រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៦ មិថុនា ២០២៦នេះ បានប្រកាសរកឃើញផលិតផលគ្រឿងសម្អាងចំនួន ៥មុខ មានផ្ទុកសារធាតុគីមី បារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋនស្ដង់ដា ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ដើម្បីពង្រឹងគុណភាពផលិតផលគ្រឿងសម្អាង ដែលកំពុងចរាចរនៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង បានទិញសំណាកគ្រឿងសម្អាងមួយចំនួនពីតាម បណ្តាទីផ្សារ បញ្ជូនទៅវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ ក្នុងចំណោមផលិតផល គ្រឿងសម្អាង ដែលបានបញ្ជូនទៅវិភាគគុណភាព បានរកឃើញថាផលិតផលគ្រឿងសម្អាងចំនួន ០៤ មានផ្ទុក សារធាតុគីមីបារត (Mercury) និងចំនួន ០១ មានផ្ទុកសារធាតុគីមីបារត (Mercury) និងសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដា ។
សារធាតុគីមី បារត (Mercury) លើសកម្រិតបទដ្ឋានស្តង់ដាបង្កផលប៉ះពាល់ដល់សុខភាព ដូចជាខ្សោយ តម្រងនោម មហារីកស្បែក និងប៉ះពាល់ប្រព័ន្ធប្រសាទ ចំណែកឯសារធាតុគីមី អាស៊ីត សាលីស៊ីលិច (Salicylic Acid) លើសកម្រិតបទដ្ឋានស្តង់ដាអាចបណ្តាលឱ្យខូចខាតរបាំងការពារស្បែក ស្បែកស្ងួតធ្ងន់ធ្ងរ របកស្បែក និងរលាកស្បែកជាដើម ។
ក្រសួងសុខាភិបាល សូមបញ្ជាក់ថា ផលិតផលគ្រឿងសម្អាងទាំង ៥មុខខាងលើ ពុំមានលេខប្រវេទន៍ពី ក្រសួងសុខាភិបាលនោះឡើយ។
ក្រសួងសុខាភិបាល សូមជម្រាបជូនផងដែរថា ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាព របស់ឱសថ ឬគ្រឿងសម្អាង ដែលកំពុងចរាចរនៅលើទីផ្សារ ក្រសួងសុខាភិបាល តែងតែទិញឱសថ ផលិតផល បំប៉នសុខភាព ឱសថបុរាណ និងគ្រឿងសម្អាងពីទីផ្សារជាប្រចាំ ដើម្បីធ្វើការត្រួតពិនិត្យគុណភាពឡើងវិញ ដោយផ្អែកលើកត្តាហានិភ័យ ទោះបីជាផលិតផលទាំងនោះ មានលេខបញ្ចិកា ឬប្រវេទន៍ ឬគ្មានលេខបញ្ញិកា ឬ ប្រវេទន៍ក៏ដោយ ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ ទទួលស្គាល់ពីក្រសួងសុខាភិបាល។ ដូច្នេះ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមប្រជាពលរដ្ឋ មេត្តាពិនិត្យមើលលតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រប្រវេទន៍ត្រឹមត្រូវ មានគំរូដូច បានភ្ជាប់ជូនមកជាមួយ ។
ដើម្បីចៀសវាងការប្រើប្រាស់គ្រឿងសម្អាង ដែលគ្មានគុណភាពតាមបទដ្ឋានស្តង់ដា ក្រសួងសុខាភិបាល សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអាជីវករ សូមមេត្តាប្រើប្រាស់ផលិតផលគ្រឿងសម្អាង ដែលមានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាល សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ អាជីវករ នឹងចូលរួម សហការអនុវត្តតាមសេចក្តីជូន ដំណឹងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕





ចែករំលែកព័តមាននេះ