រាជធានីភ្នំពេញ ៖ ជារៀងរាល់ព្រឹកប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការដែលធ្វើដំណើរឆ្លងកាត់វត្តស្រះចក ផ្លូវលេខ៦១ ច្រកចូលតំបន់បឹងកក់ ផ្លូវលេខ៨៦ និងមុខស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក បានធ្វើការរិះគន់ដល់អាជ្ញាធរសង្កាត់ និងសាលាខណ្ឌដូនពេញ ជាពិសេសនគរបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ដែលមើលរំលងការកកស្ទះចរាចរណ៍ និងការរត់ដណ្តើមភ្ញៀវពីព្រូរថយន្តតាក់ស៊ីយ៉ាងអនាធិបតេយ្យ។
មន្ត្រីរាជការមួយរូបបម្រើការងារនៅសាលារាជធានីភ្នំពេញដែលមានផ្ទះក្បែរវត្តស្រះចក បាននិយាយថា រថយន្តតាក់ស៊ីដែលមកពីតាមបណ្តាខេត្តនានា ហើយនាំគ្នាយកផ្លូវសាធារណៈធ្វើជាចំណតនៅលើផ្លូវលេខ៦១ កែងផ្លូវលេខ៨៦ មុខវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បានបង្កភាពអនាធិបតេយ្យរត់ដណ្តើមភ្ញៀវយកសម្ភាររបស់ភ្ញៀវទៅដាក់ក្នុងរថយន្តនេះ រថយន្តនោះបង្កឱ្យបាត់បង់ទ្រព្យសម្បត្តិ និងកកស្ទះចរាចរណ៍រាល់ថ្ងៃ។
ការចតអនាធិបតេយ្យនេះមានរយៈពេលជាច្រើនឆ្នាំមកហើយ ហើយបើទោះបីប្រជាពលរដ្ឋ និងមន្ត្រីរាជការធ្វើការរិះគន់ដល់សាលាសង្កាត់ស្រះចក និងសាលាខណ្ឌដូនពេញកន្លងមកក៏ដោយ ក៏គ្មានការកែប្រែដែរ ហាក់ដូចជាងាប់ត្រគាកស្តូកតែម្តង ។ ផ្ទុយទៅវិញ បានជាកើតមានចំណតបែបនេះ ព្រោះជារៀងរាល់ព្រឹកគេឃើញមាននគរបាលការិយាល័យសណ្តាប់ធ្នាប់រាជធានីមកឈរយកលុយរថយន្តតាក់ស៊ីទាំងនោះ ហើយចំណតរថយន្តខាងលើដែលអាចចតបានជាប្រចាំនេះគឺជាឆ្នាំងបាយរបស់អាជ្ញាធរដែនដី ទើបគេមិនអើពើលុបបំបាត់បញ្ហានេះសុំឱ្យលោកអភិបាលរាជធានីភ្នំពេញមេត្តាជួយមើលផង ។
បុរសម្នាក់ជាម្ចាស់រថយន្តតាក់ស៊ីដែលចតចាំភ្ញៀវនៅមុខវត្តស្រះចកបាននិយាយថា មិនមែនជាការងាយស្រួលនោះទេ ដែលគាត់យករថយន្ត មកចតនៅចំណតខាងលើដើម្បីរកភ្ញៀវគឺត្រូវចំណាយបង់ប្រាក់ដល់សណ្តាប់ធ្នាប់សង្កាត់ខណ្ឌនិងនគបាលសណ្តាប់ធ្នាប់រាជធានីភ្នំពេញ ជាពិសេសអ្នកម៉ៅការចំណតដែលស្លៀកពាក់ខោអាវដូចអង្គរក្សឈរចាំយកលុយមិនឱ្យខ្វះមួយរៀលនោះឡើយ។ មានពេលខ្លះត្រូវបានឈ្លោះ ប្រកែកជាមួយអ្នកចាំយកលុយនៅទីនោះ ព្រោះ ពេលចេញពីចំណតសូម្បីតែមានភ្ញៀវម្នាក់ក៏ពួក គេបង្ខំឱ្យបង់លុយដែរដោយគំរាមថា នេះជា ផែនការរបស់សាលាខណ្ឌដូនពេញឱ្យអនុវត្តបែបហ្នឹងបើមិនសុខចិត្តទេទៅចតកន្លែងផ្សេងចុះ ចំណែកខាងអាជ្ញាធរ កោះសន្តិភាពនឹងទាក់ទងនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ