ទូតចិននៅកម្ពុជា៖ ចិន-កម្ពុជា គឺជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍន៍រួមគ្នាដែលមានចំណងមិត្តភាពដែកថែបដ៏រឹងមាំមិនអាចបំបែកបាន
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានលើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏ល្អសម្រាប់ការអភិវឌ្ឍន៍រួមគ្នា ដែលមានចំណងមិត្តភាពដែកថែបដ៏រឹងមាំដែលមិនអាចបំបែកបាន ។ នេះបើយោងតាមសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីអំឡុងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទស្សនកិច្ចនៅប្រទេសចិន ។
ឯកអគ្គរដ្ឋទូតចិនក៏បានលើកឡើងថា ភាគីចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ស្ថិតនៅជួរអាទិភាពនៃការទូតជាមួយប្រទេសជិតខាង ហើយរីករាយសហការជាមួយប្រទេសកម្ពុជា ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ សាមគ្គីគ្នាយ៉ាងស្អិតរមួត និងជម្រុញការកសាងសហគមន៍វាសនា រួមរវាង ចិន-កម្ពុជា គ្រប់រដូវកាលនៅក្នុងយុគសម័យថ្មី ទទួលសមិទ្ធផលកាន់តែច្រើន បន្ថែមកម្លាំងចលករដល់ការធ្វើទំនើបកម្មនៃប្រទេសទាំងពីរ ។
ឯកឧត្តមបានបន្ថែមថា ភាគីចិនរីករាយក្នុងការសហការជាមួយភាគីកម្ពុជា ដើម្បីជំរុញកសាង «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» ដែលមានវិស័យអាទិភាព៦ «ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ»ជាដើម ចាប់យកការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនិងសំខាន់ៗ និងពង្រីកទ្រង់ទ្រាយពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់ ។
ភាគីចិនគាំទ្រដល់សហគ្រាសចិនដែលមានសមត្ថភាពកាន់តែច្រើនក្នុងការវិនិយោគនៅកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថ្មីៗមានដូចជា ថាមពលថ្មី បញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល និងផលិតកម្មទំនើប រួមគ្នាបណ្តុះបណ្ដាលកម្លាំងជំរុញថ្មីៗនៃការអភិវឌ្ឍន៍ ។
ភាគីទាំងពីរត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ដើម្បីបង្កើនការយោគយល់ដឹងពីគ្នាទៅវិញទៅមក រវាងប្រជាជននិងប្រជាជន ។
ទន្ទឹមនឹងនេះ ក៏រួមគ្នាលុបបំបាត់ទីតាំងល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធើរណេត និងឆបោកក្នុងប្រព័ន្ធទូរគមនាគមន៍ ធានាសុវត្ថិភាពប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង៕

ចែករំលែកព័តមាននេះ