កម្ពុជា-អាម៉េរិក ចុះកិច្ចព្រមព្រៀងបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា កម្ពុជានិងសហរដ្ឋអាម៉េរិក ចុះកិច្ចព្រមព្រៀងបើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាសឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត ។
ថ្លែងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២ កក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា ពិធីចុះហត្ថលេខាបានធ្វើឡើងរវាងឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេសសហរដ្ឋអាមេរិក នាទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។
អ្នកនាំពាក្យបានលើកឡើងថា នេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងធ្វើឱ្យទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាម៉េរិកឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត ។
ឯកឧត្តមថាកិច្ចព្រមព្រៀងនេះ បានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation – DFC’s) បានអនុម័តកាលពីពេលថ្មីៗនេះនូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន១០០លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ដែលបញ្ជាក់ពីការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក។
ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា «កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពសម្រាប់អ្នកដំណើរនិងក្រុមហ៊ុនដឹកជញ្ជូន ជាពិសេសសម្រាប់ការលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម»។
សូមបញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងពង្រឹងក្របខណ្ឌអាកាសចរណ៍ស៊ីវិលទ្វេភាគីដែលមានស្រាប់ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ