ទីក្រុងអាប៊ូដាប៊ី ៖ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានពង្រីកកម្មវិធីផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) ដោយអនុញ្ញាតឱ្យពលរដ្ឋមកពីប្រទេសវៀតណាម ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន កេនយ៉ា និងអាហ្វ្រិកខាងត្បូង រួមទាំងសមាជិកគ្រួសារដែលបានធ្វើដំណើរទៅជាមួយ អាចចូលប្រទេសនៅតំបន់មជ្ឈិមបូព៌ាមួយនេះបានដោយពុំបាច់សុំទិដ្ឋាការទុកជាមុនឡើយ។ នេះបើតាមប្រភពពី VnExpress ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។
កន្លងមក អ្នកកាន់លិខិតឆ្លងដែនធម្មតាដែលមានទិដ្ឋាការ ឬលិខិតអនុញ្ញាតស្នាក់នៅ ដែលមានសុពលភាពពីសហរដ្ឋអាមេរិក បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ចក្រភពអង់គ្លេស សិង្ហបុរី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់ ឬកាណាដា អាចទទួលបានទិដ្ឋាការពេលមកដល់របស់អេមីរ៉ាតអារ៉ាប់រួម សម្រាប់រយៈពេល ១៤ ថ្ងៃ ឬ ៦០ ថ្ងៃ។
ទិដ្ឋាការរយៈពេល ១៤ ថ្ងៃ មានតម្លៃ ២៧,២៣ ដុល្លារអាមេរិក ហើយជម្រើសរយៈពេល ៦០ ថ្ងៃ មានតម្លៃ ៦៨,០៧ ដុល្លារអាមេរិក។ ទិដ្ឋាការ ១៤ ថ្ងៃ អាចពន្យារពេលបានម្តងនៅពេលអ្នកដំណើរស្ថិតនៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ខណៈដែលទិដ្ឋាការ ៦០ ថ្ងៃ មានសុពលភាពសម្រាប់ការស្នាក់នៅតែម្តងគត់ និងមិនអាចពន្យារបានឡើយ។ ចំណែកអ្នកដែលស្នាក់នៅហួសកាលកំណត់ នឹងត្រូវរងការផាកពិន័យ ១៣,៦១ ដុល្លារអាមេរិកក្នុង១ថ្ងៃ។
ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួមបានបញ្ជាក់ថា វិធានការនេះ សង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសក្នុងការរឹតចំណងទាក់ទងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែជិតស្និទ្ធ។ ក្រសួងបានសង្កត់ធ្ងន់ថា ខ្លួននឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារពាក់ព័ន្ធដើម្បីធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល ព្រមទាំងកែសម្រួលនីតិវិធីកុងស៊ុល ក៏ដូចជាពង្រឹងជំហររបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមជាមជ្ឈមណ្ឌលពិភពលោកឈានមុខគេ សម្រាប់ពាណិជ្ជកម្ម ការវិនិយោគ និងសហគ្រិនភាព៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ