ទីក្រុងហាណូយ៖ រដ្ឋាភិបាលវៀតណាមទើបតែបានចេញក្រឹត្យថ្មីមួយដោយដាក់ចេញនូវវិធានការក្តៅ ក្នុងការផាកពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងររហូតដល់ប្រហែល ១.៥២០ ដុល្លារអាម៉េរិកចំពោះរាល់ការផ្សាយ ឬរាយការណ៍ព័ត៌មានព្យាករណ៍អាកាសធាតុ និងការព្រមានគ្រោះធម្មជាតិដែលមិនត្រឹមត្រូវ មិនច្បាស់លាស់ ឬបំភ្លៃការពិត ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tuoi Tre។
យោងតាមក្រឹត្យថ្មីនេះ កម្រិតនៃការផាកពិន័យត្រូវបានបែងចែកទៅតាមទម្រង់នៃកំហុសឆ្គង រួមមាន៖ ការផ្សាយព័ត៌មានអាកាសធាតុដោយមិនបញ្ជាក់ប្រភពច្បាស់លាស់ ត្រូវពិន័យចន្លោះពី ១១៤ ទៅ ៣៨០ ដុល្លារ, ការកាត់កង់ ឬលុបចោលផ្នែកណាមួយនៃព្រឹត្តិបត្រព័ត៌មានផ្លូវការ ត្រូវពិន័យពី ៣៨០ ទៅ ៧៦០ ដុល្លារ និងការផ្សាយព័ត៌មានយឺតយ៉ាវជាងម៉ោងកំណត់ ត្រូវពិន័យពី ៧៦០ ទៅ ១.១៤០ ដុល្លារ។
ដោយឡែក ស្ថានីយផ្សព្វផ្សាយ ឬបុគ្គលណាដែលប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដូចជាការមិនព្រមផ្សាយការព្រមានគ្រោះថ្នាក់ផ្លូវការ ការក្លែងបន្លំប្រភពព័ត៌មាន ឬការចេតនាផ្សាយព័ត៌មានព្យាករណ៍អាកាសធាតុមិនត្រឹមត្រូវ និងខុសពីការពិតទាំងស្រុង នឹងត្រូវប្រឈមមុខនឹងកម្រិតពិន័យខ្ពស់បំផុត គឺចាប់ពី ១.១៤០ ដល់ ១.៥២០ ដុល្លារអាម៉េរិក ដើម្បីពង្រឹងទំនួលខុសត្រូវ និងការពារការភ័យស្លន់ស្លោរបស់សាធារណជន៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ