ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​បាភ្នំ ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ផ្តល់​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ

2 ថ្ងៃ មុន

ខេត្តព្រៃវែង ៖ ដើម្បី​លើកកម្ពស់​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​បង្កើន​ភាព​កក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​និង​កំពុង​បន្ត​ជម្រុញ ក៏​ដូច​ជា​ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ «​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​» យ៉ាង​សកម្ម និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ។

លោក មុំ សា​រុំ អធិការ​នគរបាល​ស្រុក​បាភ្នំ បាន​លើក​ឡើង​ថា អធិការដ្ឋាន​នគរបាល​ស្រុក​បាភ្នំ បាន​ផ្តោត​សំខាន់​លើ​ការ​លុប​បំបាត់​ល្បែងស៊ីសង​ខុសច្បាប់ បញ្ហា​គ្រឿងញៀន និង​ការ​កាត់​បន្ថយ​បទល្មើស​ព្រហ្មទណ្ឌ​នានា ដូច​ជា ចោរកម្ម លួច ឆក់ ប្លន់ ជាដើម ​។

លោក​អធិការ​បាន​បន្ត​ថា តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ឃើញ​ថា ចំនួន​នៃ​បទល្មើស បាន​ថយ​ចុះ​ច្រើន​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ ទាំង​បទល្មើស​ព្រហ្មទណ្ឌ បញ្ហា​គ្រឿងញៀន និង​បញ្ហា​ក្មេង​ទំនើង​ ។

ទោះជា​យ៉ាងនេះ​ក្តី លោក​អធិការ​នគរបាល​ស្រុក​បាភ្នំ នៅ​តែ​ខិតខំ​ពង្រឹងកម្លាំង​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល ដោយ​ចុះ​ល្បាត​ទាំងថ្ងៃទាំងយប់ និង​ជា​ប្រចាំ នៅ​តាម​ចំណុច​ប្រឈម និង​ភូមិសាស្ត្រ​ស្មុគស្មាញ​នានា ដើម្បី​ការពារ និង​រក្សាសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។

ជាមួយ​គ្នា​នោះ ក៏​បាន​ធ្វើការ​ណែនាំ និង​អប់រំ​ប្រជាពលរដ្ឋ​ក្នុងស្រុក​បាភ្នំ ឲ្យ​យល់​ដឹង​ពី​ច្បាប់ និង​ចូលរួម​បង្ការ ទប់ស្កាត់​បទល្មើស នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ផង​ដែរ​ ៕