ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែនជ័យ ​ចុះ​ត្រួត​ពិ​និត្យរបង​ថ្ម​ដែល​ពលរដ្ឋ ចោទ​ថា​សង់​លើ​ប្រឡាយ ​ហើយ​ណែនាំ​ឱ្យ​ម្ចាស់​វា.យ​ចេញ

54 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន កោះសន្តិភាព​ជុំវិញ​ការ​ចោទប្រកាន់​ថា រោងចក្រ និង​ផែស្ងួត​មួយ​បាន​សង់​របង​ថ្ម បិទ​លើ​ខ្នង​លូ​បេតុង​នៅ​ក្នុងភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ស្នើ​សុំ​ឱ្យ​មានការ​បើក​ច្រក​ផ្លូវនៅ​លើ​ខ្នង​ប្រឡាយ​សាធារណៈ​នេះ លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌ​ពោធិ៍​សែន​ជ័យ​ព្រមទាំង​មន្ត្រី​ជំនាញ​ក៏បាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង និង​បាន​ណែនាំ​អោយ​ម្ចាស់​វាយ​របង​ថ្ម​នោះ​ចេញ ​។

នៅ​ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ជាក់ស្តែង​នោះ​ដែរ អាជ្ញាធ​រក៏បាន​បញ្ជា់​ថា ទីតាំង​ប្រឡាយ​នោះ​មិនមែន​ជា​ផ្លូវ​សាធារណៈ​នោះ​ទេ ហើយ​ប​ច្ចប្ប​ន្នក៏​មិន​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឡើយ ​។ ​ទោះបីជា​យ៉ាងណា​ម្ចាស់​ក៏បាន​ឯកភាព​វាយ​ចោល បើសិនជា​អា​ជ្ញ​ធរ ត្រូវធ្វើ​ជា​ផ្លូវ​សាធារណៈ​ម្ចាស់​ក៏បាន​ឯកភាព​ដែរ ​។

តាម​មន្ត្រី​ជំនាញ​សាធារណៈការ​បានអោយ​ដឹង​ថា ប្រព័ន្ធ​លូ​នោះ​មាន​ប្រវែង​ ៣៨៧​ម៉ែត្រ ដើម​ឡើយ​ជាដី​កម្មសិទ្ធិ​របស់​គេ​ហើយ របង​ជា​របងចាស់​មាន​តាំងពី​មុន​ធ្វើប្រឡាយ ។​ ដោយសារ​តែ​ស្ថានភាព​ទឹកបាន​ជន់​លិច​ភូមិ​នៅ​ឆ្នាំ ​២០១៤ លោក​ ហែម រិ​ទ្ធ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ចាស់ បាន​ស្នើ​ម្ចាស់​កម្មសិទ្ធិ​ ២​នាក់​ដែល​មាន​ព្រំ​ដី​ជាប់​គ្នា អោយ​កាយ​ធ្វើ​ជា​ប្រឡាយ ដើម្បីរំដោះ​ទឹក ​។​ លុះ​ក្រោយមក​ដោយសារ​តែ​ដី​ប្រឡាយ​ចេះ​តែ​បាក់ នៅ​ឆ្នាំ​ ២០២៤ ​ម្ចាស់​ក៍បាន​បុក​ស៊ី​ផាយ​ដាក់​លូ ដាក់​លូ​ប្រអប់ ​និង​បាំង​របងផ្នែក​ខាងក្រោយ​ដើម្បី​ការពារ​ចោរ​ចូល​លួច ។ មន្ត្រី​រូប​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​មានការ​ចុះ​ពិនិត្យ​ជាក់ស្ដែង លោក​អភិបាល​ខណ្ឌ​ក៏​បាន​ណែនាំ​ឲ្យ​ម្ចាស់​វាយ​របង​ចាស់​នោះ​ចោល ហើយ​ម្ចាស់​ក៍ឯក​ភាព​តាម​ការ​ណែនាំ​របស់​លោក​អភិបាល​ខណ្ឌ ​។

គួរ​បញ្ជាក់​ថា នៅ​ពេល​ថ្មី​ៗ​នេះ ប្រជាពលរដ្ឋរស់នៅ​ក្នុងភូមិ​ក្រាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្ហាញ​ការ​មិន​ពេញចិត្ត និង​ស្នើ​សុំ​ឱ្យ​មានការ​បើក​ច្រក​ផ្លូវនៅ​លើ​ខ្នង​ប្រឡាយ​សាធារណៈ​មួយ​នេះ ​។ តាមប្រជាពលរដ្ឋបានឱ្យ​ដឹង​ថា ប្រឡាយ​ទឹក​នេះ បច្ចុប្បន្ន​ត្រូវ​បាន​រៀបចំ​ដាក់​លូ​បេតុង​ខ្នាត​ធំ (​ទទឹង ៥ ម៉ែត្រ និង​កម្ពស់ ២,៥​ម៉ែត្រ​) ក្នុង​គោលបំណង​បញ្ចៀស​ទឹកភ្លៀង និង​កាត់​បន្ថយ​ការ​លិចលង់​ក្នុង​រដូវវស្សា​ ។

ទីតាំង​នេះ ជា​ចំណុច​ត​ភ្ជាប់​ពី​លូ​ធំ​ក្រោម​ផ្លូវ​ល្បឿន​លឿន មក​ទល់​នឹង​ប្រឡាយ​កាត់​ទទឹង​ជាប់​ផ្លូវ​ឆេ​កូ (​ផ្លូវ​បង្គោល​អគ្គិសនី​​ធំ​ៗ)​ ។​បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​ប្រជាពលរដ្ឋ លោក​អភិបាល​ខណ្ឌ ក៏​ណែនាំ​អោយ​ម្ចាស់​វាយ​របង​នោះ​ចោល ទុកជា​ផ្លូវ​សាធារណៈសម្រាប់​អ្នក​ភូមិ​ធ្វើ​ដំណើរ​ ៕​

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>