ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បន្ត​ហាមឃាត់​ការ​នាំ​ចូល​សំណល់​អេ​ឡិច​ត្រូ​និក​ដែល​ហួស​សម័យ

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជានៅ​តែ​បន្ត​ហាមឃាត់​ការ​នាំ​ចូល​សំណល់​អេ​ឡិច​ត្រូ​និក (e-waste) ដែល​នេះ ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ក្នុង​ការ​ការពារ​បរិស្ថានធនធានធម្មជាតិ និង​សុខភាព​សាធារណៈ​របស់​ប្រទេស ពី​ការ​បំពុល​ក្នុង​រយៈ
ពេល​វែង ​។

យោង​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ករបស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ ថា សំណល់​អេ​ឡិច​ត្រូ​និក រួម​មាន​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដែល​ហួស​សម័យ និង​ត្រូវ​បាន​បោះ បង់​ចោល ដូច​ជា កុំព្យូទ័រ ទូរទស្សន៍ ទូរស័ព្ទ​ដៃ ម៉ាស៊ីនបោះពុម្ព ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ ថ្ម និង​ឧបករណ៍​អគ្គិសនី​ផ្សេង​ៗ​ទៀត​ ។

ប្រភព​បាន​លើក​ឡើង​ថា ​ទោះបីជា​សម្ភារៈ​មាន​តម្លៃ​មួយ​ចំនួន​អាច​ទាញ​យក​បាន​ពី​សំណល់​អេ​ឡិច​ត្រូ​និក​ក៏​ដោយ ក៏​មាន​តែ​ប្រហែល៩ភាគរយ​ប៉ុណ្ណោះ​ នៃ​សមាសធាតុ​របស់​វា ដែល​ជា​ទូទៅ​អាច​កែ​ច្នៃ​ឡើង​វិញ ​ដើម្បី​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ ។ សម្ភារ​ដែល​នៅ​សេសសល់​តម្រូវ​ឱ្យ​មានការ​កែ​ច្នៃ​កម្រិត​ខ្ពស់ បច្ចេកវិទ្យា​កែ​ច្នៃ​ជំនាញ និង​ការ​បោះចោល​ប្រកបដោយ​បរិស្ថាន​ល្អ ដែល​កិច្ចការ​ទាំងអស់​នេះ​មាន​តម្លៃ​ថ្លៃ និង​ទាមទារ​បច្ចេកទេស​ខ្ពស់​។

ការ​ចាត់ចែង​សំណល់​អេ​ឡិច​ត្រូ​និក​មិន​បាន​ត្រឹមត្រូវ អាច​បញ្ចេញ​សារធាតុ​គ្រោះថ្នាក់​ទៅ​ក្នុង​ដីទឹក​ក្រោម​ដី ទន្លេ និង​បរិយា កាស ដែល​បង្ក​ឱ្យ​មានការ​បំពុលបរិស្ថាន​យូរអង្វែង និង​ប្រឈម​នឹង​ហានិភ័យ​ដល់​សុខភាព​មនុស្ស​ ។ នៅ​ពេល​ដែល​ការ​បំពុល​កើតឡើង ការ​ស្តារ​ឡើង​វិញ​ច្រើន​តែ​មាន​តម្លៃ​ថ្លៃ ហើយ​ក្នុង​ករណី​ខ្លះ ការ​ខូចខាត​ប្រហែលជា​មិន​អាច​កែប្រែ​បាន​ឡើយ​ ។

ក្រសួងបរិស្ថានបាន​សង្កត់ធ្ងន់​ថា ប្រទេស​កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ ក្លាយជា​គោលដៅ​សម្រាប់​សំណល់​អេ​ឡិច​ត្រូ​និក​ពី​បរទេស​នោះ​ទេ ហើយនឹង​បន្ត​អនុវត្ត​ច្បាប់​ហាមឃាត់​ការ​នាំ​ចូល​ខុសច្បាប់​នេះ​ ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រសួង​ក៏​បាន​ទទួលស្គាល់​ថា សំណល់​អេ​ឡិច​ត្រូ​និក​ដែល​បង្កើត​ឡើង​នៅ​ក្នុងស្រុក​កំពុង​មានការ​កើនឡើង ដោយសារ​តែ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ ។ ដូច្នេះ កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្នាក់​ជាតិ​ពិសេស​មួយ​កំពុង​ត្រូវ​បាន​ពិចារណា ដើម្បី​ពង្រឹងសមត្ថភាព​របស់​ប្រទេស​ក្នុង​ការ​ប្រមូលគ្រប់គ្រង និង​កែ​ច្នៃ​សំណល់​អេ​ឡិច​ត្រូ​និក​ក្នុងស្រុក​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព និង​ស័ក្តិសិទ្ធិ ដើម្បី​ធានា​ថា សំណល់​អេ​ឡិច​ត្រូ​និក​ដែល​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់ចែង​ដោយ​សុវត្ថិភាព ព្រមទាំង​កាត់​បន្ថយ​ហានិភ័យ​ដល់​បរិស្ថាន​ឱ្យ​នៅ​កម្រិត​ទាប​បំផុត​។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា ការ​ទប់ស្កាត់​ការ​បំពុល នៅ​តែ​ជា​វិធីសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​ ក្នុង​ការ​ការពារ​បរិស្ថាន​ស្អាត​របស់​កម្ពុជា និង​ការពារ​ធនធានធម្មជាតិ​របស់​ប្រទេស​សម្រាប់​ជំនាន់​ក្រោយ​ៗ​ទៀត​ ៕