លួ.ចនាឡិកាទឹករបស់រដ្ឋ លុះពេលចាប់បាន សារភាពថាធ្វើសកម្មភាពបែបនេះជិត២០លើក
- សៀមរាប
ខេត្តសៀមរាបះ មិនលួច របស់សម្ឋាន់បែរ ជាលួច នាឡិកាទឹកស្វយ័តសៀមរាប ត្រូវប៉ូលិស ឃាត់ខ្លួន បាន២នាក់ បញ្ចូនទៅកាន់តុលាការចាត់ការបន្តតាមច្បាប់។
បើតាមប្រភពពីសមត្ថ កិច្ចបានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ២០២៦ នេះថា ជនសង្ស័យឈ្មោះប៊ុន ភ័ក្ក្រ ហៅបារាំង ភេទប្រុស អាយុ៣២ ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិរំចេក ឃុំរំចេក ស្រុករតនៈ ខេត្តបាត់ដំបង និងទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច នាឡិកាទឹករបស់រដ្ឋ ពិតប្រាកដមែន។
ជនសង្ស័យបានឆ្លើយសារ ភាពបន្ថែមថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចកាត់នាឡិការបស់រដ្ឋាករទឹកស្វយ័តសៀមរាប នៅក្នុងក្រុងសៀមរាប សរុបចំនួន ១៧ លើកបន្ថែមទៀត បន្ទាប់ពីធ្វើសកម្មភាពលួចនាឡិកាទឹកបានហើយ ខ្លួនបានយកទៅដុតរំលាយជ័រ ហើយយកស្ពាន់ ទៅលក់ឱ្យបក្ខពួកម្នាក់ទៀត ឈ្មោះ មាស វិសាល ភេទប្រុស។
រីឯ ជនសង្ស័យ ឈ្មោះ មាស វិសាល ភេទ ប្រុស អាយុ៤២ឆ្នាំ មុខរបរលក់អេតចាយ មានស្រុក កំណើតភូមិវត្តដំណាក់ ឃុំសាលាកំរើក ស្រុកសៀមរាប បានឆ្លើយសារភាពថា កាលកំឡុងថ្ងៃទី មិនចាំ ខែមិថុនា ឆ្នាំ២០២៦ ខ្លួន ពិតជាបានទទួលទិញស្ពាន់របស់នាឡិកា ទឹក ពីជនសង្ស័យ ឈ្មោះ ប៊ុន ភក្ក្រ័ ហៅបារាំង ចំនួន ៣ លើក សរុបចំនួន ៩,៥គីឡូក្រាម ពិតប្រាកដមែន រួចខ្លួនបានយកស្ពាន់ ដែលទិញចំនួន៣លើកនោះ ទៅលក់ឱ្យរទេះអេតចាយចល័តបានប្រាក់ចំនួន ២៤ម៉ឺនរៀល ហើយខ្លួនបានឱ្យប្រាក់ទៅឈ្មោះ ប៊ុន ភក្ក្រ័ ហៅបារាំង ចំនួន ១៩ម៉ឺនរៀល ចំណែកខ្លួនយកចំនួន៥ម៉ឺនរៀលប៉ុណ្ណោះ។
ប្រភព បញ្ជាក់ថា ក្រោយកម្លាំងនគរបាលក្រុងសៀម រាប ឃាត់ខ្លួនបានជនសង្ស័យ ខាងលើ ក៏ធ្វើការដករហូតវត្ថុតាងរួមមានះ កង់គ្មានម៉ាកតួស្រី ពណ៌ខ្មៅ ចំនួន០១ គ្រឿង , កាបូបស្ពាយចំហៀងពណ៌ខ្មៅ លាយពណ៌ ប្រផេះ ម៉ាកBULBAL ចំនួន០១ , មួកតើប ពណ៌ប្រផេះម៉ាក RCK & OL ចំនួន០១ , នាឡិការវាស់គីឡូទឹក ពណ៌ខៀវ ម៉ាក SRWSA ចំនួន០២គ្រឿង , ដង្កាប់ដែកពណ៌សរ ចំនួន០១ , ដង្កាប់ដែក កាត់ខ្សែភ្លើង ចំនួន០១ , ពិលបំភ្លឺ គ្មានម៉ាក ពណ៌លឿង ចំនួន០១គ្រឿង។ ជនសង្ស័យទាំងពីរ នាក់ជាលទ្ធផល វិជ្ជមាន (ជាតម្រុយមេតំហ្វេមីន)។
គួបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២១ មានករណីអំពើលួច(នាឡិកាទឹក) របស់រដ្ឋាករទឹកស្វយ័ត សៀមរាប ដែលសមត្ថកិច្ចបានចុះទៅដល់ កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃដដែលនៅត្រង់ចំណុចតាមបណ្ដោយផ្លូវ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ុន ភ័ក្ក្រ ហៅបារាំង រួមទាំងវត្ថុតាង នាឡិកាទឹក ពណ៌ខៀវ ម៉ាកSEWSA ចំនួន ២ គ្រឿង , ដង្កាប់ដែក ចំនួន០២ ,ពិលបំភ្លឺ ពណ៌លឿង ០១។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះបង្ក្រាបដោយកម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយលោក វរសេនីយ៍ ឯកដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង មានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ។
បច្ចុប្បន្នជន សង្ស័យ ទាំង២ នាក់ ខាងលើ ត្រូវបាន កម្លាំងនគរបាលជំនាញបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធីច្បាប់ ហើយត្រូវបាន ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឱ្យឃុំខ្លួន នៅរសៀលថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៦ ។ ចំពោះ វត្ថុតាង នាឡិកា ទឹក របស់រដ្ឋាករទឹកស្វយ័តសៀមរាប ត្រូវបានកម្លាំងនគរបាលជំនាញ ប្រគល់ឱ្យ ជនរបស់ ដែលជាមន្ត្រីរដ្ឋាករទឹកស្វយ័ត សៀមរាប រួចរាល់ហើយ ៕




ចែករំលែកព័តមាននេះ