ព្រះសង្ឃ១អង្គបើករថយន្តក្នុងល្បឿនលឿន បុ.ករះម៉ូតូ និងត្រាក់ទ័រ ក្រឡា.ប់រថយន្តចូលស្រែ របួ.សធ្ងន់ស្រាល ៥អង្គ/នាក់
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ព្រះសង្ឃ និងគ្រហស្ត៥អង្គ/នាក់បានរងរបួសធ្ងន់និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ៥ និង ៥០ នាទីព្រឹក ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ចន្លោះគីឡូម៉ែត្រលេខ ៦៩និងលេខ ៧០ ស្ថិតនៅចំណុចភូមិគោកស្ដៅ ឃុំទឹកហូត ស្រុករលាប្អៀរ គ្រាដែលរថយន្ត ម៉ាក់Honda CR-V បើកបរដោយព្រះសង្ឃ ក្នុងល្បឿនលឿនបុករះម៉ូតូនិងត្រាក់ទ័រក្នុងទិសដៅស្របគ្នា។
យោងតាមរបាយការណ៍បឋមរបស់មន្ត្រីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកHonda CR-V មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2J-8024 បើកបរដោយ ព្រះសង្ឃ ព្រះនាម ផ្លុង សឿន អាយុ៤២ឆ្នាំ គង់នៅវត្តឧត្តមស្រះរំដេង ផ្សិតក្នុងឃុំតាលោ ស្រុកតាលោសែនជ័យខេត្តពោធិ៍សាត់ រួមដំណើរដោយព្រះសង្ឃមួយអង្គទៀត ក្នុងដំណើរពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានបុកជាមួយនឹងម៉ូតូមួយគ្រឿង ពីក្រោយ ម៉ាក ហុងដា ធុនសេ125 ពាក់ស្លាកលេខភ្នំពេញ 1 FU.9973 បើកបរដោយឈ្មោះ ជា រដ្ឋា ភេទប្រុសអាយុ 22 ឆ្នាំរស់នៅភូមិទឹកហូតឃុំទឹកហូតស្រុករលាប្អៀរ មានឌុបមនុស្ស២នាក់ ក្នុងដំណើរស្របទៅគ្នា បណ្ដាលឱ្យម៉ូតូធ្លាក់ប្រឡាយគ្មានទឹក ក្រោយបុកម៉ូតូ រថយន្តបើកបរដោយព្រះសង្ឃ បានជ្រុលទៅបុកនិងត្រាក់ទ័រមួយគ្រឿងទៀត ដែលបើកបរដោយ ឈ្មោះ សេង ឡាត់ ភេទប្រុសអាយុ ២៥ ឆ្នាំ រស់នៅភូមិគោកបន្ទាយឃុំគោកបន្ទាយស្រុករលាប្អៀរ ។ក្នុងហេតុការណ៍នោះបណ្ដាលឲ្យ មនុស្ស៥នាក់ ក្នុងនោះ ព្រះសង្ឃ ២ អង្គបាន រងរបួសធ្ងន់និងស្រាល ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង ។ដោយឡែកមធ្យោបាយធ្វើដំណើរទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលទូកយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនិតិវិធី។
អ្វីដែល អ្នកចូលរួមជួយសង្គ្រោះបឋម ក៏ដូចជាអ្នកចោមរោមមើលបាន ចាប់អារម្មណ៍នោះ គឺបានឃើញនៅក្នុងរថយន្តដែលបើកបរដោយព្រះសង្ឃ មានកំប៉ុងស្រាបៀរជាច្រើនកំប៉ុង ក្នុងនោះមួយកំប៉ុងនៅជិតដៃចង្កូតរថយន្ត ៕













<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ