រាជធានីភ្នំពេញ ៖ ថ្លែងនៅក្នុងសម័យ ប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកសាងសន្តិភាព ដើម្បីអបអរសាទរខួបលើកទី២០ តំណាងកម្ពុជា នៅUN បានបញ្ជាក់ថា នយោបាយឈ្នះ-ឈ្នះ នាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ថ្លែងនៅក្នុងសម័យប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការកសាងសន្តិភាព ដើម្បីអបអរសាទរខួបលើកទី២០ នៃការពិនិត្យឡើងវិញ នូវនិម្មាបនកម្មកសាងសន្តិភាព អង្គការសហប្រជាជាតិ (អ.ស.ប.) ឯកឧត្តម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានសង្កត់ធ្ងន់លើនយោបាយឈ្នះ-ឈ្នះ ដែលនាំឱ្យកម្ពុជាសម្រេចបានការផ្សះផ្សាជាតិ ការរំសាយអាវុធ និងការធ្វើសមាហរណកម្មឡើងវិញ ដោយបញ្ចប់ជម្លោះរាប់ទសវត្សរ៍ ហើយសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។
ឯកឧត្តម ក៏បានបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូដ៏រឹងមាំរវាងរដ្ឋាភិបាល អ.ស.ប. ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងសហគមន៍មូលដ្ឋាន ដែលបានរួមចំណែកដល់សមិទ្ធផល ដែលកម្ពុជាសម្រេចបានសព្វថ្ងៃ ។
ទន្ទឹមនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា បញ្ហាប្រឈមក្នុងការកសាងសន្តិភាពកាន់តែមានភាពស្មុគស្មាញ រួមមាន ជម្លោះប្រដាប់អាវុធ ការប្រែប្រួលអាកាសធាតុ វិបត្តិសេដ្ឋកិច្ច និងការកើនឡើងនៃបច្ចេកវិទ្យា ដែលទាមទារឱ្យមានភាពជាដៃគូប្រកបដោយបរិយាបន្ន ស្របគ្នាជាមួយនឹងអាទិភាពជាតិ ៕



ចែករំលែកព័តមាននេះ