ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ រកចំណូលបានជាង១ពាន់លានដុល្លារពីគ្រីបតូ កាល​ពីឆ្នាំ២០២៥

2 ម៉ោង មុន

យោងតាមរបាយការណ៍ហិរញ្ញវត្ថុចាំបាច់សម្រាប់ឆ្នាំ២០២៥ ដែលចុះផ្សាយដោយសារព័ត៌​មាន BBC News បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក​ដូណាល់ ត្រាំ រកចំណូល​បានជាង​១ពាន់លានដុល្លារ (ប្រហែល​៧៥០លានផោន) កាលពីឆ្នាំមុន តាមរយៈការធ្វើអាជីវកម្មលើរូបិយប័ណ្ណឌីជីថល (Crypto) ។

នៅក្នុងឯកសារបង្ហាញព័ត៌មានកម្រាស់​៩២៧ទំព័រ បានលម្អិតពីប្រភពចំណូលសំខាន់ៗរបស់លោកដូចខាងក្រោម៖

ប្រាក់កម្រៃជើងសារ​៦៣៥លានដុល្លារ បានមកពីកាក់ Meme ផ្ទាល់ខ្លួនរបស់លោក (Trump meme coin) ទោះបីជាតម្លៃកាក់នេះ បានធ្លាក់ចុះយ៉ាងខ្លាំង ក្រោយពេលដាក់ឱ្យដំណើរការ​៣ថ្ងៃ មុនពេលលោកចូលកាន់តំណែងក៏ដោយ ។

ប្រាក់ចំណូលជាង៥០០លានដុល្លារ បានមកពីក្រុមហ៊ុនគ្រីបតូ World Liberty Financial ដែលបង្កើតឡើងដោយកូនប្រុសរបស់លោកផ្ទាល់ រួមផ្សំជាមួយកូនៗរបស់លោក Steve Witkoff ដែលជាបេសកជនពិសេសរបស់លោក ។

លោកក៏រកបានប្រាក់រាប់លានដុល្លារបន្ថែមទៀត ពីអាជីវកម្មអចលនទ្រព្យ និងការលក់ផលិតផលផ្សេងៗដែលមានម៉ាកយីហោ TRUMP ។

ចំណូលកាលពីឆ្នាំ២០២៥​នេះ មានការកើនឡើងយ៉ាងខ្លាំង បើធៀបនឹងឆ្នាំ២០២៤ ដែលកាលនោះ លោក ត្រាំ បានរាយការណ៍ពីប្រាក់ចំណូលសរុបជាង​៦០០លានដុល្លារ ។

ទោះបីជាមានការរកចំណូលបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក៏ដោយ សេតវិមានបានចេញមុខបដិសេធម្តងហើយម្តងទៀតថា លោក​ត្រាំ មិនបានទាញយកប្រាក់ចំណេញពីតំណែងជាប្រធានាធិបតីនោះទេ ហើយក៏គ្មាន «ជម្លោះផលប្រយោជន៍» ណាខុសច្បាប់ដែរ ដោយសារលោកបានផ្ទេរការគ្រប់គ្រងអាជីវកម្មទាំងអស់ទៅឱ្យកូនប្រុសរបស់លោកជារៀប​ចំរួចរាល់ហើយ។

ទន្ទឹមនឹងនេះដែរ លោកស្រី Anna Kelly អនុលេខាធិការសារព័ត៌មានសេតវិមាន បានលើកឡើងដោយមោទនភាពថា៖ «ប្រធានាធិបតីបានធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជា រដ្ឋធានីគ្រីបតូរបស់ពិភពលោក» ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>