យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា កីឡាករបាល់ទាត់ជនជាតិអាហ្សង់ទីនម្នាក់ ដែលលេងឱ្យក្រុមលីគលំដាប់ទីពីរក្នុងប្រទេសវេណេស៊ុយអេឡា បានបាត់បង់ប្រពន្ធ និងកូនប្រុស-ស្រីពីរនាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយបានវាយប្រហារកាលពីសប្តាហ៍មុន ។ នេះជាករណីគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតក្នុងប្រទេសនេះ ក្នុងរយៈពេលជាងមួយសតវត្សរ៍ ។

លោក Lucas Trejo អាយុ៣៨ឆ្នាំ ជាកីឡាកររបស់ក្លិប Club Sport Marítimo La Guaira បានចំណាយពេលជិត៣ថ្ងៃចុងក្រោយនេះ ដើម្បីកាយរុករកតាមគំនរបាក់បែក ទាំងក្តីសង្ឃឹមថា នឹងរកឃើញភរិយារបស់លោក គឺអ្នកស្រី Yanina រួមទាំងកូនៗរបស់ពួកគេគឺ Aarón និង Ainhoa។
លោក Ricardo Ardiles ដែលជាបងថ្លៃរបស់លោក Trejo បានប្រាប់ CNN Español កាលពីថ្ងៃសុក្រថា៖ «គាត់មានអារម្មណ៍ក្តុកក្តួល និងរំជួលចិត្តយ៉ាងខ្លាំង។ ផ្ទះមាត់សមុទ្ររបស់គ្រួសារគាត់នៅតំបន់ La Guaira ដែលជាចំណុចរងគ្រោះខ្លាំងជាងគេ គឺត្រូវបានបំផ្លិចបំផ្លាញគ្មានសល់អ្វីទាល់តែសោះ»។
នៅពេលកើតហេតុ គូប្រកួត និងរូបលោកកំពុងស្ថិតនៅក្នុងជំរំហ្វឹកហាត់របស់ក្រុម ក្នុងទីក្រុង Caracas (រដ្ឋធានី)។ ភ្លាមៗនោះ លោកបានប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ផ្ទះរបស់លោកនៅតំបន់ La Guaira ដែលមានចម្ងាយប្រហែល១៨ម៉ាយ (ប្រហែល ២៩ គីឡូម៉ែត្រ) ភាគខាងជើងរដ្ឋធានី។

លោក Ardiles បានរៀបរាប់ថា៖ «អ្វីដែលគាត់បានឃើញ គឺជាទិដ្ឋភាពដ៏គួរឱ្យរន្ធត់បំផុត ។ អគារដែលធ្លាប់មានពីមុន បានក្លាយជាគំនរផេះផង់។ យើងគ្រាន់តែសង្ឃឹមថា ពួកគាត់មិនបានស្ថិតនៅក្នុងផ្ទះនៅពេលនោះទេ»។
សូមបញ្ជាក់ថា អាជ្ញាធរបានប្រកាសកាលពីថ្ងៃអាទិត្យថា មនុស្សជាង១,៤០០នាក់បានស្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតកំពុងបាត់ខ្លួន នៅក្នុងគ្រោះមហន្តរាយទូទាំងប្រទេសវេណេស៊ុយអេឡានេះ ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ