត្រ​បច្ចេកទេស សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស និង​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​៣ (C3) នៅ​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០២៦ ។

ក្នុង​ឱកាស​នោះ សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា គ្រួសារ​សំខាន់​ណាស់ បើ​គ្មាន​ការ​ផ្តល់​ឱកាស​របស់​ឪពុក​ម្តាយ​ឱ្យ​កូន​មក​រៀន​នោះ​នឹង​មានការ​លំបាក ខណៈ​សម្តេច​ក៏​ដឹង​ដែរ​ថា ឪពុក​ម្តាយ​ដែល​មាន​ជីវភាព​ប្រឈម គឺ​មាន​តែ​ការ​លះបង់ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កូន និង​ផ្តល់​ការ​លើកទឹកចិត្ត​ឱ្យ​កូន​ៗ​បាន​រៀន និង​ផ្តោតអារម្មណ៍​ដល់​ការ​រៀនសូត្រ គឺ​មិន​អាច​ធ្វើ​អ្វី​ផ្តាច់​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​នោះ​ទេ ។

សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ថែម​ទាំង​បាន​គូសបញ្ជាក់​ថា មិន​ថា នៅ​ក្នុង​សហគមន៍ ដែល​មាន​ជីវភាព​ធូរធា ជីវភាព​មធ្យម ឬ​មួយ​ជីវភាព​ក្រីក្រ គឺ​គ្រួសារ​ដើរតួ​នាទី​សំខាន់ ព្រោះថា​គ្រួសារ គឺជា​អ្នក​បង្ក​លក្ខណៈ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ដោយ​សម្តេច​សូម​អំពាវនាវ ដល់​ឪពុក​ម្តាយ​ជា​អាណាព្យាបាល បន្ត​ផ្តល់​ឱកាស គាំទ្រ​ទៅ​ដល់​កូន​ៗ​របស់​ខ្លួន ដោយ​ធ្វើការ​អប់រំ​នៅ​ក្នុងផ្ទះ​បន្ថែម​ទៀត ក្រៅពី​បញ្ជូន​ឱ្យ​ទទួល​បានការ​សិក្សា​នៅ​សាលារៀន ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ថា ៖ ការ​អប់រំ មិន​អាច​រៀន​បាន តែ​ក្នុង​សាលា​ទេ ត្រូវ​អប់រំ​ទាំង​ក្នុង​សាលា ទាំង​នៅផ្ទះ បូក​ជាមួយនឹង​នៅ​ក្នុង​សហគមន៍ ប៉ុន្តែ​ផ្ទះ និង​សាលា​គឺជា​កត្តា​សំខាន់ បើ​មក​រៀន​នៅ​សាលា ទៅ​ដល់​ផ្ទះ​ឪពុក​ម្តាយ​មិន​លើកទឹកចិត្ត មិន​ផ្តល់​តម្លៃ​ក្មួយ​ៗ ប្អូន​ៗ​គាត់​ពិបាក​មក​រៀន រៀន​ក៏​អាច​បោះបង់​ចោល ព្រោះ​បើ​មក​រៀន​ហើយ ចេញ​ទៅ​វិញ អារម្មណ៍​ភ័យ​ទៅ​ដល់​ផ្ទះ​ឪពុក​ម្តាយ​មិន​ឱ្យមក​រៀន​មិន​បង្ក​លក្ខណៈ​» ។

បន្ថែម​លើ​នេះ សម្តេច​ធិ​បតី បានឱ្យ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ទាំងអស់​យល់​ថា ការ​បញ្ជូន​កូន​ៗ​របស់​ខ្លួន​ទៅ​សិក្សា ប្រៀប​បានជា​ការ​វិនិយោគ ដោយ​សុខចិត្ត​លំបាក​បន្តិច​ឱ្យ​កូន​មក​រៀន ដូច​ជា ឱ្យ​កូន​មក​វិនិយោគ នៅ​ក្នុង​ការ​បង្កើន​ធនធាន​នៅ​ក្នុង​គ្រួសារ បាន​ន័យ​ថា កូន​ម្នាក់​មក​រៀន កសាង​សមត្ថភាព និង​មាន​លំនឹង​ក្នុង​ជីវិត​នឹង​អាច​ជួយ​ខ្លួនឯង ព្រមទាំង​ថ្ងៃក្រោយ​ឪពុក​ម្តាយ​លែង​លំបាក ហើយ​តាម​រយៈ​ការ​ជួយ​មក​គ្រួសារ​ថែម​ទៀត នេះ គឺជា​កត្តា​សំខាន់ ដែល​ក្រុម​គ្រួសារ​ដើរតួ​នាទី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>