រាជធានីភ្នំពេញ ៖ បុរសម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិត ហើយត្រូវបានគេប្រទះឃើញនាំគ្នាជួយរាវរកឃើញភ្លាមៗ ខណៈពេលជិះម៉ូតូទៅរាយមង នៅច្រាំងទន្លេមេគង្គ ហើយរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ផុតដៃផុតជើង ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅទន្លេមេគង្គ ក្រោយវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ ជា សុវណ្ណៈ អាយុ៤៦ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ និងមានស្រុកកំណើតនៅខេត្តសៀមរាប បានជិះម៉ូតូម៉ាកស៊ុយហ្សឺគីឡេត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ១CW-៣៩៤៨ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានជិះម៉ូតូមួយគ្រឿងខាងលើ មករាយមង នៅទន្លេមេគង្គកន្លែងកើតខេត្តខាងលើ ខណៈនោះស្រាប់តែលង់ទឹក។ នៅក្នុងហេតុការណ៍នោះដែល មានប្រជាពលរដ្ឋនៅក្បែរនោះ បានឃើញហើយនាំគ្នាទៅជួយសង្គ្រោះ និងជួយរាវរកឃើញ តែបុរសរូបនោះ បានដាច់ដង្ហើមបាត់ទៅហើយ ។
តាមព័ត៌មានបានឲ្យដឹងទៀតថា កន្លងមកបុរសរូបនោះ តែងតែជិះម៉ូតូទៅរកត្រី នៅកន្លែងកើតហេតុ មិននឹកស្មានថា គាត់បានរអិលជើងធ្លាក់ទឹកជ្រៅ លង់ទឹកស្លាប់បែបនេះ ៕





ចែករំលែកព័តមាននេះ