លែងបារម្ភរឿងទុរេនបន្លំទៀតហើយ ! ទុរេនបែកអន្លូង ទទួលបានម៉ាកសមូហភាព និងត្រៀមវា.យលុកទីផ្សារទំនើប
- ត្បូងឃ្មុំ
ខេត្តកំពង់ចាម ៖ ទីបំផុតក្រសួងពាណិជ្ជកម្មបានប្រកាសទទួលស្គាល់ទុរេនបែកអន្លូងត្រូវបានចុះក្នុងបញ្ជីម៉ាកសមូហភាពហើយ ។ ក្រោមកិច្ចខិតខំពីសំណាក់អាជ្ញាធរមូលដ្ឋានថ្នាក់ដឹកនាំខេត្ត ក្រសួងកសិកម្ម ទីបំផុតត្រូវបានលោកជំទាវចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានចេញលិខិតលាយល័ក្ខអក្សរចុះថ្ងៃទី២៥មិថុនា ឆ្នាំ២០២៦ ដែលបានទទួលស្គាល់ទុរេនបែកអន្លូង ស្ថិតនៅក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ត្រូវបានចុះបញ្ជីសមូហភាព (collective mark) ជាទុរេនសមូហភាព ។ កត្តានេះហើយដែលនឹងជំរុញឲ្យបងប្អូនម្ចាស់ចម្ការឯទៀតនឹងធ្វើការពិចារណានាំគ្នាចូលសហគមន៍កាន់តែមានចំនួនកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងធានាការបន្លំទុរេនពីខាងក្រៅទៀតផង ។

គួររំលឹកថា: សម្រាប់គោលការណ៍របស់រដ្ឋបាលខេត្តគឺ ចង់បានឲ្យម្ចាស់ចម្ការប្រមាណជាង២០០០ហិកតាក្នុងស្រុកស្ទឹងត្រង់ទាំងមូលចូលជាសមាជិក ដើម្បីទទួលបានខេមហ្គេត និងQRកូដបិទលើផ្លែទុរេន ។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ក្នុងឱកាសជួបសំណេះសំណាល់ជាមួយកសិករជាម្ចាស់ចម្ការទុរេនក្នុងសហគមន៍ទុរេនបែកអន្លូង ក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ដោយធ្វើឡើងនាពេលកន្លងទៅ ។

ជាមួយនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម តំណាឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មរួមទាំងក្រុមបច្ចេកទេស ។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍លើកឡើងថា ក្នុងពេលដែលរូបលោកបានធ្វើដំណើរតាមដងផ្លូវ និងបានចុះសួរនាំអ្នកលក់ដូរទុរេនក៏ជួបស្ត្រីម្នាក់ ដែលមកពីខេត្តកំពត បានដើរម៉ៅចំការទុរេននៅបែកអន្លូង យកមកលក់ដូរនៅតូបរបស់គាត់ តែមិនទាន់បានចូលជាសមាជិកសហគមន៍ទុរេនបែកអន្លូងនៅឡើយ ។ ក្រោយពីមានការរឹតបន្តឹងបានដឹកនាំដោយលោកឡោ ចាន់លី អភិបាលរងខេត្ត បានធ្វើការបង្ក្រាបរថយន្តដឹកទុរេនពីខាងក្រៅ ២រថយន្តដែលបន្លំថា ជាទុរេនបែកអន្លូង ក្រោយមកសកម្មភាពឈ្មួញដែលបន្លំមានសភាពស្ងប់ស្ងាត់ ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ដើម្បីជៀសវាងសកម្មភាពការនាំទុរេនពីក្រៅមកក្លែងបន្លំត្រូវបានលោកមេឃុំអារក្សត្នោត បានចុះពិនិត្យតាមកន្លែងលក់ដូរ ព្រមទាំងបានចុះហត្ថលេខាទទួលស្គាល់ ពួកគាត់ពិតជាបានលក់ទុរេនបែកអន្លូង ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរក៏ដូចជា ជំនាញមន្ទីរពាណិជ្ជកម្មខេត្ត តាមរយៈការស្នើសុំទីបំផុតត្រូវបានកម្លាំងរបស់ក្រសួងកសិកម្មចុះបង្ហាត់បង្រៀនពីបច្ចេកទេសដាំដុះខេមហ្គេត ហើយនិងទទួលបាន
QRកូដ សម្រាប់បិទលើផ្លែទុរេននេះជាជោគជ័យជំហានដំបូង ។

នៅពេលខាងមុខ និងអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចុះមកដើម្បីប្រកាសទទួលស្គាល់ស្លាកសញ្ញា ដូច្នេះកសិករម្នាក់ៗត្រូវតែរក្សាពីគុណតម្លៃ និងគុណភាពដើម្បីជៀសវាងការក្លែងបន្លំ ។ មួយវិញទៀត ពេលដែលបិទស្លាកសញ្ញា(QR)លើផ្លែទុរេន គឺបងប្អូនអាចនាំតែលក់បាននៅផ្សារទំនើបបាន ។ សម្រាប់ចំការនៅក្នុងស្រុកស្ទឹងត្រង់និងចម្ការលើគឺមានរហូតដល់ជាង៣០០០ហិចតា ហើយអ្នកដែលចូលសហគមន៍នៅបែកអន្លូងទើបតែបានចំនួន១៦១នាក់ ស្មើប្រមាណ៣០% ប៉ុណ្ណោះ។
ឯកឧត្តមសៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្មវិញមានប្រសាសន៍ឲ្យដឹងដែរថា ផ្អែកតាមរបាយការណ៍ពីមន្ត្រីថ្នាក់ក្រោមរបស់លោកដែលទទួលបាន គឺមានចម្ការទុរេននៅបែកអន្លូងចំនួន៧ចំការ ដែលទទួលបានខេមហ្គេតសម្រាប់បិទនៅលើផ្លែទុរេន ដើម្បីបញ្ជាក់ថា ការដាំដុះគឺអនុវត្តត្រឹមត្រូវតាមបច្ចេកទេស និងស្តង់ដារ ។ ហើយនីតិវិធីនៃការស្នើសុំខេមហ្គេត ក៏មិនមានលក្ខណៈងាយស្រួល ដែលទាមទារចំណាយពេលច្រើន ។ ដូច្នេះពេលដែលបាន sticker បិទនៅលើផ្លែទុរេនទៅដល់ទីណាក៏គេទទួលស្គាល់ពីគុណភាពដែរ ។
សព្វថ្ងៃមន្ត្រីកសិកម្មត្រូវបានដាក់ពង្រាយនៅតាមបណ្ដាឃុំទូទាំងប្រទេសកម្ពុជា មានរហូតដល់១៦០០ នាក់ មួយទៀតប្រព័ន្ធថ្មីដែលមានលក្ខណៈបែបទំនើប អាចឲ្យយើងដឹងពីប្រភពទុរេន និងលក់ទៅដល់ទីណាក៏ដឹង ហើយគ្រោងនឹងសាកល្បងនៅក្នុងសហគមន៍ទុរេនបែកអន្លូងមុនគេ៕





ចែករំលែកព័តមាននេះ