រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ដែលម្ចាស់ជាជាងប៉ះកង់រថយន្ត ទុកនៅក្នុងបន្ទប់ជួល អត់ដកសោចេញ លុះពេលលួចបានសម្រេច ក៏នាំគ្នាជិះយកទៅផ្ញើនៅជិតផ្សារស្ទឹងមានជ័យ។ បន្ទាប់មក បានដើររកម៉ូយឲ្យទៅទិញម៉ូតូនោះ ដោយប្រកាសលក់ត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ ហើយម៉ូតូនោះ ម្ចាស់ទិញបង់រំលស់ និងមានភ្ជាប់ប្រព័ន្ធ GPS ផងដែរ។ លុះពេលដឹងថា ចោរលួចបាត់ ម្ចាស់ក៏បានទៅឲ្យហាងលក់ម៉ូតូ ដែលជាកន្លែងគាត់បង់រំលស់ជួយឆែកមើលតាមប្រព័ន្ធតាមដាន GPS នោះ ទើបរកឃើញ រួចសហការជាមួយនគរបាល ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឯម្នាក់ទៀតគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង០៩និង២០នាទីព្រឹក នៅចំណុចផ្ទះល្វែងលេខ១២ ស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យ ដែលត្រូវនគរបាល និងម្ចាស់ម៉ូតូឃាត់ខ្លួននោះឈ្មោះ ម៉ៅ គឹមឡុង អាយុ៣៣ឆ្នាំ មុខរបរ និងការស្នាក់នៅមិនពិតប្រាកដ នោះទេ ចំណែកបក្ខពួកម្នាក់ទៀត ដែលរត់គេចខ្លួនរួចមិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ ។ ខណៈនោះ នគរបាលដកហូតម៉ូតូបានមកវិញ ហើយបានប្រគល់ជូនបុរសជាជាងប៉ះកង់រថយន្តនោះវិញហើយ ព្រមទាំងដកហូតទូរសព្ទម៉ាកសាំស៊ុង ០១គ្រឿង ដែលជារបស់ជនសង្ស័យផងដែរ ។
ដោយឡែកបុរសម្ចាស់ម៉ូតូរូបនោះ ឈ្មោះ ញឹម វិច្ឆិកា អាយុ៣៦ឆ្នាំ មុខរបរជាងប៉ះកង់រថយន្ត ស្នាក់នៅបន្ទប់ជួលគ្មានលេខ ស្ថិតនៅក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
នគរបាលបានប្រាប់ថា នៅមុនពេលកើតហេតុ ជាងប៉ះកង់រថយន្តខាងលើ បានជិះម៉ូតូរបស់ខ្លួន ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ផលិតឆ្នាំ២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1LL-2013 ត្រលប់មកពីទិញសម្ភារប៉ះកង់រថយន្ត។ លុះពេលដល់បន្ទប់ជួល ក៏បានទុកម៉ូតូនៅក្នុងបន្ទប់ ដោយមិនបាដកសោចេញពីម៉ូតូនោះទេ រួចគាត់ក៏បានដើរទៅប៉ះកង់រថយន្តឲ្យគេនៅផ្ទះមួយទៀត ស្ថិតនៅជាប់គ្នានោះដែរ ។
នគរបាលបានប្រាប់ទៀតថា បន្ទាប់ពីប៉ះកង់រថយន្តឲ្យភ្ញៀវរួចបុរសនោះ ក៏ដើរទៅមើលម៉ូតូ ស្រាប់តែចោរលួចបាត់ ពេលនោះគាត់បានទៅហាងលក់ម៉ូតូយីហោ«មួយគា» ដែលគាត់បានទិញម៉ូតូបង់រំលស់ ដើម្បីឲ្យជួយឆែកមើលប្រព័ន្ធតាមដានសុវត្ថិភាព GPS ដែលបំពាក់នៅលើម៉ូតូរបស់គាត់។ ខណៈនោះ ក្រុមការងារហាងលក់ម៉ូតូខាងលើនោះបានប្រាប់ថា បានឃើញម៉ូតូនៅម្ដុំសង្កាត់ស្ទឹងមានជ័យទី១ ហើយម្ចាស់ម៉ូតូ និងបងប្រុសរបស់គាត់ម្នាក់ទៀត ក៏បានជិះម៉ូតូទៅមើលតាមការចង្អុលបង្ហាញពីប្រព័ន្ធតាមដានសុវត្ថិភាព GPS ខាងលើ ។
នគរបាលបានបញ្ជាក់ប្រាប់បន្តថា លុះពេលទៅដល់ចំណតផ្ញើរម៉ូតូនៅជិតផ្សារស្ទឹងមានជ័យ ក៏ប្រទះឃើញម៉ូតូរបស់ខ្លួននៅទីនោះមែន ទើបជាងប៉ះកង់រថយន្តរូបនោះ និងបងប្រុសគាត់សុំការសហការពីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះមិនឃើញជនសង្ស័យស្ថិតនៅទីនោះទេ បន្ទាប់មកទៀតទាំងម្ចាស់ម៉ូតូ និងនគរបាលមិនទាន់យកម៉ូតូចេញភ្លាមឡើយ។ អ្នកទាំងអស់គ្នាបានឃ្លាំចាំមើលរហូតដល់ឃើញជនសង្ស័យទៅយកម៉ូតូ ក៏ឃាត់ខ្លួនបានម្នាក់ រួចនាំទៅសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ចំណែកម្នាក់ទៀតគេចបាត់ ។
ក្រោយនគរបាលសាកសួរជនសង្ស័យបានសារភាពថា ខ្លួន និងបក្ខពួកពិតជាបានលួចយកម៉ូតូ ១គ្រឿងនោះមែន ដោយក្រោយពេលលួចបានសម្រេច ខ្លួនបានជិះយកទៅផ្ញើរនៅជិតផ្សារស្ទឹងមានជ័យ ។ បន្ទាប់មកចេញដើររកម៉ូយដើម្បីលក់ម៉ូតូនោះក្នុងតម្លៃ៣០០ដុល្លារ លុះរកបានហើយមិនទាន់បានលក់ផង ក៏ត្រូវនគរបាលនិងម្ចាស់ម៉ូតូឃាត់ខ្លួនបានបែបនេះតែម្ដង ៕



ចែករំលែកព័តមាននេះ