រាជធានីភ្នំពេញ ៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវដល់បងប្អូនអតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ សូមចុះឈ្មោះ ដើម្បីទទួលបានឱកាសការងារសមរម្យ ខណៈបច្ចុប្បន្នមានតម្រូវការជ្រើសរើសបុគ្គលិក និងកម្មករនិយោជិតមានជាង ៩ ម៉ឺនកន្លែង នៅទូទាំងប្រទេស ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅល្ងាចថ្ងៃទី១ ខែកក្កដានេះ បានជំរុញដល់បងប្អូនអតីតពលករ និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើក្នុងស្រុកសូមទាក់ទងទៅលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារធ្វើបានលឿនរហ័ស ។

លោកបញ្ជាក់ថា៖ «ឱកាសការងារនៅកម្ពុជាមានប្រមាណជាង ៩ម៉ឺនកន្លែង នេះជាពិសេសវិស័យឧស្សាហកម្ម ដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋយើង ដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះ បងប្អូនខ្មែរយើង ឬពលករដែលចង់បានការងារសូមទាក់ទងលេខទូរសព្ទ ១២៩៧ ដើម្បីទទួលបានការងារភ្លាមៗ» ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការងារ ក្រើនរំលឹកឱ្យពលរដ្ឋខ្មែរមិនត្រូវប្រថុយប្រថានឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ខណៈប្រទេសទាំងពីរកំពុងបន្តមានអរិភាពតាមបន្ទាត់ព្រំដែន។ លោកបានលើកឡើងពីហានិភ័យនៃការធ្វើចំណាកស្រុកដោយខុសច្បាប់ដូចជាការរំលោភបំពានពីនិយោជក ការមិនផ្តល់អត្ថប្រយោជន៍ស្របតាមច្បាប់ ឬការចុះអធិការកិច្ចពីអាជ្ញាធរម្ចាស់ប្រទេសដែលនាំដល់ការចាប់ខ្លួនជាដើម ។

បើតាមលោក ស៊ុន មេសា ក្រសួងការងារនឹងបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរគ្រប់រូប ឱ្យទទួលបានការងារសមរម្យ មានប្រាក់ចំណូល និងរួមចំណែកលើកកម្ពស់ជីវភាពគ្រួសារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ៕ អត្ថបទសហការ

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ