ទីក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញមុខព្រមានយ៉ាងធ្ងន់ៗ និងបានចោទប្រកាន់ចំៗថា ប្រទេសអ៊ីរ៉ង់បានរំលោភបំពានយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងឈប់បាញ់ដែលទើបតែចុះហត្ថលេខាថ្មីៗនេះ តាមរយៈការបង្ហោះដ្រូនអត្តឃាតយ៉ាងហោចណាស់ចំនួន ៤ គ្រឿង ក្នុងគោលដៅវាយប្រហារលើកប៉ាល់ដឹកទំនិញពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។
លោក ត្រាំ បានទម្លាយនៅលើបណ្តាញសង្គម Truth Social ថា ក្នុងចំណោមដ្រូនទាំងនោះ មានមួយគ្រឿងបានបុកចំកម្រាលខាងលើនៃកប៉ាល់ដឹកទំនិញខ្នាតធំ និងមានតម្លៃថ្លៃមួយគ្រឿង បង្កឱ្យមានការខូចខាត ខណៈដែលកងកម្លាំងយោធាអាម៉េរិកបានបើកប្រតិបត្តិការឆ្លើយតបភ្លាមៗដោយបាញ់ទម្លាក់ដ្រូនរបស់អ៊ីរ៉ង់បានចំនួន ៣ គ្រឿងផ្សេងទៀត។
ទោះបីជាប្រធានាធិបតីអាម៉េរិករូបនេះមិនបានបញ្ជាក់ពីឈ្មោះកប៉ាល់ ឬពេលវេលាជាក់លាក់នៃវាយប្រហារក៏ដោយ ប៉ុន្តែកងទ័ពជើងទឹកចក្រភពអង់គ្លេសបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា មានកប៉ាល់មួយគ្រឿងពិតជាត្រូវបានវាយប្រហារដោយគ្រាប់រំសេវនៅឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ ដោយកប៉ាល់រងគ្រោះនៅតែអាចបន្តដំណើរទៅមុខទៀតបាន។
ជុំវិញព្រឹត្តិការណ៍ដ៏តានតឹងនេះ អង្គការសមុទ្រអន្តរជាតិ ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ បានប្រកាសផ្អាករាល់កិច្ចខិតខំប្រឹងប្រែងក្នុងការជម្លៀសកប៉ាល់ដែលជាប់គាំងនៅក្នុងផ្លូវទឹកថាមពលដ៏សំខាន់របស់ពិភពលោកមួយនេះជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាពពីការគំរាមកំហែងនេះ៕
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ