ខេត្តកណ្តាល ៖ ការិយាល័យសុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល ក្រើនរំលឹក អ្នកបើកបរត្រូវឱ្យភ្លើងសញ្ញាបត់យ៉ាងតិច ២០ម៉ែត្រ មុនដល់ផ្លូវប្រសព្វ ។
ការិ.សុវត្ថិភាពចរាចរណ៍ខេត្តកណ្តាល បានប្រកាសនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នេះ បានបញ្ជាក់ថា រាល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ (ទាំងទោចក្រយានយន្ត និងរថយន្ត) ទាំងអស់ ដាច់ខាតត្រូវតែឱ្យភ្លើងសញ្ញាបត់ (ស៊ីញ៉ូ) ឱ្យបានត្រឹមត្រូវ ក្នុងចម្ងាយយ៉ាងតិច ២០ម៉ែត្រ មុននឹងទៅដល់ខ្នែងផ្លូវបំបែក ឬផ្លូវប្រសព្វដែលត្រូវបត់ ។
ការចេញមកក្រើនរំលឹកនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ដំណឹង និងសញ្ញាព្រមានជាមុនដល់អ្នកបើកបរដែលធ្វើដំណើរស្របទីសដៅជាមួយគ្នា ក៏ដូចជា អ្នកធ្វើដំណើរមកពីទិសដៅផ្ទុយគ្នា អាចដឹងជាមុន បន្ថយល្បឿន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការបត់ឡាន ឬម៉ូតូបង្ខំភ្លាមៗ ដែលជាមូលហេតុចម្បងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍បុកពីក្រោយ ឬការប៉ះទង្គិចគ្នានៅតាមដងផ្លូវ ។
ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមកុំមើលរំលងចំណុចតូចតាចទាំងនេះ ព្រោះការបើកភ្លើងសញ្ញាបត់ត្រឹមត្រូវតាមច្បាប់កំណត់ មិនត្រឹមតែបង្ហាញពីការបើកបរប្រកបដោយការទទួលខុសត្រូវខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកដ៏សំខាន់ក្នុងការការពារអាយុជីវិតខ្លួនឯង និងអ្នកដទៃនៅតាមដងផ្លូវផងដែរ ៕
ចែករំលែកព័តមាននេះ