យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC News ដែលដកស្រង់ចេញពីទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រកាណាដា (Canadian Medical Association Journal) បានរាយការណ៍ថា កុមារាម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីត្រូវបានសត្វប្រចៀវមួយក្បាលខាំចំច្រមុះ និងមាត់។
ហេតុការណ៍ដ៏ខ្លោចផ្សានេះ បានកើតឡើងនៅក្នុងឆ្នាំ២០២៤ អំឡុងពេលដែលក្មេងប្រុសរូបនោះ(មិនត្រូវបានបញ្ចេញឈ្មោះ)ទៅលេងផ្ទះលម្ហែកាយមួយកន្លែងនៅក្នុងខេត្ត Ontario ជាមួយក្រុមគ្រួសារ ។
នៅពេលកើតហេតុ ក្មេងប្រុសរូបនេះ បានវាសសត្វប្រចៀវចេញពីមុខរបស់គាត់ បន្ទាប់មកឪពុករបស់គាត់បានចាប់វាដាក់ក្នុងឆ្នាំងមួយ រួចយកទៅលែងនៅខាងក្រៅផ្ទះវិញ។
ដោយសារតែមិនឃើញមានស្នាមរបួសច្បាស់ៗលើស្បែក និងគិតថា ប្រចៀវនោះមិនមានឥរិយាបថប្លែក ទើបឪពុកម្តាយមិនបាននាំកូនទៅទទួលការចាក់វ៉ាក់សាំង ឬព្យាបាលភ្លាមៗឡើយ ។ ១៩ ថ្ងៃក្រោយមក ក្មេងប្រុសចាប់ផ្តើមមានអារម្មណ៍ស្ពឹក និងហើមនៅលើផ្ទៃមុខ ។
គ្រូពេទ្យដំបូងឡើយបានយល់ច្រឡំថា គាត់មានជំងឺខ្វិនសាច់ដុំមុខមួយចំហៀង (Bell’s palsy) និងជំងឺឆ្លងមេរោគក្នុងមាត់ ទើបចេញត្រឹមថ្នាំប្រឆាំងមេរោគធម្មតាឱ្យលេប។
ស្ថានភាពជំងឺបានវិវត្តទៅរកភាពធ្ងន់ធ្ងរយ៉ាងលឿន ។ ក្មេងប្រុសរូបនេះ មានអាការៈគ្រុនក្តៅខ្លាំងរហូតដល់៣៩°C និងមានការពិបាកលេបទឹកមាត់ វង្វេងវង្វាន់ និងមើលឃើញព្រាលៗ ។
ដោយសារតែស្ថានភាពកាន់តែដុនដាបខ្លាំង គាត់ត្រូវបានគ្រូពេទ្យសង្គ្រោះបន្ទាន់ដោយការដាក់បំពង់ជំនួយដង្ហើម និងបញ្ជូនទៅកាន់បន្ទប់ថែទាំកុមារកម្រិតធ្ងន់ (ICU) ប៉ុន្តែជាអកុសល វាយឺតពេលទៅហើយក្នុងការសង្គ្រោះជីវិតរបស់គាត់។
ករណីនេះ គឺជាសារដាស់តឿនមួយផងដែរថា រាល់ការប៉ះពាល់ ឬរងការខាំពីសត្វព្រៃ ជាពិសេសសត្វប្រចៀវ ទោះមិនមានរបួសមើលឃើញនឹងភ្នែកក៏ដោយ ត្រូវតែប្រញាប់ទៅជួបគ្រូពេទ្យដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតជាបន្ទាន់ ព្រោះជំងឺនេះ បើលេចចេញរោគសញ្ញាហើយ គឺមិនអាចព្យាបាលបានឡើយ ។

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ