ខេត្តត្បូងឃ្មុំ ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពប្រជាពលរដ្ឋ វេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងនាបរិវេណវត្តសិរីមង្គល ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយនាំមកនូវឱកាសការងារជាង ៥ ពាន់កន្លែង ពីក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗចំនួន ៧ ដើម្បីផ្ដល់ការចុះឈ្មោះ សម្ភាស និងទទួលបានការងារធ្វើភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋជាង ៥០០នាក់ ជាពិសេសអតីតពលករមកពីប្រទេសថៃ ។

ថ្លែងក្នុងវេទិកាការងារ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា បច្ចុប្បន្ន មានឱកាសការងាររហូតដល់ទៅជាង ៩ ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះ ឱកាសការងារជាង ៥ពាន់កន្លែងត្រូវបានយកមកផ្សព្វផ្សាយជូនដល់មូលដ្ឋាននៅថ្ងៃនេះ។ នាពេលបច្ចុប្បន្ន ការងាររត់រកបងប្អូនដល់ផ្ទះ ដែលមិនចាំបាច់ចំណាយទាំងពេលវេលា និងថវិកាទៅរកការងារធ្វើដូចកាលពីមុនទៀតនោះទេ ។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងថា វេទិកាការងារនេះ គឺជាយន្តការដ៏មានប្រសិទ្ធភាព និងចំពេលវេលា ដែលផ្តល់ «ឱកាសមាស» ជូនដល់បងប្អូន ជាពិសេសអតីតពលករមកពីថៃអាចកសាងជីវភាពក្នុងប្រទេសកំណើត និងរួមចំណែកជួយកសាងសេដ្ឋកិច្ចជាតិដោយផ្ទាល់។ ឯកឧត្តមបានធ្វើការពន្យល់ដល់បងប្អូនពីការប្រឈមនៃការងារចំណាកស្រុកនៅប្រទេសថៃ ដូចជា៖ ជួបប្រទះហានិភ័យសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង ខ្វះការគាំពារសុខភាព អំពើហិង្សា និងមិនអាចរស់នៅជួបជុំក្រុមគ្រួសារជាដើម ។ ផ្ទុយទៅវិញ ការធ្វើការក្នុងស្រុក គឺជាជម្រើសដ៏ប្រសើរ ដែលផ្ដល់នូវសុភមង្គលក្នុងគ្រួសារ ហើយនៅពេលចូលធ្វើការតាមរោងចក្រ សហគ្រាស បងប្អូននឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីបណ្ណ ប.ស.ស. ជាពិសេស ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកសោធន ។

ឯកឧត្តមបានបន្តថា ក្រៅពីបង្កើតគ្រឹះស្ថានបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមខេត្ត ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្កើតថ្នាក់បណ្ដុះបណ្ដាលជំនាញតាមរថយន្តចល័ត សម្រាប់ចុះបណ្ដុះបណ្ដាលជូនប្រជាពលរដ្ឋដល់មូលដ្ឋាន ដូចជា ផ្នែកសម្ផស្ស សំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ និងឆុងកាហ្វេជាដើម។ ក្រោយបញ្ចប់ការសិក្សា បងប្អូនអាចបង្កើតមុខរបរដោយខ្លួនឯង ឬក្រសួងក៏អាចជួយរកការងារឱ្យធ្វើផងដែរ។ សម្រាប់អតីតពលករដែលមានជំនាញស្រាប់ផ្នែកសំណង់ ប៉ុន្តែមិនទាន់មានវិញ្ញាបនបត្របញ្ជាក់ ក្រសួងក៏បានដាក់ឱ្យអនុវត្តការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) ដើម្បីឱ្យបងប្អូនទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញជាផ្លូវការផងដែរ ។

ដោយឡែកសម្រាប់បងប្អូន ដែលមានបំណងចង់ទៅធ្វើការនៅក្រៅប្រទេស ឯកឧត្តមរដ្ឋលេខាធិកាបញ្ជាក់ថា ក្រសួងបានខិតខំស្វែងរកទីផ្សារការងារដែលមានស្ដង់ដាខ្ពស់ លក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ ដូចជានៅប្រទេស ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម។ ចំពោះព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងឱកាសការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងអត្ថប្រយោជន៍ ប.ស.ស.។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបងប្អូនបន្តជួយគាំទ្រផលិតផលខ្មែរ ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ មោទនភាពជាតិ និងបង្កើតការងារផងដែរ ។

សូមបញ្ជាក់ថា ឱកាសការងារជាង ៥ពាន់កន្លែង ដែលបានផ្ដល់ជូនក្នុងវេទិកានេះ មានការចូលរួមពីរោងចក្រ និងសហគ្រាសចំនួន ៧ រួមមាន រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា) ហ្គាមេន ខូអិលធីឌី, រោងចក្រ អខេធី (ខេមបូឌា), រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត, ក្រុមហ៊ុន ថាកូ អាហ្គ្រី ព្រមទាំងក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មទៅក្រៅប្រទេសចំនួន ២ គឺ ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន មីណាមី (ខេមបូឌា) អ៊ិនធើណេសិនសល សឺវីស ឯ.ក ដែលបាននាំយកឱកាសការងារនៅប្រទេសជប៉ុន មកផ្សព្វផ្សាយ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ផងដែរ ៕ អត្ថបទសហការ




ចែករំលែកព័តមាននេះ