ខេត្តព្រៃវែង ៖ មេជ្រូក១ក្បាលរបស់កសិករនៅភូមិក្បាលដំរី ឃុំរោងដំរី ស្រុកបាភ្នំ ដែលទើបតែកើតកូនដំបូងកាលពីថ្ងៃទី៤ សីហា បានកូនចំនួន១០ ក្បាល តែអ្វីដែលចម្លែកនោះគឺកូនជ្រូកឈ្មោល១ក្បាល កើតមកចម្លែកជាងគេ គឺមានក្បាល២ ភ្នែកធម្មតា២ និងភ្នែកចំកណ្តាលថ្ងាស១ ។
ស្ត្រីម្ចាស់ជ្រូកឈ្មោះជា ដារឹម អាយុ៤២ឆ្នាំឱ្យដឹងថា គាត់ចិញ្ចឹមមេជ្រូកនេះគឺជាកូនលើកទី១ហើយ តែគាត់ចម្លែកថា ក្នុងចំណោមកូន ជ្រូក១០ក្បាល មានកូន១ក្បាលឈ្មោលជាកូនទី៨កើតមកចម្លែកមានក្បាល២ភ្នែក៣ ប៉ុន្តែកូនជ្រូកនេះកើតមកបានតែ១យប់១ថ្ងៃ ក៏ងាប់ទៅវិញ ហើយអ្នកភូមិអ្នកស្រុកផ្អើលនាំគ្នាមកមើលកូនជ្រូកចម្លែកនេះ ។ ចំណែកបុរសជាប្តីនិយាយថា កាលពីមេជ្រូកផើម គាត់យល់សប្តិឃើញមានដំរី១ក្បាលដើរមករកគាត់ ជាមួយនឹងមេជ្រូកព្រៃ១ក្បាល ។ ពេលនោះគាត់ភ័យយ៉ាងខ្លាំង ព្រោះនឹកស្មានថា ដំរីដេញព្រេច តែពេលដំរីនិងមេជ្រូកដើរមកដល់ជិត ក៏ស្រាប់តែបាត់រូបសូន្យទៅ ។
បុរសជាប្តីនិយាយទៀតថា លុះព្រឹកឡើងគាត់និយាយរឿងយល់សប្តិប្រាប់ប្រពន្ធឱ្យទៅចាក់លេខឆ្នោតវៀតណាម ក្រែងត្រូវបានលុយចាយ តែដល់មេជ្រូកកើតមកបែរជាមានកូនក្បាល២ ភ្នែក៣ បែបនេះទៅវិញ គាត់ក៏ហួសចិត្តដែរ ៕
ចែករំលែកព័តមាននេះ