រួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលតែងតែបង្កភាពចលាចលដល់ពលរដ្ឋនិងសង្គមជាតិ
- ពោធិ៍សាត់
ខេត្តពោធិសាត់ ៖ វិទ្យាល័យពោធិ៍សាត់បានក្លាយជាទីតាំងដ៏សំខាន់មួយ ក្នុងការរៀបចំយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ។ ពិធីនេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី០២ខែកក្កដាឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ស៊ុំ វឌ្ឍនៈអនុរដ្ឋលេខាធិការ តំណាងឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ញឹក បានខេង អភិបាលរង តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត លោក លាង ទិតដ្ឋាន ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណជាង1000នាក់។
ការរៀបចំយុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ)ជាលើកទី២នេះ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃព័ត៌មានមិនពិតនៅលើបណ្តាញសង្គម ដោយផ្តោតលើការអប់រំសិស្សានុសិស្ស ឱ្យយល់ដឹងពីផលប៉ះពាល់ដ៍ធ្ងន់ធ្ងរនៃព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត មកលើសង្គមជាតិនិងបុគ្គល។ បណ្តុះបណ្តាលជំនាញឌីជីថល ក្នុងការផ្ទៀងផ្ទាត់ប្រភពព័ត៌មាន មុននឹងជឿឬចែករំលែក ។ បង្កើតបណ្តាញយុវជនស្រឡាញ់ការពិត ដើម្បីលុបបំបាត់ព័ត៌មានបំពុលក្នុងសហគមន៍។
លោក ញឹក បានខេង បានកោតសរសើរចំពោះមន្ទីរព័ត៌មានខេត្តពោធិ៍សាត់ ដែលបានរៀបចំយុទ្ធនាការនេះឡើង ចំពេលដែលសង្គមឌីជីថលកំពុងដើរតួនាទីយ៉ាងលឿន និងបានជម្រុញឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្ត បន្តផ្សព្វផ្សាយសារនេះឱ្យបានទូលំទូលាយ។ ព័ត៌មានក្លែងក្លាយ គឺជាអាវុធលាក់មុខដែលអាចបំផ្លាញសណ្តាប់ធ្នាប់សង្គម និងសេចក្តីថ្លៃថ្នូររបស់បុគ្គលបានយ៉ាងងាយ។ ក្មួយៗជាទំពាំងស្នងឫស្សី និងជាអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងសកម្ម ដូច្នេះត្រូវមាន”វិចារណញ្ញាណ” ខ្ពស់ មុននឹងចុច Share ត្រូវសួរខ្លួនឯងថា តើព័ត៌មាននេះពិតឬក្លែងក្លាយ? ចេញពីប្រភពណា? និងផ្តល់ផលប្រយោជន៍ដល់សង្គមដែរឬទេ?។
ព័ត៌មានក្លែងក្លាយគឺជាបញ្ហាប្រឈមដ៍ធំមួយនៅក្នុងយុគសម័យឌីជីថល ដែលវាបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំង ដល់បុគ្គលម្នាក់ៗនិងសង្គមជាតិទាំងមូល។ បុគ្គលដែលជាជនរងគ្រោះនៃការវាយប្រហារដោយព័ត៌មានក្លែងក្លាយ ឬការមូលបង្កាច់ អាចត្រូវបាត់បង់ឱកាសការងារ ទំនាក់ទំនងក្នុងសង្គម និងការរើសអើងពីមនុស្សជុំវិញខ្លួន។ នៅពេលព័ត៌មានក្លែងក្លាយរីករាលដាលខ្លាំង វាធ្វើឲ្យសាធារណជនលែងមានទំនុកចិត្ត លើប្រភពព័ត៌មានផ្លូវការ ស្ថាប័នរដ្ឋ និងអ្នកសារព័ត៌មានអាជីព ដែលនាំឲ្យមានភាពវឹកវរក្នុងការគ្រប់គ្រងព័ត៌មាន។ ព័ត៌មានក្លែងក្លាយ ជារឿយៗត្រូវបានគេប្រើប្រាស់ដើម្បីញុះញង់ បង្កើតការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ដែលធ្វើឲ្យមានការបែកបាក់សាមគ្គីភាព និងអាចឈានទៅដល់អំពើហឹង្សាទៀតផង។
ឯកឧត្តម ស៊ុំ វឌ្ឍនៈ បានជម្រាបជូនថា យុទ្ធនាការនេះគឺត្រូវបានផ្ដួចផ្ដើមនិងដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់សន្តិសុខព័ត៌មាន និងធានាការទទួលព័ត៌មានពិត ប្រកបដោយគុណភាពនិងសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទូទៅ។ ខណៈការទទួលនិងប្រើប្រាស់ព័ត៌មានប្រឈមនឹងហានិភ័យ និងគ្រោះថ្នាក់ដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ យុទ្ធនាការនេះត្រូវបានទទួលស្គាល់ថា បានដើរតួនាទីយ៉ាងសំខាន់ កាត់បន្ថយផលវិបាកអវិជ្ជមាន និងការពារប្រជាពលរដ្ឋពីគ្រោះថ្នាក់នានា ដែលបង្កឡើងដោយព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានដែលបង្កើតឡើងដោយបច្ចេកវិទ្យាសិប្បនិមិត្តAI។
ឯកឧត្តមឲ្យដឹងថា កាលពីឆ្នាំ២០២៥កន្លងទៅនេះ មានព័ត៌មានក្លែងក្លាយជិត៤០០០ព័ត៌មាន ដែលបានចាក់ចូលក្នុងបណ្ដាញសង្គម ជាព័ត៌មានប៉ះពាល់ទៅដល់សង្គម ប៉ះពាល់ទៅដល់ស្ថេរភាព សន្តិភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដែលនិយាយជារួមគឺបង្កចលាចលសង្គម។ ដើម្បីទប់ស្កាត់បញ្ហានេះ ទាំងបុគ្គលនិងសង្គម ត្រូវបង្កើនចំណេះដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងឌីជីថល ដោយការផ្ទៀងផ្ទាត់ប្រភពព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងជឿឬចែករំលែក។
យុទ្ធនាការនៅវិទ្យាល័យពោធិ៍សាត់ បានបន្សល់ទុកនូវការយល់ដឹងថ្មីមួយសម្រាប់យុវជនខេត្តពោធិ៍សាត់ ក្នុងការធ្វើជាខែលការពារសង្គមឌីជីថល ឱ្យមានភាពស្អាតស្អំនិងសុវត្ថិភាព ។
ក្នុងឱកាសនោះ ដើម្បីឱ្យយុទ្ធនាការកាន់តែមានភាពរស់រវើក និងជ្រាបចូលក្នុងស្រទាប់យុវវ័យ មន្ទីរព័ត៌មានខេត្ត ក៍មានសំណួរចម្លើយ ដើម្បីទទួលយករង្វាន់ផងដែរ ៕












<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ