ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តេ​ជោ​លី​គ​រដូវ​កាល​ទី​៣​ រក​ឃើញ​ក្រុម​ខ្លាំង​ចំនួន​៤​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទះ​ដ៏​ធំ​ប្រចាំ​ប្រទេស «​តេ​ជោ​លី​គ​» រដូវ​កាល​ទី​៣ ឆ្នាំ​២០២៦ បាន​រក​ឃើញ​ក្រុម​ខ្លាំង​ទាំង​៤​រួចរាល់​ហើយ​ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ និង​កក្រើក​បំផុត​កាលពី​ថ្ងៃ​ទី​២៧ និង​២៨ ខែមិថុនា ឆ្នាំ​២០២៦ ។

ពានរង្វាន់​កីឡាបាល់ទះ តេ​ជោ​លី​គ​រដូវ​កាលទី​៣ បាន​ធ្វើការ​ប្រកួត​យ៉ាង​ជក់ចិត្ត​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កដោយ​មានការ​ចូលរួម​ពី​បណ្តា​ក្លិប​ធំ​ៗ និង​មានការ​ដោះ​ដូរ​កីឡាករ​ទាំង​ជាតិ និង​អន្តរជាតិ​ដើម្បី​បង្កើន​សមត្ថភាព​ក្រុម​។

ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​តាម​ដំណាក់កាល​ជុំ​ទី​១ និង​ជុំ​ទី​២ យ៉ាង​តានតឹង រូបមន្ត​ប្រកួត​បាន​តម្រូវ​ឱ្យ​យក​តែ​ក្រុម​កំពូល​តារាង​ចំនួន​៤​គត់ ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ដើម្បី​ទទួល​បាន​កៅអី​មាស​ឡើង​ទៅ​ប្រជែង​គ្នា​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

យោង​តាម​ទម្រង់​លេង និង​លទ្ធផល​បច្ចេកទេស ក្លិប​បាល់ទះ​លំដាប់​កំពូល​ដែល​បាន​បង្ហាញ​ភាព​លេចធ្លោ និង​ដណ្តើម​បាន​កៅអី​វគ្គ Top 4 រួម​មាន​៖
១-​សមាគម​បាល់ទះ​វិសាខា ជា​ក្រុម​ខ្លាំង​ដែល​មាន​សមត្ថភាព​ខ្ពស់ និង​រក្សា​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ដោយ​លេង​៥​ប្រកួត​ឈ្នះ​ទាំង​៥​ប្រកួត​មាន​១៤​ពិន្ទុ​។

២-​ក្លិប​បាល់ទះ​បញ្ជាការដ្ឋាន​អង្គរក្ស​ជា​ក្រុមការពារ​តំណែង​ជើងឯក​ដែល​ពោរពេញ​ដោយបទ​ពិសោធន៍ និង​កីឡាករ​ឆ្នើម​ៗ ដោយ​លេង​៥ប្រកួត ឈ្នះ​៤ ចាញ់​១ មាន​១២​ពិន្ទុ​។
៣-​ក្រុមកីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាលខេត្តស្វាយរៀង ជា​ក្រុម​ដែល​មាន​យុទ្ធសាស្ត្រលេង​យ៉ាង​ស្វិតស្វាញ​ដោយ​លេង​បាន​៥​ប្រកួតឈ្នះ​៣ ចាញ់​២ មាន​៩​ពិន្ទុ និង
៤- ក្រុមកីឡា​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជា​ក្រុម​ដែល​បាន​តស៊ូ​យ៉ាង​ខ្លាំងក្លា​រហូត​ដណ្តើម​បាន​កៅអី​ឱកាស​ចុង​ក្រោយ​ដោយ​លេង​៥​ប្រកួត​ឈ្នះ​២ ចាញ់​៣ មាន​៦​ពិន្ទុ​។

ចំណែកឯ​ក្រុម​កម្រិត​ក្រោម ដូច​ជា​ក្រសួងមហាផ្ទៃ​, ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​,ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​ក្រុម​កងពលធំ​អន្តរាគមន៍​លេខ​៣ ត្រូវ​ខកខាន​ឱកាស និង​ធ្លាក់​ចេញពី​ការ​ប្រកួត​ត្រឹម​វគ្គ​នេះ​។

សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រដ៏​ជក់ចិត្ត​នេះ នឹង​ត្រូវធ្វើ​ឡើង​តាម​រូបមន្ត​ខ្វែងដោយ​ផ្អែក​លើ​ចំណាត់ថ្នាក់​ពិន្ទុ ។ ក្រុម​ចំណាត់ថ្នាក់​លេខ​១ (​វិសាខា​) ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុមចំណាត់ថ្នាក់​លេខ​៤(​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​) និង​ក្រុម​ចំណាត់ថ្នាក់​លេខ ២ (​បញ្ជាការដ្ឋាន​អង្គរក្ស​) ត្រូវ​ជួប​ប្រកួត​ជាមួយក្រុម​ចំណាត់ថ្នាក់​លេខ​៣(​ស្នងការដ្ឋាន​ខេត្ត​ស្វាយ
រៀង​)​។ យោង​តាម​ការ​រៀបចំ​របស់​គណៈកម្មការ ការ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២៦ ។

ក្រុម​ដែល​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ជំនួប​ទាំង​ពីរ​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​ជើងឯក​ដ៏​អស្ចារ្យ​ប្រចាំ​រដូវ​កាល​ទី​៣ នេះ ខណៈ​ក្រុម​ចាញ់​ត្រូវ​ប្រកួត​គ្នា​ដណ្តើម​យក​ចំណាត់ថ្នាក់​លេខ​៣ ។ ការ​ប្រកួត​នេះ មិន​ត្រឹមតែ​ដើម្បី​កិត្តិយស និង​ពានរង្វាន់​នោះ​ទេ ប៉ុន្តែ​ក៏​មានការ​កើនឡើង​នូវ​ប្រាក់​រង្វាន់​លើស​ពី ១០០ លាន​រៀល​ផង​ដែរ ដែល​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់តែ​មាន​ភាព​ទាក់ទាញ និង​កក្រើក​ខ្លាំង​សម្រាប់​អ្នកគាំទ្រ​បាល់ទះ​ទូ​ទាំង​ប្រទេស ៕