ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ ទារក​ទើប​កើត​១៨​ថ្ងៃ​ត្រូវ​បាន​សង្គ្រោះ ក្រោយ​ជាប់​ក្រោម​គំនរ​បា.ក់បែក​ជាមួយ​ម្តាយ​ជាង​៣០​ម៉ោង

4 ថ្ងៃ មុន

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ ទារក​ទើបនឹង​កើត​បាន​១៨​ថ្ងៃ​អាយុ​មហាថ្លៃ​ម្នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញពី​គំនរ​អគារ​បាក់បែក​មួយ ក្រោយ​ជាប់​គាំង​អស់​រយៈពេល​៣២​ម៉ោង បន្ទាប់​ពី​គ្រោះ​រញ្ជួយ​២​លើក​ផ្ទួន​គ្នា បាន​វាយប្រហារ និង​បំផ្លិចបំផ្លាញ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៦​។

វី​ដេ​អូ​ដែល​ត្រូវ​បាន​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី ២៦ ខែមិថុនា (​ម៉ោង​នៅ​ក្នុងស្រុក​) បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ក្រុម​អ្នក​ជួយ​សង្គ្រោះ កំពុង​តែ​បំពេញការងារ​យ៉ាង​ដុតដៃដុតជើង​ក្រោម​ពន្លឺភ្លើង​ហ្វា​ពីលើ​គំនរ​បាក់បែក និង​បាន​នាំ​ទារក​នោះ​ចេញ​មក​ក្រៅ ចំ​ពេល​មានការ​ទះដៃ​អបអរសាទរ​យ៉ាង​ខ្លាំង កាលពី​យប់​ជ្រៅ​ថ្ងៃ​ទី​២៦ ខែមិថុនា នៅ​ក្នុង​ទីក្រុង La Guaira ដែល​ជាទី​ក្រុង​រង​គ្រោះ​ធ្ងន់ធ្ងរ​បំផុត ស្ថិត​នៅ​ឯ​ភាគ​ខាងជើង​រដ្ឋធានី​កា​រ៉ា​កាស (Caracas)​។

វី​ដេ​អូ​ដដែល​នោះ​បាន​បង្ហាញ​ក្រុម​ជួយ​សង្គ្រោះ​បាន​ហុច​ទារក​ដែល​រុំ​ក្នុង​ភួយ​នោះ​បន្ត​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​យ៉ាង​ប្រុង​ប្រយ័ត្ន​ជាទី​បំផុត មុន​ពេល​ជូត​សម្អាតខ្លួន​ទារក​នោះ​ថ្នម​ៗ​ដោយ​ប្រើ​ក្រដាស​ជូត​មាត់​។ យោង​តាម​គណនី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​ឈ្មោះ Andreina Quintero ដែល​ជា​អ្នក​បង្ហោះ​វី​ដេ​អូ​នោះ បានឱ្យ​ដឹង​ថា ទារក​នោះ​មាន​អាយុ​ទើបតែ​១៨​ថ្ងៃ​ប៉ុណ្ណោះ ហើយ​មិន​មាន​រង​របួស​អ្វី​ទាំងអស់ ក្រោយ​ជាប់​គាំង​នៅ​ក្រោម​គំនរ​បាក់បែក​អស់​រយៈពេល​៣២​ម៉ោង​។ ចំណែកឯ​ម្តាយ​របស់​ទារក​នោះ ត្រូវ​បាន​ជួយ​សង្គ្រោះ​ចេញ​មក​ក្រៅ​ផង​ដែរ ក្រោយ​ពេល​ទារក​ត្រូវ​បាន​សង្គ្រោះ​ចេញ​មក​ក្រៅ​បាន​១​ម៉ោង​។

នៅ​ក្នុង​វី​ដេ​អូ​បន្តបន្ទាប់​មួយទៀត​ថ្ងៃ​ដដែល​នោះ ម្ចាស់​គណនី​ដដែល​នោះ បាន​បង្ហាញ​ពី​ទិដ្ឋភាព​ស្ត្រី​ជា​ម្តាយ​កំពុង​សម្រាក​នៅ​លើ​គ្រែពេទ្យ ដោយ​មាន​បុគ្គលិក​សុខាភិបាល​ម្នាក់​បាន​ប្រាប់​នាង​ថា ទារក​មិន​មាន​រង​របួស​អ្វី​នោះ​ទេ ហើយ​គ្រូពេទ្យ​រូប​នោះ​ក៏​បាន​សន្និដ្ឋាន​ដែរ​ថា ស្ត្រី​ជា​ម្តាយ​បាន​ជួយ​សង្គ្រោះ​ជីវិត​កូន ដោយ​ការ​យក​រាង​កាយ​របស់​ខ្លួន ឬ​វត្ថុ​ផ្សេង​ទៀត​មក​បាំង​គ្រប​ពីលើ​កូន​។

បើ​តាម​របាយការណ៍​ចុង​ក្រោយ​BI​សារព័ត៌មាន CNN និង The Guardian បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះ​រញ្ជួយ​ដី​ផ្ទួន​គ្នា នៅ​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​បាន​កើនឡើង​ដល់​ជាង ១ ៤០០ នាក់​ហើយ​។ ក្រុម​អ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែងរក​អ្នក​រស់រាន​មានជីវិត បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,២ និង ៧,៥ រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​បន្តបន្ទាប់​គ្នា​ក្នុង​ពេល​មិន​ដល់​តែ​១​នាទី កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ មិថុនា កន្លង​ទៅ ដោយ​បាន​បំផ្លាញ​អគារ​ជា​ច្រើន​ឱ្យ​រាប​ដល់​ដី​នៅ​ភាគ​ខាងជើង​ប្រទេស​។ លើស​ពី​នេះ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៦៨ ៩០០ នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ​រាយការណ៍​ថា បាត់​ខ្លួន​៕ ប្រភព ៖ AFP

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>