ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៦ខែដើមឆ្នាំ២០២៦ មន្ត្រីអន្តោប្រវេសន៍ឃាត់ស្ត្រីខ្មែរជិត២០០ នាក់ ក្រោយសង្ស័យធ្វើដំណើរទៅក្រៅប្រទេសមិនប្រក្រតី

3 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២៦​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បាន​ផ្អាក​ដំណើរការ​ស្ត្រី​ខ្មែរ​ចំនួន​១៩៨​នាក់ ។

ប្រភព​បាន​លើក​ឡើង​ថា ការ​ឃាត់​ដំណើរ​នេះ គឺ​បន្ទាប់​ពី​មន្ត្រី​អន្តោប្រវេសន៍​ជំនាញ​ដាក់​ការ​សង្ស័យ ពិនិត្យ និង​សាកសួរ​រហូត​រក​ឃើញ​ថា បាន​ធ្វើ​ដំណើរ​ដោយ​គ្មាន​គោលបំណង​ច្បាស់លាស់ ពោល គឺ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ។

បញ្ហា​ស្ត្រី​ខ្មែរ​ដែល​រង​គ្រោះ ដោយសារ​ការ​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ក្រៅប្រទេស គឺជា​ចំណុច​ស្នូល​មួយ​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​យកចិត្តទុកដាក់ ស្រប​តាម​គោល​គោលការណ៍​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ របស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ។

ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ​២០២៥ និង​លើក​ទិស​ដៅ​ឆ្នាំ​២០២៦ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ណែនាំ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ក្នុង​សង្គម​ទាំងអស់ បន្ត​យកចិត្តទុកដាក់​រួម​គ្នា​បង្កើន​ការ​ផ្សព្វផ្សាយ និង​អប់រំ​តាម​គ្រប់​មធ្យោបាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទូលំទូលាយ​អំពី​គ្រោះថ្នាក់​នៃ​អំពើ​ជួញដូរ​មនុស្ស ។

ប្រមុខ​ក្រសួងមហាផ្ទៃ ក៏​បាន​គូសបញ្ជាក់​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ក្រុម​ជនល្មើស​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​បន្ត​ប្រើ​ល្បិច​កល​បោក​បញ្ឆោត និង​អូស​ទាញ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​វិធីសាស្ត្រ និង​គ្រប់​មធ្យោបាយ ក្រោម​រូបភាព​នាំ​ទៅ​រៀប​ការ​ជាមួយ​ស្វាមី​ជា​ជនបរទេស ដើម្បី​ភាព​មានបាន ឬ​អូស​ទាញ​ទៅ​ធ្វើការ​ងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​នៅ​បរទេស​ជាដើម ។

ប្រភព​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​៦​ខែ ដើមឆ្នាំ​២០២៥ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៥​ពាន់​នាក់ ដែល​ប្រព្រឹត្ត​បទល្មើស​ផ្សេង​ៗ​នៅ​ក្រៅប្រទេស ត្រូវ​បាន​អាជ្ញាធរ​បរទេស​សាមី​បញ្ជូន​មក​កម្ពុជា​វិញ ខណៈ​សមត្ថកិច្ច​កម្ពុជា ក៏​បាន​សហការ​ជួយ​សង្គ្រោះ​ស្ដ្រីជន​ជាតិខ្មែរ​ចំនួន​១៨០​នាក់ បញ្ជូន​ពី​មក​កាន់​មាតុភូមិ បន្ទាប់​ពី​ចាញ់បោក​មេខ្យល់​អូស​ទាញ​នាំ​ទៅ​រៀប​ការ​ជាមួយ​ជនបរទេស​៕