ប្ររទេសនីហ្សេរីយ៉ា ៖ អាជ្ញាធរមូលដ្ឋាននីហ្សេរីយ៉ាគូសបញ្ជាក់ កាលពីថ្ងៃទី៣០ មិថុនា ថា សិស្សសាលា៣៦នាក់ និងគ្រូ៣នាក់បាត់ខ្លួន បន្ទាប់ពីការវាយប្រហារសាលារៀនមួយ ដោយក្រុមជនប្រដាប់អាវុធនៅភាគឦសានប្រទេស ។

ការវាយប្រហារនោះ កើតមានកាលពីថ្ងៃទី២៩ មិថុនា នៅសាលាមធ្យមសិក្សា LASSA DAY ស្ថិតក្នុងតំបន់ASKIR UBA ក្នុងរដ្ឋប័រណូបណ្ដាលឲ្យគ្រូបង្រៀនម្នាក់ស្លាប់ ។ អ្នកនាំពាក្យរបស់អភិបាលរដ្ឋប័រណូក្នុងសេចក្ដីប្រកាសមួយថ្លែងថា ក្មេងស្រី២៥នាក់និងក្មេងប្រុស១១នាក់ ព្រមទាំងគ្រូបង្រៀន៣នាក់ ត្រូវចាប់ពង្រត់ក្នុងពេលវាយប្រហារ ។ រដ្ឋអំណាចរដ្ឋប័រណូគូសបញ្ជាក់ថា អាជ្ញាធរនឹងរួមសហការជាមួយកងកម្លាំងសន្តិសុខ និងបណ្ដាអ្នកទទួលខុសត្រូវមូលដ្ឋាន ដើម្បីធានាដល់ការវិលត្រឡប់មកវិញដោយសុខសប្បាយរបស់អ្នកទាំងនោះ។
បណ្ដាសិស្សសាលាដែលប្រឡងបញ្ចប់ការសិក្សាមធ្យមសិក្សា ពេលរងការវាយប្រហារ និងចាប់ពង្រត់មានអាយុពី១៥ ទៅ១៨ឆ្នាំ។ ពុំទាន់មានក្រុមណាមួយប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារ និងចាប់ពង្រត់នោះនៅឡើយ ប៉ុន្តែការបះបោររបស់ បណ្ដាក្រុមប្រដាប់អាវុធក្នុងតំបន់ បណ្ដាលឲ្យមនុស្សស្លាប់ច្រើនពាន់នាក់ និងបង្ខំឲ្យមានអ្នករត់ភៀសខ្លួនច្រើនលាន
នាក់។
កាលពីដើមខែមុន កងទ័ពនីហ្សេរីយ៉ា បានជួយសង្គ្រោះមនុស្សជាង៣០០នាក់ ដែលចាប់ពង្រត់ដោយពួកបូកូហារ៉ាម នៅNHOSHE ជាទីក្រុងមួយស្ថិតនៅចម្ងាយប្រមាណជា១១៤គីឡូម៉ែត្រពីក្រុងLASSA កន្លៃងចាប់ពង្រត់កាលពីថ្ងៃទី២៩ មិថុនា៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ