រាជធានីភ្នំពេញ ៖ បុរសម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានវិបត្តិផ្លូវចិត្ត បានជិះម៉ូតូទៅលោតទឹកពីលើស្ពានជ្រោយចង្វារ ហើយលិចបាត់ រកសពពុំទាន់ឃើញនៅឡើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅលើស្ពានជ្រោយចង្វារ ផ្នែកខាងលិច ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
បុរសរូបនោះ គេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ អាយុប្រមាណ៤៥ឆ្នាំ ជិះម៉ូតូម៉ាក Scoopy ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ១LN ៧២០៦ ។
តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរូបនោះបានជិះម៉ូតូម៉ាកស្គុបពី មួយគ្រឿង ធ្វើដំណើរឡើងស្ពានជ្រោយចង្វារ ក្នុងទិសដៅពីរលិចទៅកើត។ នៅពេលធ្វើដំណើរឡើងបានបន្តិច ក៏បានឈប់ម៉ូតូ ហើយលោតពីលើស្ពានជ្រោយចង្វារបន្សល់ទុកម៉ូតូមួយគ្រឿង និងស្បែកជើង។ បន្ទាប់ពីលោតសម្លាប់ខ្លួន គេឃើញបុរសរូបនោះ បានលិចបាត់។ នៅក្នុងហេតុការណ៍នោះដែរ ជនជាតិអ៊ីស្លាម បានចេញទូកប្រុងជួយសង្គ្រោះ តែពុំអាចជួយបាន ។
តាមព័ត៌មាន បានឲ្យដឹងទៀតថា បន្ទាប់ពីលោតទឹកសម្លាប់ខ្លួនបានប៉ុន្មាននាទីប៉ុណ្ណោះ ភ្លាមៗគេឃើញស្ត្រីជាប្រពន្ធ បានធ្វើដំណើរទៅដល់កន្លែងកើតហេតុ ខណៈពេល ដែលនៅលើស្ពានកំពុងតែមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។
ស្ត្រីជាប្រពន្ធបានឲ្យដឹងថា គាត់ពុំមានទំនាស់គ្នាជាមួយប្ដីឡើយ។ មូលហេតុ ដែលធ្វើឲ្យប្ដីគិតខ្លី ដោយសារគាត់មានជំងឺផ្លូវចិត្ត ។
ស្ត្រីជាប្រពន្ធបានឱ្យដឹងទៀតថា នៅមុនពេលប្ដីជិះម៉ូតូមកលោតទឹក គាត់បានទទួលដំណឹងហើយ គាត់ធ្វើដំណើរមកតាម តែប្ដីបានលោតបាត់ទៅហើយ។ បន្ទាប់ពីភ្ញាក់ផ្អើល សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះទៅកន្លែងកើតហេតុ រួចនាំស្ត្រីជាប្រពន្ធទៅសាកសួរផងដែរ ៕









ចែករំលែកព័តមាននេះ