ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ តាំងខ្លួនជានគរបាល ដើរកំហែ.ងយកប្រាក់ពីជនជាតិចិននៅព្រំដែនកម្ពុជា-ថៃ
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យម្នាក់នេះ គឺធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៦ ដោយបានបង្ក្រាបជាក់ស្ដែង ឃាត់ខ្លួនសង្ស័យនៅចំណុចរោងចក្រក្រឡុកស៊ីម៉ង់តិ៍ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្តប៉ៃលិន ពាក់ព័ន្ធទៅនឹងករណីកំហែងយកប្រាក់ ពីជនជាតិចិន។
ក្រោយពីឃាត់ខ្លួនរួច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកំហែងយកប្រាក់ពីជនជាតិចិនពិតប្រាកដមែន។
១/ ឈ្មោះ វុត ឡុងហាវ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី បច្ចុប្បន្នរស់នៅភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន)។
២/ ឈ្មោះ តុលា ហៅចាន់ថន ភេទ ប្រុស អាយុប្រហែល៣៣ឆ្នាំ មុខរបរ រត់តាក់ស៊ី (គេចខ្លួន)។
៣/ ឈ្មោះ ជុក ភេទប្រុស អាយុប្រហែល២៧ឆ្នាំ មុខរបរ រត់តាក់ស៊ី (គេចខ្លួន)។
វត្ថុតាងដកហូតបានមានដូចជា ៖
– រថយន្ដម៉ាក ព្រួស ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០១០ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-5634 ។
ខ្សែក.ចំនួន០១ខ្សែ និងបន្តោងយុតផ្កាចំនួន០១។ ចិញ្ជៀនចំនួន ០១វង់។ លុយចំនួន ៦០០ដុល្លារ ។ ទូរស័ព្ទដៃម៉ាក IPHONE ចំនួន០២គ្រឿង។ កាតនគរបាល ចំនួន០១ ។ ប័ណ្ណ បបស ចំនួន០១។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានជនសង្ស័យមួយក្រុមបានកំហែងយកប្រាក់ពីជនជាតិចិនចំនួន២០០០ដុល្លារ។ ក្រោយពីទទួលបានដំណឹងនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ ធ្វើការបង្ក្រាបជាក់ស្ដែងឃាត់ខ្លួនបានជនសង្ស័យបានចំនួន ០១នាក់ យកមកសួរនាំនៅអធិការដ្ឋាននគរ បាលស្រុកសាលាក្រៅ ។
ក្រោយពីសួរនាំរួចជនសង្ស័យ បានសារភាពថា រូបគេបានធ្វើសកម្មភាពគម្រាមយកលុយពីជនជាតិចិនផ្សេងៗ បានចំនួន ០៣លើក ក្នុងនោះបានសម្រេចចំនួន០២លើក ៖
លើកទី១ មិនចាំថ្ងៃខែ នៅចំណុចហាងការហ្វេ ៦៦៦ ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជនសង្ស័យបានថតវីដេអូរជនជាតិចិន ដែលប្រមូលផ្ដុំគ្នានបំរុងរត់គេចខ្លួនពេលនោះជនជាតិចិនបានឃើញក៏បានហុចលុយចំនួន ១,៥០០$ ដើម្បីអោយលុបវីដេអូចោល លុយនោះគេបានចែកគ្នាចំនួនបីនាក់ ក្នុងម្នាក់បានចំនួន ៥០០ដុល្លារ ដោយឈ្មោះ តុលា បានចំនួន៥០០ដុល្លារ និងឈ្មោះ ជុក បានចំនួន ៥០០ដុល្លារ និងរូបជនសង្ស័យបានចំនួន ៥០០ដុល្លារ។
លើកទី២ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចផ្លូវឡើងទៅហ្សីសា ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានគម្រាមជនជាតិចិនផ្សេងទៀត បានចំនួនលុយ៥០០ដុល្លារ ចែកគ្នាពីរនាក់ ជនសង្ស័យបានលុយចំនួន៣០០ដុល្លារ និងឈ្មោះ តុលា ហៅចាន់ថន បានប្រាក់ ចំនួន ២០០ដុល្លារ ។
និងលើកទី៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចមុខរោងចក្រក្រឡុកស៊ីម៉ង់ត៌ិ៍ ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានគម្រាមជនជាតិចិនផ្សេងទៀត យកទឹកប្រាក់ចំនួន ២.០០០ដុល្លារ តែជនជាតិចិននោះមិនមានប្រាក់ ហើយជនជាតិចិនបានខលទៅអ្នកបកប្រែ ឲ្យជនសង្ស័យនិយាយទូស័ព្ទជាមួយអ្នកបកប្រែ រួចអ្នកបកប្រែបាននិយាយថា និងបាញ់លុយអោយចំនួន ១០០ដុល្លារ។ តែមិនទាន់បានបាញ់លុយអោយទេ ដោយពេលនោះរូបគេក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលរៀបចំសំនុំរឿង ដើម្បីបញ្ជូនទៅតុលាការខេត្ត៕





ចែករំលែកព័តមាននេះ