ផ្លូវខេត្តលេខ 330 តភ្ជាប់ពីផ្សាករអណ្ដើកទៅច្រកព្រំដែនស្វាយអាង៉ោង កំពុងរងការខូចខាតធ្ងន់ធ្ងរ ពលរដ្ឋស្នើអាជ្ញាធរ និងមន្ត្រីជំនាញ ជួយជួសជុល
- ព្រៃវែង
ខេត្តព្រៃវែង ៖ ផ្លូវកៅស៊ូមួយខ្សែដែលជាផ្លូវខេត្តលេខ 330 តភ្ជាប់ពីផ្លូវជាតិលេខ 1 ត្រង់ចំណុចផ្សារក៏អណ្ដើក ចាក់ទៅដល់ច្រកព្រំដែនស្វាយអាង៉ោង ប្រវែង 27 គីឡូម៉ែត្រ បច្ចុប្បន្នកំពុងរងការខូច ខាតធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកជាខ្លាំង ពេលធ្វើដំណើរឆ្លងកាត់ផ្លូវនេះម្ដងៗ។
ពលរដ្ឋនៅឃុំថ្កូវ បានឲ្យដឹងថា ផ្លូវមួយខ្សែនេះបានខូចខាតជិតមួយឆ្នាំមកហើយ ដោយសារតែរថយន្តធំៗបើកឆ្លងកាត់ទាំងថ្ងៃទាំងយប់ ធ្វើឲ្យតួផ្លូវបែកខូចនិងមានជង្ហុកធំៗ គួបផ្សំពេលនេះជារដូវភ្លៀងធ្លាក់ផង ធ្វើឲ្យជង្ហុកទាំងនោះមានទឹកដក់ បែកភក់ល្បាប់ ពិបាកធ្វើដំណើរខ្លាំងណាស់។
ពលរដ្ឋទាំងនោះបានបញ្ជាក់ថាផ្លូវខេត្តលេខ 330 នេះបានខូចច្រើនខែមកហើយ ប៉ុន្តែមិនដែលឃើញមន្ត្រីជំនាញ ចុះមកពិនិត្យ និងជួសជុលឡើយ ឃើញមានតែអាជ្ញាធរស្រុកចុះមកពិនិត្យមើល រួចណែនាំឲ្យអាជ្ញាធរឃុំរៃអង្គាសប្រាក់ប្រជាពលរដ្ឋ ទិញដីចាក់លុបជង្ហុក សម្រួលការធ្វើដំណើរបណ្ដោះអាសន្ន ហើយបានតែប៉ុន្មានថ្ងៃ ក៏ខូចអស់វិញដដែល។
លោក ភុន សម្ផស្ស អភិបាលស្រុកកំពង់ត្របែកបានឲ្យដឹងថា ផ្លូវខេត្តលេខ 330 នេះស្ថិតនៅក្រោមការគ្រប់គ្រងថែទាំ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ហើយបច្ចុប្បន្នផ្លូវនេះកំពុងរងការខូចខាតធ្ងន់ធ្ងរពិតមែន។
លោកអភិបាលស្រុកកំពុងត្របែកបានបញ្ជាក់ថា នៅចំពោះមុខលោកបានណែនាំឲ្យអាជ្ញាធរឃុំរៃអង្គ្រាសរដ្ឋវិកាដើម្បីទិញដីចាក់លុបជង្ហុក ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋសិន។ ហើយលោកកំពុងធ្វើលិខិតស្នើសុំ ដាក់ជូនទៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដើម្បីឲ្យជួយចុះមកពិនិត្យ និងជួសជុលផ្លូវនេះឡើងវិញផងដែរ។
ដោយឡែកលោក ឡុក វុទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ដោយទូរសព្ទរបស់លោកខលចូល ជាប់ប្រព័ន្ធ voice mail រហូត ៕








<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ